ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារជំងឺមហារីកខួរក្បាល​ ទើប​ឧកញ៉ាគ្រឿងញៀ.ន​ស៊ី​​​ឡាឡួយ…

7 ឆ្នាំ មុន

មេខ្លោង​ជួញដូរ​គ្រឿង​​ញៀន​ជាង​៥៦​គីឡូក្រាម ឧក​ញ៉ា ស៊ី​ឡា​ឡ​យ ហៅស៊ី ខាំ​ឡ​យ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ នា​រសៀល​ម៉ោង​៣​ថ្ងៃ​ទី​២២ សីហា មេខ្លោង​ជួញដូរ​គ្រឿង​​ញៀន​ជាង​៥៦​គីឡូក្រាម ឧក​ញ៉ា ស៊ី​ឡា​ឡ​យ ហៅស៊ី ខាំ​ឡ​យ បាន​ស្លាប់ ​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយ​ជំងឺមហារីក​ខួរក្បាល ។ ឧកញ៉ាស៊ី ឡា​ឡ​យ មាន​ជំងឺ​ប្រចាំ​កាយ​ ហើយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នៅ​ថ្ងៃ​ទី​២១ សីហា ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​.ស​ នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​បាន​ស្លាប់​បាត់បង់​អាយុជីវិត​នៅ​ទីនោះ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ឧកញ៉ា​គ្រឿង​​ញៀន​ស្លាប់ គណ​:​កម្ម​ការ​មួយ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​ម្នាក់ ដោយ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ពិនិត្យ​សព​ដោយ​ការ​ធ្វើ​កោសល្យវិច័យ ដើម្បី​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បាត់បង់​អាយុជីវិត​មេ​ឈ្មួញ​គ្រេ​ឿ​ង​ញៀន​ដ៏​ធំ​ម្នាក់​នេះ ។ ប៉ុន្តែ​មិន​ទាន់​មាន​ប្រភព​ច្បាស់លាស់​ថា ក្រោយ​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ តើ​សាកសព​នឹង​ត្រូវ​យក​ទៅ​បូជា​នៅ​ទីណា ឬ​ក៏​ប្រគល់​ឱ្យទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នោះ​ទេ ។ តែ​តាម​ប្រភព​ព័ត៌មាន​ថា ក្រុម​គ្រួសារ​នឹង​យក​សព​ឧកញ៉ា​ថៅកែ​សណ្ឋាគារ​រតនសម្បត្តិ​ទៅ​ធ្វើបុណ្យ​នៅ​ក្រុង​បា​លុង ខេត្តរតនគិរី តែ​មិន​ទាន់​ប្រាកដ​ទេ​ថា​នៅ​ឯ​ផ្ទះ ឬ​តម្កល់​នៅ​ឯ​វត្ត​ទេ ព្រោះ​ផ្ទះ​ត្រូវ​បាន​សមត្ថកិច្ច​បិទទ្វារ​តាម​នីតិវិធី​ច្បាប់ ។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ឧសភា ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស ឱ្យ​នាំ​ខ្លួន​ឧកញ៉ា​ម្ចាស់​គ្រេ​ឿ​ង​ញៀន​ជាង​៥៦​គីឡូក្រាម និង​គូកន​ម្នាក់​មក​សាកសួរ​ក្រោយ​ពេល​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​១៨ ឧសភា​​កន្លង​មក​។ ក្រោយ​ការ​សាកសួរ​ហើយ នៅ​ព្រលប់​ថ្ងៃ​ដដែល លោក​ចៅក្រម​បាន​អនុញ្ញាត​ឱ្យ​អនុរក្ស​ពន្ធនាគារ​នាំ​ឧកញ៉ា និង​គូកន​ម្នាក់​នោះ​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​កន្លែង​ដើម​វិញ ។

ឧកញ៉ាស៊ី​ ឡា​ឡ​យ ហៅ ខាំ​ឡ​យ អាយុ​៤២​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​គូកន​ម្នាក់​ទៀត​ឈ្មោះ លួ​ន សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។កាលពី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ២០១៧ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឧកញ៉ា​គ្រឿង​​ញៀន និង​គូកន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (គ្រឿង​​ញៀន​ជាង​៥៦​គីឡូក្រាម​) ។

ជនសង្ស័យ​ជា​គូកន​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រេ​ឿ​ង​ញៀន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ឧសភា នៅ​ម្តុំ​ផ្សារ​ថ្មី ខណ្ឌដូនពេញ ដកហូត​ថ្នាំ​ញៀន​បាន​២​គីឡូក្រាម និង​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ឧសភា បាន​ទៅ​ដកហូត​ថ្នាំ​ញៀន​នៅ​ទីតាំង​មួយ​កន្លែង​ទៀត មុខ​វត្ត​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​បាន​ថ្នាំ​ញៀន​ជាង​៥០​គីឡូ​ក្រាម​ដោយ​មាន​ថ្នាំ​ញៀន​ចំនួន​៣​ប្រភេទ​។

លុះ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា មន្ទីរ​ប្រឆាំងគ្រឿង​ញៀន​បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយ លោក​ឧត្ត​សេនីយ៍​ឯក​ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំងគ្រេ​ឿ​ង​ញៀន និង​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណ​: នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួងមហាផ្ទៃ ព្រមទាំង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ប្រឆាំងគ្រឿង​ញៀនបំភ្លឺជុំវិញ​ករណី​។                         ​