រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅមុននេះបន្តិច បានចេញបញ្ជាបន្ទាន់ ឲ្យមន្ត្រីក្រសួងកសិកម្ម និងអ្នកទទួលខុសត្រូវ ដែលបានចាប់យកសត្វចេញពីផ្ទះរបស់ក្រុមគ្រួសារមួយនៅខេត្តកំពង់ឆ្នាំង ដែលចិញ្ចឹមសត្វនេះ ត្រូវយកទៅជូនដល់ផ្ទះវិញ ជាបន្ទាន់! ។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានចេញ មកក្រោយពីមានការផ្ទុះប្រតិកម្ម ដែលថ្មីៗនេះ មានមន្ត្រីសត្វព្រៃបានចាប់សត្វក្ងោកជាច្រើនក្បាល ពីផ្ទះប្រជាពលរដ្ឋ ដោយចោទប្រកាន់ថា ចិញ្ចឹមទុកជួញដូរដោយខុសច្បាប់ ។
តាមរយៈសារសំឡេងរបស់សម្តេចតេជោ បានចេញបទបញ្ជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចបានបញ្ជាក់ថា សារសំឡេងនេះ គឺផ្ញើជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពេលនេះ កំពុងស្ថិតនៅប្រទេសបារាំង ហើយផ្ញើជូនចំពោះឯកឧត្តម រដ្ឋមន្ត្រីស្តីទី ក៏ដូចជាមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលខុសត្រូវខាងសត្វ យ៉ាងដូច្នេះថា ៖ «ក្នុងប៉ុន្មានថ្ងៃនេះ មានការពាក់ព័ន្ធជាមួយនឹងបញ្ហាការចាប់យកនូវសត្វក្ងោក ដែលប្រជាពលរដ្ឋបានចិញ្ចឹម។ ប្រជាពលរដ្ឋបានស្រែករកខ្ញុំ ដើម្បីជួយទៅលើបញ្ហានេះ ខ្ញុំក៏មិនដឹងច្បាស់ថា តើអស់លោកចាប់ គឺដោយមូលហេតុអ្វីនោះទេ ? ប៉ុន្តែរឿងរ៉ាវទាំងឡាយ គឺខ្ញុំទុកមួយឡែក»។
សម្តេចតេជោ បានបន្តថា «តែខ្ញុំសុំចេញបទបញ្ជាបន្ទាន់ សុំឲ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញតែម្តង គឺខ្ញុំមិនយល់ស្របជាមួយនឹងទង្វើបែបនេះ នោះទេ យើងគួរតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យកសត្វដែលប្រជាជនខំចិញ្ចឹម យកមកទុកនៅទីកន្លែងមួយដែលវាមិនយូរប៉ុន្មានទេ សត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំង និងខ្វះការយកចិត្តទុកដាក់»។
សម្តេចតេជោ ក៏បានលាតត្រដាងថា កាលពីមុននេះ ខ្ញុំក៏មានចិញ្ចឹមសត្វក្ងោកច្រើនដែរ ក៏ប៉ុន្តែដោយសារបារម្ភទៅលើបញ្ហាចៅៗរបស់ខ្ញុំ ខ្ញុំក៏បានឱ្យយកសត្វក្ងោកនេះទៅទុកនៅកូនប្រុសខ្ញុំវិញ។ អ៊ីចឹងទេ គ្មានហេតុផលណាមួយ ដែលនឹងត្រូវទៅចាប់យកសត្វក្ងោកដែលប្រជាជនចិញ្ចឹមយកមកទុកនៅកន្លែងចិញ្ចឹមសត្វ ហើយចាត់ទុកថាជាអំពើខុសច្បាប់។
សម្តេចតេជោ បន្ថែមថា ក្នុងករណីដែលច្បាប់មានចែង សម្តេចក៏បានស្នើឲ្យអ្នកច្បាប់ធ្វើការងារបន្ទាន់ ដើម្បីធ្វើវិសោនកម្មច្បាប់ លុបចោលនូវកថាខណ្ឌណា ដែលទាក់ទិននឹងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ។ សម្តេចបញ្ជាក់ថា យើងគួរតែលើកទឹកចិត្ត ឲ្យប្រជាជនចិញ្ចឹម និងបញ្ជាឲ្យបញ្ឈប់នូវទង្វើណា ដែលរារាំងដល់ការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ ។
អ៊ីចឹង ទទួលបានបទបញ្ជានេះហើយ មន្ត្រីពាក់ព័ន្ធ ក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវដឹកជញ្ជួនសត្វនេះទៅដល់ផ្ទះវិញ ឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន គឺធ្វើនៅថ្ងៃទី២៨ នេះតែម្តង។ ទទួលបបានបទបញ្ជានេះ សូមអនុវត្តភ្លាម គឺគ្មានការរង់ចាំ។ នេះជាបទបញ្ជារបស់នាយករដ្ឋមន្ត្រី ដែលមិនអាចនឹងមិនអនុវត្តបានឡើយ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ