ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនា​២​ថ្ងៃ​រក​ឃើញ​ផលិតផល មាន​បញ្ហា​៣៥.៨០​គីឡូក្រាម

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រីជាន់ខ្ពស់​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ បាន​រក​ឃើញ និង​ដកហូត​ផលិតផល​ដែល​មាន​បញ្ហា​ចំនួន​៤​គំរូ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រីជាន់ខ្ពស់​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ បាន​រក​ឃើញ និង​ដកហូត​ផលិតផល​ដែល​មាន​បញ្ហា​ចំនួន​៤​គំរូ ក្នុង​ចំណោម​ជាង​១០០​គំរូ មាន​ចំនួន​សរុប ៣៥.៨០​គីឡូក្រាម​លើ​ផ្សារ ចំនួន ពីរ​គឺ​ផ្សារ​វាល​រេញ ស្រុក​ព្រៃ​នប់ និង​ផ្សា​រលើ​ក្រុងព្រះសីហនុ បន្ទាប់​ពី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ និង​រថយន្ត​មន្ទី​ពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ផ្សព្វផ្សាយ អំពី​គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ និង​ធ្វើតេស្ត​បឋម លើ ផលិតផល​ម្ហូបអាហារ សរុប​ចំនួន​៧៧​គំរូ កាល​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧​។

អនុប្រធាន សាខា កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ លោក ជា ប៉ិច ផ្តល់​សម្ភាស​ឲ្យ​បណ្តាញ​អ្នក​ព័ត៌មាន​ដឹង នៅ​ថ្ងៃ​ពុធ ទី​២៣ ខែសីហា​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​មុខម្ហូប​សមុទ្រ​ស្រស់ និង​បន្លែ​ផ្លែ​ឈើ​ជាង ១០០​ប្រភេទ​គំរូ ដែល​អាជីវក​រដាក់​លក់ នៅ​លើ​ផ្សារ​វាល​រេញ និង​ផ្សា​រលើ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែសីហា​។ លោក​ឲ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​នាំ​យក រថយន្ត​មន្ទីរ​ពិ​សេសោ​ធន៍​ចល័ត ដើម្បី​ធ្វើ​ពិសោធន៍​អាហារ​សមុទ្រ​ស្រស់ និង​បន្លែ​ផ្លែ​ឈើ​គ្រប់​ប្រភេទ នៅ​ផ្សារ​ទាំង​ពីរ ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​សារធាតុ​គីមី ទៅ​លើ​ចំណីអាហារ ធ្វើ​យ៉ាងណា​ឲ្យ​អាហារ​ទទួលទាន របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​សុវត្ថិភាព​។

ជាង​នេះ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះ​សីហ​នុ មាន​កំណើន​ខ្ពស់​ជា​រៀង​រាល់​ឆ្នាំ​។ លោក ជា ប៉ិច បន្ថែម​ថា ទិស​ដៅ​របស់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​សាខា​កាំកុងត្រូល ខេត្ត​ព្រះ​សីហ​នុ បាន​ប្តេជ្ញា​ថា នឹង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ ឲ្យ​បន្តសកម្មភាព​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ នៅ​តាម​ទីផ្សារ​នានា និង​តាម​ច្រក​កំពង់​ផែ​នាំ​ចូល​ទំនិញ​ជាដើម​ឲ្យ​មាន​សកម្មភាព​រស់​រវើក​ជា​ប្រចាំ​។ ហើយ គោលដៅ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល គឺ​ចង់​ជួយ​ការពារ​ដល់​សុខភាព​ប្រជាពលរដ្ឋ ឲ្យ​ស្រប​តាម​ការ​ណែនាំ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បាន​កំណត់​។ ត្រង់​ចំ​ណុ​នេះ លោក ជា ប៉ិច បាន​ស្នើ​ឲ្យ​អាជីវករ​លក់ ដូរ​នៅ​តាម​ទីផ្សារ​នានា ទាំង​អ្នកលក់​បោះ​ដុំ និង​អ្នក​លក់រាយ ទៅ​លើ​ចំណីអាហារ ឬ​ទំនិញ​គ្រប់​ប្រភេទ មិន​ត្រូវ​បន្ត​ប្រើប្រាស់​សារធាតុ​គីមី ហាមឃាត់ ដាក់​ទៅ​លើ​ចំណីអាហារ ឬ​បន្លែ​ផ្លែ​ឈើ​គ្រប់​ប្រភេទ ដើម្បី​ឲ្យ​អ្នកទិញ​មើលឃើញ​ស្រស់ និង​ទុក​លក់​បាន​យូរថ្ងៃ​ទៀត​ទេ ព្រោះ​ទ​ង្វើ​នេះ ខុសច្បាប់ និង​ត្រូវ​ផ្តន្ទាទោស​។

លោក​សំណូមពរ​ដល់​ក្រុម​អាជីវករ ឲ្យ​ជួយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល ដោយ​ត្រូវ​លក់ដូរ​ចំណីអាហារ​ជូន​ភ្ញៀវ​ទេសចរណ៍ ដែល​គ្មាន​សារធាតុ​គីមី ដើម្បី​រួមចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​បាន​ច្រើន​ថែម​ទៀត​នា​ឆ្នាំ​ខាង​មុខ​។ សូម​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​ចុះ​ពិនិត្យ​មុខម្ហូប​សមុទ្រ​ស្រស់ និង​បន្លែ​ផ្លែ​ឈើ​ជាង ១០០​ប្រភេទ​គំរូ រយៈពេល​២​ថ្ងៃនេះ នៅ​ផ្សារ​វាល​រេញ និង​ផ្សា​រលើ ក្រុងព្រះសីហនុ មន្ត្រី​ជំនាញ​រក​ឃើញ និង​រឹបអូស​យក មឹក​ស្រស់ ត្រសក់ ស្លឹក​ខ្ទឹម និង​ស្លឹក​កា​ឆាយ​ចំនួន​សរុប ៣៥.៨០​គីឡូក្រាម មាន​ផ្ទុក​សារធាតុ​គីមី​យក​ទៅ​បំផ្លាញ​ចោល​៕