ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រយៈពេល៣ថ្ងៃកន្លងមកនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការបំបែកសម្បុកមុខសញ្ញាឆក់ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ (ក្នុងនោះស្រីចំនួន៥នាក់) ពាក់ព័ន្ធនឹងបទល្មើស លួចមានស្ថានទម្ងន់ទោស (ឆក់យកទ្រព្យសម្បត្តិ) យ៉ាងសកម្មក្នុងខេត្តមាត់សមុទ្រមួយនេះ។

ក្រោមការចង្អុលបង្ហាញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ សហការជាមួយអធិកាដ្ឋាននគរបាលក្រុង កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទីយប់ មានប្រជាពលរដ្ឋរាយការ ណ៍មកសមត្ថកិច្ចថា នៅចំណុចម្តុំកាស៊ីណូ «ឆាងឆឹង» ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ មានជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង រួចជិះរត់គេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព៌ត័មានខាងលើនោះរួចមក កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២និង០០នាទីយប់ ទើបឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឆក់បានចំនួន៤នាក់ និងបន្តធ្វើការស្រាវជ្រាវរយៈពេល៣ថ្ងៃ ក៏ឃាត់ខ្លួនបក្សពួកជនសង្ស័យចំនួន១៧នាក់ទៀត និងបាននាំយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ រហូតឃាត់ខ្លួនសរុបបានចំនួន២៤នាក់ (ក្នុងនោះស្រី៥នាក់)។

តាមការបំភ្លឺរបស់ជនសង្ស័យទាំង២៤នាក់ខាងលើ បានឲ្យសមត្ថកិច្ចដឹងថា មានជនសង្ស័យ១៦នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស លួចមានស្ថានទម្ងន់ទោស (ឆក់) ទូរស័ព្ទដៃ និងឆក់កាបូប សរុប១៨លើក ។ ហើយការឃាត់ជនសង្ស័យទាំងនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន៨គ្រឿង, ទូរស័ព្ទដៃចំនួន១០គ្រឿង, មួកសុវត្ថិភាពចំនួន៨, ពូថៅ១, .កាំបិ.តប៉័ងតោ១ និងស្លាកលេខម៉ូតូ១ផងដែរ។

ហើយក្នុងចំណោមជនសង្ស័យចំនួន២៤នាក់ មាន២នាក់ ពាក់ព័ន្ធពីបទល្មើសទទួលផលចោរកម្ម ហើយសមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃ១២គ្រឿង (ផលទទួលទិញពីចោរកម្ម)។ ចំណែកជនសង្ស័យ៦នាក់ទៀត (ក្នុងនោះស្រី៥នាក់) មិនជាប់ពាក់ព័ន្ធនឹងបទល្មើសនោះទេ ដោយត្រូវឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការ ដូច្នោះសមត្ថកិច្ចអាចស្នើសុំទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត អនុញ្ញាតិឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញ។ ដោយឡែនជនសង្ស័យជាប់ពាក់ព័ន្ធ សមត្ថកិច្ចបានកសាងសំណុំរឿង រួចបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ