កំរិតសំពាធឈាមល្អឆ្លុះបញ្ចាំងពីសរសៃឈាមក្នុងខ្លួនល្អ។ នៅពេលកំរិតសំពាធឈាមមិនមានតុល្យភាព វាអាចធ្វើឱ្យគាំងបេះដូង ឬដាច់សរសៃឈាមក្នុងខួរក្បាល។ កំរិតសំពាធឈាមដែលឡើងខ្ពស់ជាញឹកញាប់បណ្ដាលមកពីជំងឺក្រិនសរសៃឈាម (Atherosclerosis) ដែលកើតឡើងកាលណា LDL cholesterol ដែលជាខា្លញ់ម្យ៉ាងនៅក្នុងខ្លួនបានទៅស្អិតជាប់នឹងជញ្ជាំងសរសៃឈាមក្រហម (Arteries) ហើយភាគតូចល្អិតនៃសារជាតិខ្លាញ់នេះបានផ្ដុំគ្នាបង្កើតជាផ្ទាំងធ្វើឱ្យសរសៃឈាមត្បៀតតូចបណា្ដលឱ្យបេះដូង ពិបាកក្នុងការបាញ់ឈាមទៅចិញ្ចឹមរាងកាយ ។
នៅក្នុងប្រេងអូលីវ មានសារជាតិម្យ៉ាងហៅថា Oleuropein ដែលអ្នកវិទ្យាសាស្ដ្ររកឃើញថា ជាសារជាតិដែលការពារកុំឱ្យកូលេស្ដេរ៉ូលអិលឌីអិល (LDL cholesterol) ធ្វើអុកស៊ីតកម្ម និងមកកកផ្ដុំលើជញ្ជាំងសរសៃឈាម។ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ (University of Naples) ប្រទេសអ៊ីតាលី បានធ្វើការប្រៀបធៀបរវាងប្រេងអូលីវនិងប្រេងផ្កាឈូករ័ត្ន ។ គេបានយកប្រេងទាំងពីរប្រភេទនេះ ប្រើសម្រាប់ចម្អិនអាហារដាច់ដោយឡែកពីគ្នា អោយមនុស្ស២៣នាក់ដែលមានបញ្ហាកម្រិតសំពាធឈាមប្រែប្រួលមិនធម្មតាក្នុងរយៈពេលមួយឆ្នាំ ។ អ្នកទាំង២៣នាក់នោះត្រូវបានចែកជា២ក្រុម គឺក្រុមមួយទទួលទានអាហារចម្អិនដោយប្រើប្រេងអូលីវ និង ក្រុមមួយទៀតទទួលទានអាហារចម្អិនដោយប្រើប្រេងផ្កាឈូករ័ត្ន ។
ជាលទ្ធផលចម្បងនៃការអង្កេតរបស់ពួកគេ គេឃើញមានការថយចុះយ៉ាងច្រើនក្នុងការប្រើប្រាស់បរិមាណ ថ្នាំគ្រាប់បញ្ចុះសំពាធឈាមចំពោះអ្នកជំងឺ ដែលអាហារពួកគេចម្អិនដោយប្រើប្រេងអូលីវ ផ្ទុយទៅវិញ ការប្រើប្រាស់ថ្នាំមានការថយចុះតែបន្ដិចបន្ដួចប៉ុណ្ណោះចំពោះអ្នក ដែលទទួលទានអាហារដែលចម្អិនប្រើប្រេងផ្កាឈូករ័ត្ន។ ចំណែកកម្រិតជាតិខ្លាញ់ cholesterol និង triglycerde លើអ្នកដែល ប្រើប្រេងអូលីវក៏មានការថយចុះគួរឱ្យកត់សម្គាល់ដែរ។ ក្នុងប្រេងអូលីវ១០ក្រាម មាន សារជាតិប្រឆាំងអុកស៊ីតកម្មនៃ polyphenols ៥ក្រាម( ក្នុងប្រេងផ្កាឈូករ័ត្នពុំមានសារជាតិនេះទេ)។ សារជាតិ polyphenols នេះជួយកាត់បន្ថយជំងឺសរសៃឈាមកូរ៉ូណែ នៅក្នុងបេះដូង Coronary arterydisease និងអាចបន្ថយសំពាធឈាមផងដែរ ៕
ចែករំលែកព័តមាននេះ