ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ធំ​ៗ​ដឹក​ខ្សាច់​កំពុង​បំផ្លាញ​ផ្លូវ ជា​ពិសេសប៉ះ​ពាល់​​​សុខភាព​អ្នក​ភូមិ !

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​បាន​ត្អូញត្អែរ​ថា រាល់​ថ្ងៃនេះ​ ពួក​គាត់​រស់នៅ​ប្រឈម​ការ​ដី​ហុយ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព ហើយ​មួយវិញទៀត​ ផ្លូវក៏​​រង​ការ​ខូចខាត​ពិបាកធ្វើ​ដំណើរ​ខ្លាំង​ណាស់ អាជ្ញាធរ​មូលដ្ឋាន ឃុំ ស្រុក…

ខេត្តកំពង់ស្ពឺ​ ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​បាន​ត្អូញត្អែរ​ថា រាល់​ថ្ងៃនេះ​ ពួក​គាត់​រស់នៅ​ប្រឈម​ការ​ដី​ហុយ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព ហើយ​មួយវិញទៀត​ ផ្លូវក៏​​រង​ការ​ខូចខាត​ពិបាកធ្វើ​ដំណើរ​ខ្លាំង​ណាស់ អាជ្ញាធរ​មូលដ្ឋាន ឃុំ ស្រុក ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​ហាក់​គ្មាន​អើពើ​ជាមួយ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​នេះ​ទាល់តែ​សោះ​ ។

ប្រជាពលរដ្ឋ​មានឈ្មោះ អែម សាយ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ឈ្មោះ ស៊ី​ម ដេ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ឈ្មោះ សូ ថា ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ និង​ឈ្មោះ លួង សៀន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​និយាយ​ស្រ​ដៀង​គ្នា​ថា ពួក​គាត់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់នៅ​សព្វ​ថ្ងៃនេះ​ ជួប​បញ្ហា​ប្រឈម​ខ្លាំង​ដី​ហុយ ដោយសារ​តែ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ​បើក​ឆ្លងកាត់​ទាំង​យប់ ទាំង​ថ្ងៃ ធ្វើ​ឱ្យ​រំខាន​ដល់​ការ​រស់នៅ ជា​ពិសេស​ប៉ះពាល់​ដល់​សុខភាព ម្យ៉ាងវិញទៀត ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស ​សិស្សសាលា កុមារ​តូច​ៗ​។

មិនតែប៉ុណ្ណោះ​ ក្រុម​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ​ទាំង​អស់នោះ បាន​បំផ្លាញ​ផ្លូវថ្នល់​មុខ​ផ្ទះ​របស់​ពួក​គាត់​ស្ទើរតែ​ទាំង​ស្រុង​ទៅ​ហើយ បណ្តាល​ឱ្យ​ដី​ហុយ និង​ជង្ហុក​ធំ​ៗ ​។ ប្រជាពលរដ្ឋ​ដដែល​បាន​បន្ត​ទៀត​ថា ក្រុម​រថយន្ត​ធំ​ៗ​ដឹក​ខ្សាច់​នេះ ដឹក​ជញ្ជូន​ទាំង​យប់ ទាំង​ថ្ងៃ ហើយ​តៃកុង​រថយន្ត​បើកបរ​វិញ​មិន​គិត​ពី​សុខទុក្ខ និង​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ ​។ ការ​បើកបរ​ក៏​ដូច​ជា​បំផ្លិចបំផ្លាញ​ផ្លូវ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នេះ អាជ្ញាធរ​មូលដ្ឋាន ឃុំ ស្រុក ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​ផ្សេង​ៗ មិន​ដែល​មក​អើត​ឈ្ងោក​ម្តងណា​ឡើយ ហាក់បីដូច​មិន​យកចិត្តទុកដាក់​អើពើ​ទាល់តែ​សោះ​។

កន្លង​មក ​លោក​មេ​ភូមិ និង​សមាជិក​ភូមិ​ពោធិ​មាស ធ្លាប់​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា មាន​ក្រុមហ៊ុន​បូម​ខ្សាច់​ដឹក​ខ្សាច់​ឆ្លងកាត់​ភូមិ​យើង ហើយ​ក្រុមហ៊ុន​សន្យា​ថា ស្រោច​ទឹក​មួយ​ថ្ងៃ​៣​ដង ហើយ​បើ​ផ្លូវ​រង​ការ​ខូចខាត ខាង​ក្រុមហ៊ុន​ធ្វើការ​ជួសជុល ប៉ុន្តែ​វា​ផ្ទុយ​ស្រលះ​ពី​ការ​សន្យា​នោះ​ ។ រាល់ថ្ងៃ​រថយន្ត​ធំ​ៗ​ដឹក​ខ្សាច់​ឆ្លងកាត់​ធ្វើ​ឱ្យ​ហុយ និង​បំផ្លាញ​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ មិន​ដែល​ឃើញ​ជួសជុល និង​ស្រោច​ទឹក​លើ​ផ្លូវ​នោះ​ទេ​ ។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ពេល​ដែល​មានការ​អី ឬ​ក៏​ជិត​បោះ​ឆ្នោត​ទើប​មាន វត្តមាន​អស់លោក អាជ្ញាធរ ឃុំ ស្រុក មក​លើកដៃ​សំពះ​សុំ​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជួប​ទុក្ខ​លំបាក​មិនឃើញ​មុខ​អស់លោក​នោះ​ទេ ឬ​មួយ​ក៏​អស់លោក​រវល់​តែ​នៅ​ក្នុង​ប៊ុ​យ​រ៉ូ​ម៉ាស៊ីនត្រជាក់​។

ជា​ចុង​ក្រោយ ​ប្រជាពលរដ្ឋ​ធ្វើការ​សំណូមពរ​ដល់​ក្រុមហ៊ុន រថយន្ត​ធំ​ៗ​ដឹក​ខ្សាច់​នោះ ធ្វើការ​ស្រោច​ទឹក និង​ជួសជុល​ផ្លូវ​ដែល​រង​ការ​ខូចខាត​ពិបាកធ្វើ​ដំណើរ និង​ហុយ​រាល់​ថ្ងៃនេះ​ផង​។

កន្លង​មក ​លោក ប៊ិ​ញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ទីតាំង​ជីក​កាយ​រណ្តៅ​ដី ឬ​បក បូម​ខ្សាច់​ក្តី ប្រសិនបើ​ការ​ដឹក​ជញ្ជូន​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ជំនាញ​និង​ធ្វើការ​បិទ​អាជីវកម្ម​នោះ​ភ្លាម​ ​។

​​ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ