ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាយ​លុយ​រដ្ឋ​មិន​ត្រូវ​តាម​ខ្ទង់ ត្រូវ​តែ​សង​មក​វិញ និង​មានទោស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ការ​ចាយ​លុយ​រដ្ឋ​មិន​ត្រូវ​តាម​ខ្ទង់​នៃ​គម្រោង​អភិវឌ្ឍ​សង្កាត់

រាជធានី​ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ការ​ចាយ​លុយ​រដ្ឋ​មិន​ត្រូវ​តាម​ខ្ទង់​នៃ​គម្រោង​អភិវឌ្ឍ​សង្កាត់ ខណ្ឌ មិន​ត្រឹមតែ​សង​លុយ​រដ្ឋ​ត្រលប់​មក​វិញ​ទេ គឺ​ត្រូវ​មានទោស​ទណ្ឌ​ថែម​ទៀត ដូច្នេះ​លោក​ស្នើ​ឲ្យ​ថ្នាក់​សង្កាត់ ខណ្ឌ​ត្រូវ​ចេះ​ចាយ​លុយ​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ខ្នង់​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​។ លោក កើត ឆែ មាន​ប្រសាសន៍​បែប​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៧ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ផ្សព្វ​ផ្សា​សារា​ចរណ៍​ណែនាំ​ស្តី​ពី​នីតិវិធី​បច្ចេកទេស​នៃ​ការ​រៀបចំ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​២០១៨ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ស្មៀន​សង្កាត់​ទាំង​១០៥ អភិបាលរង​ខណ្ឌ​ទាំង​១២ ដែល​ទទួល​បន្ទុក និង​មន្ត្រី​ការិយាល័យ​រដ្ឋបាល​ហិរញ្ញវត្ថុ​ផង​ដែរ​។

លោក​បន្ត​ថា ការ​រៀបចំ​ថវិកា​ប្រចាំឆ្នាំ​គឺជា​ដំណើរ​ដ៏​ស្មុគស្មាញ និង​វែង​ឆ្ងាយ​ដែល​ទាមទារ​ឲ្យ​ទាំង​អ្នក​រៀបចំ អ្នក​ទទួលខុសត្រូវ​ទាំងអស់ មាន​ភាព​អត់ធ្មត់​ជា​អតិបរិមា ទើប​ការ​រៀបចំ​ប្រព្រឹត្តិ​ទៅ​បាន​ជោគជ័យ​និង​ទាន់​ពេលវេលា​។ ដូច្នេះ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្រោយ​ពី​អនុម័ត​ថវិកា​រួច​ត្រូវ​បញ្ជូន​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បន្ទាប់​មក​បន្ត​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ រួច​ដាក់​ឆ្លង​រដ្ឋ​សភាជាតិ ដើម្បី​អនុម័ត និង​ផ្តល់​សេចក្តី​ទុកចិត្ត ហើយ​ចុង​ក្រោយ​ថ្វាយ​ព្រះមហាក្សត្រ ទើប​អាច​ចេញ​ជា​សៀវភៅ​ថវិកា​ប្រចាំឆ្នាំ​។ លោក​អភិបាលរង​ស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ ស្តាប់​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រសិនបើ​មាន​អ្វី​មិន​យល់​ត្រូវ​សួរនាំ ឱ្យ​មន្ត្រី​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ជូន ចៀសវាង​រៀបចំ​ថវិកា​ចាយ​មិន​បាន​ទាន់​ពេលវេលា​។

លោក​អភិបាលរង​បញ្ជាក់​ទៀត​ថា កន្លង​មក​ការ​រៀបចំ​នេះ មាន​អ្នក​ជួយ​ច្រើន​តាំងពី​ខាង​ក្រសួង​សេដ្ឋកិច្ច ខាង​ទីចាត់ការ​ហិរញ្ញវត្ថុ ហើយ​ថវិកា​នេះ​តែងតែ​មានការ​ប្រែប្រួល​ជា​រៀង​រាល់​ឆ្នាំ នូវ​របៀប​របរ​នៃ​ការ​ចងក្រង​។ ដូច្នេះ​រៀង​រាល់​ឆ្នាំ​ក្រសួង​តែងតែ​បញ្ជូន​មន្ត្រី​ជំនាញ​មក​ធ្វើការ​បណ្តុះបណ្តាល​តាម​សង្កាត់ ពិសេស​ស្មៀន ដែល​ជា​គោលដៅ ហើយ​ស្មៀន​ភាគច្រើន​បាន​ទទួល ការ​បណ្តុះបណ្តាល​នេះ​រួច​ហើយ​មិន​មាន​បញ្ហា​ទេ តែ​សុំ​យកចិត្តទុកដាក់​អ្វី​ថ្មី​ដែល​មន្ត្រី​ក្រសួង​បាន​ផ្តល់​ជូន​នៅ​ពេល​នេះ ឬ​អាច​សួរ​តាម​ទូរស័ព្ទ​ផ្ទាល់ ជា​ពិសេស​គឺ​ស្មៀន​តែ​ម្តង​ត្រូវ​យកចិត្តទុកដាក់​ជាងគេ ព្រោះ​រាល់​កិច្ចការ​អភិវឌ្ឍ និង​ធ្វើ​ផែនការ​ថវិកា និង​ធានា​នូវ​និរន្តរភាព អ​ព្យា​ក្រិ​ត្យ​ភាព នៃ​រដ្ឋបាល​សាធារណៈ​នោះ ដែល​ជា​ការងារ​ចាំបាច់​របស់​ស្មៀន​តែ​ម្តង​៕