តារា​ជើង​ចាស់​ផ្តល់​បទ​ពិសោធន៍​រក្សា​ប្រជាប្រិយភាព​បាន​យូរ


រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​មួយ​ចំនួន​នៅ​តែ​បន្ត​អាជីព​សម្តែង​របស់​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត និង​មានការ​គាំទ្រ​ដដែល បើ​ទោះបីជា​ពួក​គាត់​មាន​វ័យ​ច្រើន​បន្តិច​ហើយ​ក៏​ដោយ ។

តារាភាពយន្ត​ទាំង​អស់នោះ​ភាគច្រើន​បាន​ទទួល​ចំណែក​ទីផ្សារ​ជា​ហូរហែ​ដដែល បើ​ទោះបីជា​តំណែង​ដែល​ពួក​គាត់​ទទួល​បាន​នា​ពេល​នេះ​ត្រឹម​ជា​តួ​ឪពុក ឬ​ម្តាយ​ខុស​ពី​ជំនាន់​មុន​ដែល​គ្រង​តំណែង​តួឯក​ក្តី ។

អ្វី​ដែល​ពួក​គាត់​អាច​ឈរជើង​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​បាន​យូរ​នោះ គឺ​ពួក​គាត់​អះអាង​ស្រ​ដៀង​គ្នា​ថា ការ​ប្រកាន់​អាកប្បកិរិយា​ល្អ និង​ការ​គោរព​ពេលវេលា​គឺជា​ក​ក្តា​ចម្បង​បំផុត​ដើម្បី​ឈាន​ដល់​ចំណុចកំពូល​មួយ​ក្នុង​នាម​ជា​តារា​សម្តែង ។

តារា​សម្តែង​ជើង​ចាស់​អ្នកស្រី​ឌី សា​វ៉េ​ត លើក​ឡើង​ថា ការ​សម្តែង​គឺ​មិនមែន​ជា​ការណ៍​ពិត​ឡើយ ប៉ុន្តែ​នៅ​ពេល​ដែល​សម្តែង តារា​ត្រូវ​យក​អារម្មណ៍​ពិត​មក​ដាក់​(​ចូល​តួ​) ដើម្បី​ទាក់ទាញ​ទស្សនិកជន​ឱ្យ​ស្លុង​អារម្មណ៍​ទៅ​តាម ។

អ្នកស្រី​ឌី សា​វ៉េ​ត​ថ្លែង​ថា «​ការ​សម្តែង​ដែល​អស់ពី​សមត្ថភាព​នោះ គឺ​ប្រសិនបើ​តួ​កាច​ត្រូវធ្វើ​ឲ្យ​ទស្សនិកជន​ស្អប់ បើ​តួ​ស្លូត​ឲ្យ​គេ​អាណិត ហើយ​តួ​កម្សត់​យំ​ត្រូវ​ឲ្យ​ទស្សនិក​ជន​យំ​តាម ។

ក្នុង​នាម​ជា​តួ​សម្តែង​មួយ​រូប​គឺ​ទាមទារ​នូវ​បទ​ពិសោធន៍​ដើម្បី​សម្តែង​ទៅ​សម ហើយ​ត្រូវ​ចេះ​រៀនសូត្រ​ពី​តារា​ជើង​ចាស់ និង​អាច​ចេះ​កែ​ច្នៃ និង​កែ​លម្អ​នូវ​ចំណុច​ខ្វះខាត​របស់​គេ ដើម្បី​យក​មក​អភិវឌ្ឍន៍​ខ្លួនឯង​» ។

តារា​សម្តែង​លោក​ហេង ដា​រី កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​ជា​តារា​សម្តែង​មួយ​ខ្ញុំ​តែងតែ​ប្រកាន់​យក​នូវ​ភាព​រាក់ទាក់​ជា​និច្ច​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ទាំង​តារា​ជើង​ចាស់ និង​តារា​ថ្មី ។ អ្វី​ដែល​សំខាន់​ទៀត​នោះ​គឺ​ធ្វើ​យ៉ាងណា​ត្រូវ​យល់ និង​ប្រកាន់ខ្ជាប់​នូវ​ប្រភេទ​តួអង្គ​ដែល​អ្នកដឹកនាំ​បាន​ដាក់​មក​ឲ្យ ហើយ​ខិតខំ​សម្តែង​ឲ្យ​អស់​លទ្ធភាព ។

ក​ក្តា​ពេលវេលា គឺជា​ការ​ចាំបាច់​បំផុត សម្រាប់​តួ​សម្តែង នីមួយ​ៗ ព្រោះ​ជា​ការ​បង្ក​ភាពល្អ​មួយ​ក្នុង​ក្រុម​ទាំងមូល និង​មិន​មានការ​លំបាក​សម្រាប់​អ្នកដឹកនាំ​រឿង​ដែល​ត្រូវ​កំណត់​​ទីតាំង និង​ពេលវេលា​ជាក់លាក់​ដើម្បី​ថត​» ។

កត្តារួម​ផ្សំ​ដែល​អាច​ឲ្យ​លោក និង​តួ​សម្តែង​ចាស់​ៗ​មួយ​ចំនួន​ទៀត​អាច​ឈរជើង​ក្នុង​ទីផ្សារ​ភាពយន្ត​បាន​យូរ​នោះ លោក​ហេង ដា​រី ថា គឺ​ទេព​កោសល្យ​សម្តែង​ដែល​អាច​ធ្វើ​ឲ្យ​អ្នកដឹកនាំ​រឿង និង​ទស្សនិកជន​នៅ​តែ​ទទួលស្គាល់ និង​គាំទ្រ ។

ជា​តារា​សម្តែង​តាំងពី​ទស​វត្ស​៩០​មក​លោក​ជា ណូ​បូ អះអាង​ថា មាន​កត្តា​មួយ​ចំនួន​ដែល​លោក​តែងតែ​យក​មក​អនុវត្ត ហើយ​ក៏​ជា​ការ​ចាំបាច់​ទូទៅ​សម្រាប់​គ្រប់​តារា​សម្តែង​ត្រូវ​ប្រកាន់ខ្ជាប់ ដើម្បី​ទទួល​ភាព​ជោគជ័យ​ក្នុង​អាជីព​សម្តែង​បាន​យូរអង្វែង ។

លោក​ជា ណូ​បូ និយាយ​ថា «​អ្វី​ដែល​ត្រូវ​ប្រកាន់​ភ្ជាប់​គឺ​សីលធម៌ និង​សុជីវធម៌​ល្អ គោរព​កិច្ច​កុងត្រា ។ ជួប​មហាជន​ចេះ​ញញឹម​រាក់ទាក់ មិន​មាន​ជំងឺ​តួ ថែ​សុខភាព និង​មិន​មានរឿង​អាស្រូវ ។ ចេះ​គោរព​គ្រូ និង​រៀមច្បង ។ ចេះ​ប្រែប្រួល​ទៅ​តាម​កាលៈទេសៈ​ដែល​នាំ​កិត្តិយស​មក​ដល់​យើង ។

ត្រូវ​ចេះ​សង្កេត​មើល​សាច់​រឿង​ដែល​ល្អ​នាំ​ឱ្យ​អ្នក​ទស្សនា​ចាប់អារម្មណ៍​ចូល​ចិត ្ត​ហើយ​សម័យ​ឥលូវ​នេះ​ត្រូវ​ចេះ​យកចិត្ត​អ្នក​ផលិត យក​តម្លៃ​ថោក និង​ទាក់ទិន​នឹង​បញ្ហា ផ្សេង​ៗ​​ទៀត » ។

តារា​សម្តែង​លោក​ហម ឈ​រ៉ា តែងតែ​ប្រកាន់ខ្ជាប់​គោលការណ៍​មួយ​ចំនួន​ដូច​ជា រស់នៅ​ល្អ សុជីវធម៌ សីលធម៌​ល្អ ការ​ទាក់ទង​ល្អ និង​ចេះ​អត់ឱន​គ្នា​ទៅ​វិញ​ទៅ​មក ។

កត្តា​ទាំង​អស់នេះ​វា​អាច​គ្រប់គ្រាន់​សម្រាប់​តារា​សម្តែង ក៏​ដូច​ជា​មនុស្ស​ទូទៅ​សម្រាប់​ការ​ប្រតិបត្តិ​រស់នៅ​ប្រចាំ​ថ្ងៃ បើ​ទោះបីជា​ពេល​ខ្លះ​សម្រាប់​ខ្លួន​លោក​ឈ​រ៉ា មិន​ប្រតិបត្តិ​បាន​ល្អ​ឥត​ខ្ចោះ​បាន​មួយ​រយ​ភាគរយ​ក៏​ដោយ ។ ធ្វើ​ជាតា​រា​មិន​ត្រូវ​មានចិត្ត​រើសអើង​ចំពោះ​ទស្សនិកជន និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឡើយ ។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ការ​គោរព​ពេលវេលា​ឲ្យ​បាន​ម៉ត់ចត់ ចំពោះ​ការ​ណាត់​ថត​ពី​អ្នកដឹកនាំ​រឿង ។

លោក​ហម ឈ​រ៉ា និយាយ​ថា​«​នា​ពេល​បច្ចុប្បន្ន​នេះ​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា មាន​តារា ថ្មី​ៗ​មួយ​ចំនួន​មិន​បាន​ប្រតិបត្តិ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ដោយ​អាង​តែ​ខ្លួន​បាន​ថត​មួយ​រឿង ឬ​ពីរ​រឿង​នោះ​តែងតែ​ចាត់​ទុក​ខ្លួនឯង​ជាតា​រា​ល្បី​ទៅ​ហើយ និង​មិន​គោរព​រៀមច្បង ចាស់​ៗ​ឡើយ ។ កត្តា​នេះ​គឺជា​ហានិភ័យ​មួយ​សម្រាប់​អាជីព​សម្តែង​នា​ពេល​អនាគត ដែល​តារា​មួយ​ចំនួន​នោះ​គិត​មិន​ដល់ ខណៈ​ពេល​ដែល​តារា​ថ្មី​មួយ​ចំនួន​នោះ​ការ​សម្តែង​ក៏​នៅ​មាន​កម្រិត​នៅឡើយ​» ។

តារា​សម្តែង​លោក​ទេព រិ​ន​ដា​រ៉ូ គឺជា​តារា​មួយ​រូប​ដែល​ល្បីឈ្មោះ និង​មានការ​គាំទ្រ​បាន​យូរ​រហូត​ដល់​បច្ចុប្បន្ន ដោយសារ​តែ​លោក​គឺជា​តារា​មួយ​រូប​គោរព​បាន​ល្អ​នូវ​ពេល​វេលា និង​ការ​រួសរាយ​ទាក់​ទាក់ ពិសេស​ទេព​កោសល្យ ។

តារា​សម្តែង​លោក យុ​ត្ថា​រ៉ា ឆា​នី អះអាង​ដោយ​ខ្លី​ថា «​បើ​អ្នក​ចង់​ក្លាយជា​តារា​ដ៏​ល្បី​គួរ​គប្បី​ធ្វើ​ខ្លួនឯង​ឱ្យ​ដូច​ជា​ម្សៅ ឬ​ម្សៅ​មី ដែល​យើង​អាច​ច្នៃ​ធ្វើ​នំ ឬ​បង្អែម​បាន​ច្រើន​យ៉ាង​និង​ច្រើន​មុខ​សម្រាប់​តម្រូវ​ចិត្ត​អ្នក​ទទួលទាន​ទាំងឡាយ​» ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ