ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បរទេស និង​ស្ត្រី​ខ្មែរ​ត្រូវ​ចៅក្រម​ស៊ើបសួរ​សម្រេច​ហើយ ករណី​បោ​.​ក​លុយ​ប្រមាណ​១០​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​ឆ​បោ​.​ក ទៅ​លើ​ទឹកប្រាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​។

សូម​ជម្រាប​ថា តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហោះ​ជា​ផ្លូវការ​ថា កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ទូរគមនាគមន៍ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​ដោយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដោយ​ក្នុង​នោះ​ម្នាក់​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ពាក់ព័ន្ធ​ករណី​ឆ​បោ​.​ក​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​អស់​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

ជនសង្ស័យ​ជានា​រី​ខ្មែរ​ខាងលើ មានមុខរ​បរជា​អ្នក​លក់ដូរ​នៅ​ផ្សារ និង​ជា​អ្នក​ដើរ​បញ្ចុះបញ្ចូល​អ្នក​ជិតខាង និង​អ្នក​ភូមិ ដើម្បី​ឱ្យទៅ​បង្កើត​គណនី​ធនាគារ​ផ្សេង​ៗ ហើយ​លក់​គណនី​ធនាគារ​នោះ​មក​ឱ្យ​ខ្លួន ហើយ​ខ្លួន​បាន​លក់​បន្ត​ទៅ​ឱ្យ​ជនសង្ស័យ​ដែល​ជា​បុរស​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​ខាងលើ​។ បន្ទាប់​មក​ជនសង្ស័យ​ដែល​ជា​បុរស​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា បាន​ទិញ​គណនី​ធនាគារ​ជា​ច្រើន​យក​មក​គ្រប់គ្រង ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​ឆ​បោ​.​ក​ជន​រង​គ្រោះ​ឱ្យ​ផ្ញើ​ប្រាក់​មក​គណនី​ទាំងនោះ ហើយ​ខ្លួន​ដក​ប្រាក់​ទាំងនោះ​តាម​បញ្ជរ​ទូរ ATM ដើម្បី​លាក់​អត្តសញ្ញាណ​របស់​ខ្លួន​។

បន្ទាប់​ពី​ឃាត់ខ្លួន​បាន មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ថា ជនសង្ស័យ​បាន​បោ​.​ក​ប្រាស់​ជន​រង​គ្រោះជា​ច្រើន​នាក់​ផ្សេង​ទៀត តាម​រយៈ​រូបភាព​មនោសញ្ចេតនា​ស្នេហា​ពី​បរទេស ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​បញ្ញើ​កញ្ចប់​អីវ៉ាន់​ជាដើម​។ បន្ទាប់​មក​ជនសង្ស័យ​បានឱ្យ​បក្សពួក​បន្លំ​ខ្លួន​ជា​មន្ត្រី​មាន​សមត្ថកិច្ច ទាក់ទង​មក​ជន​រង​គ្រោះ​ថា ត្រូវ​បង់ថ្លៃ​សេវា ដើម្បី​សម្រួល​ក្នុង​ការ​យក​ប្រាក់ ឬ​វត្ថុ​មាន​តម្លៃ​ចេញពី​ច្រក​ទ្វារ​អន្តរជាតិ ដូច​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ជាដើម​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទុកចិត្ត​ទៅ​លើ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ ដែល​សន្យា​ផ្ញើ​ប្រាក់ ឬ​វត្ថុ​មាន​តម្លៃ​មក​ពី​ក្រៅប្រទេស​។ បន្ថែម​ពី​នេះ នាយកដ្ឋាន​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​កុំ​លក់ ឬ​ប្រគល់​ការ​គ្រប់គ្រង​គណនី​ធនាគារ​របស់​ខ្លួន​ទៅ​ឱ្យ​អ្នក​ដទៃ ព្រោះ​អាច​ប្រឈម​មុខ​ពាក់ព័ន្ធ​នឹង​បទ​ផ្សំ​គំនិត ឬ​ផ្ដល់​មធ្យោបាយ​ឱ្យ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ