ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​ស្នើ​រដ្ឋាភិបាល​លុប​បំបាត់​ការ​នាំ​ចូល​ផលិតផល​​ជជុះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ក្នុង​វិស័យ​ឯកជន​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​លុប​បំបាត់​ការ​នាំ​ចូល​ផលិតផល​ប្រើប្រាស់​ជជុះ​ដូច​ជា ទូទឹកកក ទូរទស្សន៍ និង​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ ដើម្បី​

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ក្នុង​វិស័យ​ឯកជន​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​លុប​បំបាត់​ការ​នាំ​ចូល​ផលិតផល​ប្រើប្រាស់​ជជុះ​ដូច​ជា ទូទឹកកក ទូរទស្សន៍ និង​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន ។

លោក​ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន G Gear ដែល​បាន​នាំ​ចូល​ផលិតផល LG ពី​ប្រទេស​កូរ៉េ បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២ សីហា ថា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​នា​ពេល​អនាគត និង​កាក​សំណល់​រឹង​នានា រាជរដ្ឋាភិបាល​គួរ​លុប​ចោលការ​នាំ​ចូល​ផលិតផល​ប្រើប្រាស់​ជជុះ ដើម្បី​លើកកម្ពស់​បរិស្ថាន និង​លុប​បំបាត់​ការ​ប្រកួតប្រជែង​មិន​ស្មើភាព​គ្នា ព្រោះ​មាន​ឈ្មួញ​មួយ​ចំនួន​បាន​នាំ​ចូល​ផលិតផល​ថ្មី ប៉ុន្តែ​ដាក់​ជា​ផលិតផល​ជជុះ​ដើម្បី​គេច​ពី​ការ​បង់ពន្ធ ។

លោក​បន្ត​ថា ៖« ដើម្បី​ឲ្យ​ផលិតផល​ជជុះ​បាត់​ពី​ទីផ្សារ ទាល់តែ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ច្បាស់លាស់​លុប​បំបាត់​ការ​នាំ​ចូល​ផលិតផល​ជជុះ និង​ទម្លាក់​ពន្ធ​លើ​ផលិតផល​ថ្មី​នាំ​ចូល » ។ លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា ប្រជាជន​បច្ចុប្បន្ន​បាន​ងាក​មក​ប្រើប្រាស់​ផលិតផល​ថ្មី​កាន់តែ​ច្រើន ដោយសារ​វា​មាន​តម្លៃ​សមរម្យ គុណភាព​ល្អ និង​មិន​បំពុលបរិស្ថាន » ។

លោក​ឧកញ៉ា សុខ ពិសិដ្ឋ បន្ថែម​ថា បច្ចុប្បន្ន ផលិតផល​ជជុះ​មិនសូវ​មាន​ទីផ្សារ​ទេ ហើយ​ការ​លក់​ផលិតផល​ថ្មី ក៏​បាន​កើនឡើង​ស្ទើរ​គ្រប់​ផ្នែក​ផង​ដែរ ។

ម្ចាស់​ហាង​លក់​សម្ភារ​លំនៅ​ឋាន​ចម្រុះ​ដូច​ជា ទូទឹកកក ម៉ាស៊ីនត្រជាក់ និង​ម៉ាស៊ីន​បោកគក់​សម្លៀក​បំពាក់ យីហោ ឈុ​ន លាភ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ផលិតផល​ជជុះ​នឹង​អាច​បាត់បង់​ពី​ទីផ្សារ​នៅ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​នេះ ព្រោះ​បច្ចុប្បន្ន​អ្នក​សួរ​រក​ទិញ​ផលិតផល​ជជុះមាន​ប្រមាណ​២០%​ប៉ុណ្ណោះ ដោយសារ​ប្រជាពលរដ្ឋ​កាន់តែ​យល់​ដឹង ហើយ​ផលិតផល​ថ្មី​ក៏​មាន​តម្លៃ​សមរម្យ​ផង​ដែរ ។

ម្ចាស់​ហាង​ដដែល​បន្ត​ថា ផលិតផល​ជជុះ និង​ថ្មី​ខ្លះ​មាន​តម្លៃ​មិន​ខុស​គ្នា​ខ្ពស់​ពេក​ទេ​។ ហេតុនេះ ការ​លក់​ផលិតផល​ជជុះ​បាន​ធ្លាក់​ចុះ​ច្រើន​នា​ពេល​បច្ចុប្បន្ន ព្រោះ​និន្នាការ​ប្រើប្រាស់​ផលិតផល​ថ្មី​ៗ​បាន​កើនឡើង ។ អ្នកស្រី​បន្ត​ថា បច្ចុប្បន្ន សូ​ម្បី​តែ​ហ្គា​ស ម៉ាស៊ីនត្រជាក់ ក៏​គេ​ប្រើប្រាស់​ប្រភេទ​ហ្គា​ស​ល្អ ដែល​មិន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ ។

ស្ត្រី​រូប​នេះ​បន្ត​ថា អ្នក​ប្រើប្រាស់​ផលិតផល​ជជុះ​មួយ​ចំនួន​មិនសូវ​មានការ​យល់​ដឹង ហើយ​អ្នកខ្លះ​ក៏​បាន​និយាយ​ថា ផលិតផល​ជជុះ ក៏​មានគុណ​ភាពល្អ​ផង​ដែរ ជា​ពិសេស ម៉ាស៊ីនត្រជាក់ ។

លោក​ឧកញ៉ា សុខ ពិសិដ្ឋ បន្ថែម​ថា ការ​កើនឡើង​នូវ​ជីវភាព​ប្រជាពលរដ្ឋ បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ប្រើប្រាស់​ផលិតផល​ថ្មី​កាន់តែ​ច្រើន ។ ហេតុនេះ ការ​លុប​បំបាត់​ការ​នាំ​ចូល​ផលិតផល​ជជុះ ជា​រឿង​ចាំបាច់​ដើម្បី​លើកកម្ពស់​បរិស្ថាន និង​បញ្ចៀស​ហានិភ័យ​នៃ​បរិស្ថាន​នា​ពេល​អនាគត ។

លោក​បន្ត​ថា ៖« ផលិតផល​ជជុះ មិន​ត្រឹមតែ​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​ទេ តែ​វា​ក៏​បាន​បង្កើន​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ ព្រោះ​ផលិតផល​ទាំងនោះ​ជា​របស់​ចាស់ និង​ស៊ី​ភ្លើង​ច្រើន » ៕