ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ថែទាំ​ប្រព័ន្ធ​ហ្វ្រាំងរថយន្ត​ ដើម្បី​សុវត្ថិភាព​ពេល​បើកបរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហ្វ្រាំង​ពិតជា​មាន​តួនាទី​សំខាន់​សម្រាប់​យានជំនិះ​គ្រប់​ប្រភេទ មិន​ថា​កង់ ម៉ូតូ រថយន្ដ ឬ​រថភ្លើង​ទេ សូ​ម្បី​តែ​យន្ដហោះ​ក៏​កាន់តែ​ចាំបាច់​ដែរ ព្រោះ​វា​មាន​តួនាទី​បញ្ឈប់​ល្បឿន ឬ​

រាជធានី​ភ្នំពេញ ៖ ហ្វ្រាំង​ពិតជា​មាន​តួនាទី​សំខាន់​សម្រាប់​យានជំនិះ​គ្រប់​ប្រភេទ មិន​ថា​កង់ ម៉ូតូ រថយន្ដ ឬ​រថភ្លើង​ទេ សូ​ម្បី​តែ​យន្ដហោះ​ក៏​កាន់តែ​ចាំបាច់​ដែរ ព្រោះ​វា​មាន​តួនាទី​បញ្ឈប់​ល្បឿន ឬ​បញ្ជៀ​សមាន​ហេតុការណ៍​គ្រោះថ្នាក់​អ្វី​កើតឡើង​ផ្សេង​ៗ ។

ប្រសិនបើ​ហ្វ្រាំង​មាន​បញ្ហា ម្ចាស់​យានយន្ដ​ត្រូវ​តែ​ជួសជុល​ជា​បន្ទាន់ ដោយ​មិន​អាច​ទុក​ជិះ​ទាំង​វា​មាន​បញ្ហា​ទេ ។ ប៉ុន្តែ​ម្ចាស់​រថយន្ត​មួយ​ចំនួន​មិន​បានដឹង​ថា ប្រព័ន្ធ​ហ្វ្រាំង​រថយន្ត​របស់​ខ្លួន​មាន​បញ្ហា​ឬ​អត់ ហើយ​ក៏​មិនដឹង​ថា ពេល​ណា​ត្រូវ​ពិនិត្យ​មើល​ម្ដង និង​ជា​ទូទៅ គេ​ពិនិត្យ​ទៅ​លើ​អ្វីខ្លះ​នោះ​ទេ ។

បើ​តាម​គ្រូបង្រៀន​បើកបរ​រថយន្ត​ម្នាក់​នៅ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​ពេល​រថយន្ត​កំពុង​រត់​លើ​ផ្លូវ ហើយ​យើង​ត្រូវការ​ឈប់​នៅ​គោលដៅ​ខាង​មុខ យើង​មិន​គួរ​ជាន់​ហ្វ្រាំង​ម្ដង​ជាប់​រហូត​ដល់​គោលដៅ​នោះ​ទេ គឺ​ត្រូវ​ជាន់​ហ្វ្រាំង​ជា​ដំណាក់​ៗ ឬ​ជាន់​ហើយ​លែង រួច​ជាន់​ម្ដងទៀត ។ ការ​ធ្វើ​ដូចនេះ ដើម្បី​រក្សា​ស្បែក​ហ្វ្រាំងរថយន្ត​ឱ្យ​រក្សា​បាន​យូរ និង​មិន​ងាយ​អស់​ស្បែក​ផង​ដែរ ។

លោក អៀង សុធា គ្រូបង្រៀន​ផ្នែក​រថយន្ត​ដែល​មានបទពិសោធន៍​ជាង​២០​ឆ្នាំ​នៅ​សាលា​ដុន​បូ​ស្កូ បានឱ្យ​ដឹង​ថា ការ​ថែរក្សា​ប្រព័ន្ធ​ហ្វ្រាំងរថយន្ត គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​វា​ទាក់ទង​នឹង​សុវត្ថិភាព​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំងអស់​គ្នា ។ លោក​និយាយ​ថា ៖« ជា​ទូទៅ ចំពោះ​រថយន្ត​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ហ្វ្រាំង​ធម្មតា វា​នឹង​បង្ហាញអក្សរ Break នៅ​លើ​តាប់​ឡូ ឲ្យ​អ្នកបើកបរ​បានដឹង​ភ្លាម​ៗ​តែ​ម្ដង​ថា ប្រព័ន្ធ​ហ្វ្រាំងរថយន្ត​មាន​បញ្ហា​ណាមួយ​ហើយ ដូច​ជា ខ្វះ​ប្រេង ឬ​លិច​ប្រេង​ជាដើម ។ ដូចនេះ ត្រូវការ​ត្រួតពិនិត្យ​មើល​ជា​បន្ទាន់ ក្នុង​ករណី​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ឆ្ងាយ​ៗ ។ ចំពោះ​រថយន្ត​ប្រើប្រាស់​ប្រព័ន្ធ​ហ្វ្រាំង ABS វា​នឹង​បង្ហាញអក្សរ ABS នៅ​លើ​តាប់​ឡូ​នោះ​ដែរ ដើម្បី​ឱ្យ​អ្នកបើកបរ​បានដឹង​ដូច​គ្នា និង​ត្រួតពិនិត្យ​ជា​បន្ទាន់ » ។

លោក​បន្ត​ថា ការ​ប្រើប្រាស់​ហ្វ្រាំងរថយន្ត​ក្នុង​ពេល​បើកបរ ក៏​ជា​កត្តា​មួយ​ដែល​អាច​ជួយ​ការពារ​ហ្វ្រាំង​ផង​ដែរ ។ ជាក់ស្ដែង នៅ​ពេល​បើកបរ​រថយន្ត​ចុះ​ចំណោត អ្នកបើកបរ​មិន​គួរ​ប្រើ​ហ្វ្រាំង​រហូត​នោះ​ទេ តែ​យើង​ត្រូវ​ប្រើ​ចង្កឹះ​លេខ​ជំនួស​វិញ ។ លោក​ថា ៖« សម្រាប់​រថយន្ត​ប្រភេទ​ប្រើ​លេខ​អូ​តូ ពេល​ចុះ​ចំណោត គួរតែ​ដាក់​មក​លេខ​២​ដើម្បី​ទប់​ល្បឿន ជា​ជាង​យើង​ដាក់​អក្សរ D ហើយ​ប្រើ​ហ្វ្រាំង​ជំនួស ។ បើ​មិន​ដូច្នេះ​ទេ នឹង​អាច​ធ្វើ​ឱ្យ​ស្បែក​ហ្វ្រាំង​ឆាប់​ខូច ឆាប់​សឹក និង​នាំ​ឲ្យ​ខូច​ប្រព័ន្ធ​ហ្វ្រាំង​ទាំងមូល​តែ​ម្ដង ។

សម្រាប់​រថយន្ត​ប្រើប្រាស់​លេខ​ដៃ​វិញ អ្នកបើកបរ​អាច​ប្រើ​លេខ​ជំនួស ។ ជាក់ស្ដែង បើ​ចំណោត​នោះ​ខ្លាំង យើង​អាច​ដាក់​លេខ​១ ដើម្បី​ទប់​ល្បឿន​ជំនួស​ហ្វ្រាំង » ។

លោក​បន្ថែម​ថា អ្នកបើកបរ​រថយន្ត​ត្រូវ​តែ​ពិនិត្យ​មើល​លើ​ប្រព័ន្ធ​ហ្វ្រាំង​ឱ្យ​បាន​ញឹកញាប់​ផង​ដែរ ជា​ពិសេស​ប្រេង​ហ្វ្រាំង ក្នុង​នោះ​២ ទៅ​៤​ម៉ឺន​គីឡូម៉ែត្រ​ត្រូវ​ប្តូរ​ចេញ​ម្ដង​ដើម្បី​ការពារ​រក្សា​សុវត្ថិភាព​ពេល​បើកបរ ។ ចំពោះ​ស្បែក​ហ្វ្រាំង​វិញ​មិន​អាច​កំណត់​រយៈពេល ឬ​ចម្ងាយ​បាន​ទេ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​ប្រើប្រាស់​របស់​អ្នកបើកបរ បើ​គាត់​ប្រើប្រាស់​តួនាទី​ហ្វ្រាំង​ច្រើន វា​ឆាប់​អស់​ស្បែក ដូចនេះ ក៏​ឆាប់​ប្តូរ​ចេញ​ដែរ ៕