ពេល​ឃើញ​ភ្លើង​សញ្ញា​ព្រមាន​លើ​តា​ប្លូ ត្រូវ​ប្រញាប់​យក​រថយន្ដ​ទៅ​ពិនិត្យ


រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​រថយន្ដ​លោក​អ្នក​ចេញ​ភ្លើង​សញ្ញា​ព្រមាន​ណាមួយ​នៅ​លើ​តា​ប្លូ​ជាប់ មាន​ន័យ​ថា រថយន្ដ​នោះ​កំពុង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​សញ្ញា​នោះ​ហើយ ដូច្នេះ​ត្រូវ​ប្រញាប់​យក​វា​ទៅ​ពិនិត្យ​បន្ទាន់ ជៀសវាង​មាន​បញ្ហា​នៅ​ពេល​បើកបរ ។ ចំពោះ​រថយន្ដ​ស៊េរី​ទំនើប ថ្វី​ដ្បិត​មាន​តម្លៃ​ខ្ពស់ តែ​វា​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​គ្រប់យ៉ាង នៅ​ពេល​មាន​បញ្ហា​ត្រង់​កន្លែង​ណាមួយ គឺ​វា​បង្ហាញ​សញ្ញា​នៅ​លើ​តា​ប្លូ​ឲ្យ​ដឹង​ភ្លាម គ្រាន់តែ​សញ្ញា​មួយ​ចំនួន ម្ចាស់​រថយន្ដ​មិនដឹង និង​មិនសូវ​ចាប់អារម្មណ៍​ប៉ុណ្ណោះ ។

អ្នកជំនាញ​ប្រព័ន្ធ​ភ្លើង និង​វិភាគ​រថយន្ដ​ដោយ​កុំព្យូទ័រ ប្រចាំ​ក្រុមហ៊ុន​លក់​រថយន្ដ​មួយ កន្លែង​បាន​ឲ្យ​ដឹង​ថា ភ្លើង​សញ្ញា​ព្រមាន​ដែល​ចេញ​នៅ​លើ​តា​ប្លូ​មួយ​ចំនួន ម្ចាស់​រថយន្ដ​អាច​មើល​យល់​ថា រថយន្ដ​ខ្លួន​មាន​បញ្ហា​ពាក់ព័ន្ធ​ត្រង់នេះ ឬ​ត្រង់នោះ តែ​សញ្ញា​ខ្លះ​ទៀត ប្រហែលជា​មិន​ស្គាល់​ទេ ហើយ​ភ្លើង​សញ្ញា​ទាំងនោះ​មាន​៣ ដែល​សំខាន់​ជាងគេ ។

លោក អេ​ង បូ​រី អ្នកជំនាញ​រូប​នេះ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ សីហា ថា ៖« បើ​វា​ចេញ​សញ្ញា​ណាមួយ​នៅ​លើ​តា​ប្លូ​មិន​បាត់​អីចឹង មាន​ន័យ​ថា រថយន្ដ​ហ្នឹង​មាន​បញ្ហា​ហើយ ត្រូវ​យក​វា​ទៅ​ឲ្យ​ជាង​ពិនិត្យ​បន្ទាន់ ជៀសវាង​មាន​អ្វី​កើតឡើង​ដូច​ជា រលត់​តាម​ផ្លូវ ឬ​អាច​ធ្ងន់ធ្ងរ​ជាង​នេះ ពិសេស​គឺ​សញ្ញា​ព្រមាន​បី​គឺ បញ្ហា​ហ្វ្រាំង​, ម៉ាស៊ីន និង​ពោង​សុវត្ថិ​ភាព»។

លោក​បន្ដ​ថា ៖« ចំពោះ​រថយន្ដ​ចាប់ពី​ស៊េរី​ខ្ពស់​ទៅ យើង​ងាយស្រួល​ពិនិត្យ​ទេ ព្រោះ​វា​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ដោយ​គ្រាន់តែ​ភ្ជាប់​ជាមួយ​កុំព្យូទ័រ វា​នឹង​បង្ហាញ​បញ្ហា​អី​ហើយ និយាយ​រួម សូ​ម្បី​តែ​សម្ពាធ​ខ្យល់​កង់​ស្ទើរ ក៏​វា​បង្ហាញ​សញ្ញា​ដែរ អីចឹង​ម្ចាស់​រថយន្ដ​អាច​ដឹង​បាន​ដោយ​ស្រួល » ។

លោក​បញ្ជាក់​ថា ភ្លើង​សញ្ញា​ព្រមាន​នៅ​តា​ប្លូ​ហ្នឹង​មាន​ច្រើន តែ​ការ​បំពាក់​គឺ​ទៅ​តាម​ស៊េរី ម៉ូ​ដែល និង​ម៉ាក​រថយន្ដ មាន​ន័យ​ថា រថយន្ដ​កាន់តែ​ទំនើប មាន​សញ្ញា​ព្រមាន​សុវត្ថិ​ភាព​កាន់តែ​ច្រើន គ្រាន់តែ​សញ្ញា​មួយ​ចំនួន​ងាយ​យល់ ដូច​ជា មិន​ពាក់​ខ្សែក្រវាត់​, ទ្វារ​បិទ​មិន​ជិត​, អា​គុយ​មាន​បញ្ហា​, ពោង​សុវត្ថិភាព​មាន​បញ្ហា​, ប្រព័ន្ធ​ហ្វ្រាំង​ABS មាន​បញ្ហា​, បរិមាណ​ទឹក​លាង​កញ្ចក់​ជិត​អស់ និង​ភ្លេច​ដោះ​ហ្វ្រាំង​ដៃ ជាដើម ។ ប៉ុន្ដែ​ក៏​មាន​សញ្ញា​ជា​ច្រើន​ទៀត​ដែល​ម្ចាស់​រថយន្ដ​ភាគច្រើន​អាច​មិនដឹង ឬ​មិន​បាន​ឈ្វេង​យល់​ដែរ ដូច​ជា សញ្ញា​ប្រព័ន្ធ​ប្រអប់លេខ​រថយន្ដ​, សញ្ញា​ប្តូរ​ប្រេងម៉ាស៊ីន​, សញ្ញា​សម្ពាធ​ខ្យល់​ក្នុង​សម្បក​កង់​, សញ្ញា​ម៉ាស៊ីនរថយន្ដ​ចុះ​ថយថាមពល​, សញ្ញា​ធុងសាំង​បិទ​មិន​ជិត, សញ្ញា​ប្រព័ន្ធ​គ្រប់គ្រង​កុំព្យូទ័រ​មាន​បញ្ហា​, សញ្ញា​ម៉ាស៊ីន​ឡើង​កម្ដៅ​, សញ្ញា​សម្ពាធ ឬ​កម្រិត​ប្រេងរំអិល​ធ្លាក់​ចុះ​, សញ្ញា​ប្រព័ន្ធ​កាច់​បញ្ឆេះ​ម៉ាស៊ីន​ត្រូវ​គេ​ចាក់សោ និង​សញ្ញា​ខ្វះ​ប្រេង​ហ្វ្រាំង ជាដើម ។

លោក​បាន​សង្កត់ធ្ងន់​ថា ទោះបីជា​សញ្ញា​ណា​ក៏​ដោយ ឲ្យ​តែ​វា​លេច​ចេញ​នៅ​លើ​តា​ប្លូ គឺ​មាន​បញ្ហា​ហើយ គ្រាន់តែ​សញ្ញា​ខ្លះ​សំខាន់ និង​ខ្លះ​មិនសូវ​ចាំបាច់ តែ​ម្ចាស់​រថយន្ដ​ត្រូវ​យក​វា​ទៅ​ត្រួតពិនិត្យ​កាន់តែ​ឆាប់ កាន់តែ​ល្អ ដើម្បី​ជៀសវាង​បញ្ហា​កើតឡើង​ជាយថាហេតុ ។

អ្នក​បើករថយន្ដ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ដែល​មានបទពិសោធន៍​បើកបរ​រយៈពេល​២០​ឆ្នាំ និង​កាន់ចង្កូត​រថយន្ដ​ច្រើន​ម៉ាក ច្រើន​ស៊េរី បាន​ឲ្យ​ដឹង​ថា ភ្លើង​សញ្ញា​ព្រមាន​ទាំងនោះ​មាន​បំពាក់​មិន​ដូច​គ្នា​ទេ វា​អាស្រ័យ​ទៅ​តាម​ស៊េរី ម៉ូ​ដែល និង​ម៉ាក​រថយន្ដ ទោះបីជា​ក្រុមហ៊ុន​តែ​មួយ និង​ឆ្នាំ​ផលិត​ដូច​គ្នា​ក៏​ដោយ ។

លោក មឿ​ន គឹ​ម​ស្រៀ​ន អ្នកបើកបរ​រូប​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ សីហា ថា ៖« បើ​ខ្ញុំ​មិន​ច្រឡំ​ទេ សញ្ញា​ព្រមាន​នេះ គឺ​មាន​បំពាក់​ចាប់ពី​រថយន្ដ​ផលិត​លើ​ឆ្នាំ​៩២​ឡើង​ទៅ និយាយ​រួម​គឺ​ចាប់ពី​រថយន្ដ​ដែល​មាន​ខ្សែ​ដោត​កុំព្យូទ័រ​មក គ្រាន់តែ​មាន​តិច ឬ​ច្រើន​ទៅ​តាម​ស៊េរី​ឆ្នាំ​, ម៉ាក និង​ប្រទេស​ផលិត » ។ លោក​ថា ៖« ការ​បំពាក់​បច្ចេកវិទ្យា​នេះ គឺ​អាច​ជួយ​ម្ចាស់​រថយន្ដ​បាន​ច្រើន​ដើម្បី​ដឹង​ពី​បញ្ហា​នានា និង​ងាយស្រួល​យើង​យក​វា​ទៅ​ត្រួតពិនិត្យ ជៀង​វាង​មាន​បញ្ហា​ណាមួយ​កើតឡើង » ។

លោក​បញ្ជាក់​ថា សញ្ញា​ទាំងនោះ​វា​មិន​ចេះ​តែ​លេច​ចេញ​ទេ លុះត្រាតែ​មាន​បញ្ហា ហើយ​មុន​នឹង​វា​បង្ហាញ​សញ្ញា​នេះ គឺ​វា​ចេញ​ភ្លឹបភ្លែត​ៗ​ម្ដងម្កាល​ដែរ គ្រាន់តែ​ម្ចាស់​រថយន្ដ​មិន​ចាប់អារម្មណ៍ ។ ដូច្នេះ បើ​ឃើញ​សញ្ញា​ព្រមាន​ណាមួយ​វា​ចេញ​លើ​តា​ប្លូ​ជាប់​រហូត​ហើយ ត្រូវ​យក​វា​ទៅ​ឆែក​មើល​ដើម្បី​ជួសជុល ឬ​ផ្លាស់​ប្ដូរ​។

យ៉ាងណា​ក៏​ដោយ ការ​បំពាក់​បច្ចេកវិទ្យា​ក្នុង​រថយន្ដ​កាន់តែ​ទំនើប ជាង​ជួសជុល​ខ្លះ ក៏​ចេះ​មិន​អស់​ដែរ ដែល​ទាមទារ​ឲ្យ​តាមដាន​បញ្ហា​ឲ្យ​ច្បាស់ ជៀសវាង​ជួសជុល ឬ​ប្ដូរ​គ្រឿងបន្លាស់​ខុស​កន្លែង នាំ​ឲ្យ​ម្ចាស់​រថយន្ដ​ខាតបង់​លុយកាក់ ហើយ​រថយន្ដ​នៅ​តែ​មាន​បញ្ហា​ដដែល ។

លោក គឹ​ម​ស្រៀ​ន និយាយ​ថា ៖« ជាង​ខ្លះ​ល្អ គេ​ប្រាប់​ម្ចាស់​ត្រង់​ៗ​តែ​ម្ដង​ថា រថយន្ដ​យើង​មាន​បញ្ហា​ត្រង់នេះ ត្រង់នោះ អាច​ជួសជុល​បាន ឬ​ត្រូវ​ប្ដូរ​ចេញ​ជាដើម រីឯ​តម្លៃ​ថ្លៃថ្នូរ​ក៏​គេ​ប្រាប់​ដែរ ប៉ុន្ដែ​អ្នកខ្លះ​មិន​អីចឹង​ទេ រថយន្ដ​មាន​បញ្ហា​តិចតួច​សោះ បែរជា​ទៅ​ប្ដូរ​គ្រឿង ហើយ​ធានា​រយៈពេល​នេះ រយៈពេល​នោះ ដោយ​គ្រាន់តែ​ទៅ Reset ឬ​ដោះ​ក្បាល​អា​គុយ​ចេញ​ក៏​មាន តែ​ភ្លើង​សញ្ញា​នោះ​នឹង​ចេញ​មក​ដដែល​នៅ​ពេល​ក្រោយ ។ ដូច្នេះ ទាមទារ​ឲ្យ​ម្ចាស់​រថយន្ដ​ត្រូវ​សួរនាំ​ឲ្យ​ច្បាស់​ថា វា​ខូច​អី​ពិតប្រាកដ ជៀស​វាង​ជួសជុល​ខុស​កន្លែង​អស់​លុយ​ឥតប្រយោជន៍ » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

រថយន្ត

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ