ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បដិសេធ​ការ​ផ្សាយ​របស់ VOA ថា មាន​ចេតនា​នយោបាយ​កខ្វក់​ចង់​បំបែកបំបាក់​ទំនាក់ទំនង​កម្ពុជា​-​ចិន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើការ​បដិសេធ ចំពោះ​ផ្សាយ​របស់វិទ្យុស​ហរដ្ឋ​អាមេ​រិក (VOA) ថា​មាន​ចេតនា​នយោបាយ​កខ្វក់ ចង់​បំបែកបំបាក់​ទំនាក់ទំនង​រវាង​កម្ពុជា​- ចិន…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើការ​បដិសេធ ចំពោះ​ផ្សាយ​របស់វិទ្យុស​ហរដ្ឋ​អាមេ​រិក (VOA) ថា​មាន​ចេតនា​នយោបាយ​កខ្វក់ ចង់​បំបែកបំបាក់​ទំនាក់ទំនង​រវាង​កម្ពុជា​- ចិន ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ លោក អាន សុខ​ខឿន​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៦ ខែ​កុម្ភៈ ​ឆ្នាំ​២០២៣ ​បាន​បកស្រាយ​បំភ្លឺ​ចំពោះ​អត្ថបទ​សារព័ត៌មាន​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រោម​ចំណងជើង​ថា “​កម្ពុជា​ស្វែងរក​ជំនួយ​បន្ថែម​ពី​ចិន ខណៈ​មានការ​ព្រួយបារម្ភ អំពី«​អន្ទាក់​បំណុល​»” ថា​អត្ថបទ​ខាងលើ​ផ្សាយ​ព័ត៌មាន​ខុស​ពី​ការ​ពិត និង​បំភាន់​សាធារណជន ​ក្រោម​ហេតុ​ផល​នយោបាយ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ បាន​ធ្វើការ​បកស្រាយ​បំភ្លឺ​លើ​អត្ថបទ​ខាងលើ ចំនួន​បី​ចំណុច​សំខាន់​ៗ​ថា ​ការ​ថ្លែង​ថា ទស្សនកិច្ច​នៅ​ប្រទេស​ចិន របស់សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ស​ប្តា​ហ៍​ក្រោយ​ធ្វើ​ឡើង “​ដោយ​សម្លឹងមើល​កម្ចី​ ​ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ” គឺជា​ព័ត៌មាន​ខុស​ពី​ការ​ពិត ​។ ការ​ពិត​ គឺគម្រោង​នេះ​ នឹង​មិន​ត្រូវ​គាំទ្រ​ដោយ​ប្រាក់​កម្ចី​ទេ​។ គម្រោង នេះ​ គឺ​បើកផ្លូវ​ជូន​ដល់​ការ​វិនិយោគ ក្នុង​រូបភាព BOT (Build, Operate and Transfer) ​។ ​ចំពោះរបាយការណ៍​របស់ VOA មិន​ត្រឹមតែ​ពុំ​មាន​លក្ខណៈវិជ្ជាជីវៈ​ទេ គឺ​ថែម​ទាំង​បំភាន់​សាធារណ​មតិ ដើម្បី​បម្រើ​នយោបាយ​។ ពុំ​មាន​លក្ខណៈ​ វិជ្ជាជីវៈ ព្រោះ​អ្នករាយការណ៍ VOA ពុំ​បាន​ផ្ទៀងផ្ទាត់​ប្រភព​ព័ត៌មាន​របស់​ខ្លួន​។ នេះ​គឺជា​ឧ​ទា​ហរណ៍​មួយ ​ក្នុង​ចំណោម​ឧទាហរណ៍​ ជា​ច្រើន​ទៀត ដែល​បង្ហាញ​ពី​គុណភាព​ទាប​របស់​អ្នក​សារព័ត៌មាន VOA ។ បំភាន់​សាធារណ​មតិ ក្រោម​ហេតុផល​នយោបាយ ព្រោះ​អត្ថបទ​នេះ ​សរសេរ​ឡើង​ដោយ​មាន​ចេតនា តែ​ម្តង​។

អ្នកនាំពាក្យ​ បាន​លើក​ឡើង​ទៀត​ថា កន្លង​មក សម្តេច​តេ​ជោ ហ៊ុន សែន ​និង​រដ្ឋមន្ត្រី​ផ្សេង​ៗ ​បាន​ផ្តល់​ការ​ពន្យល់​ជា​ច្រើន​លើក ច្រើន​សារ ចំពោះ​គម្រោង​នេះ​។ រាជរ​ដ្ឋាភិ​បាល​ ពុំ​មាន​បំណង​ខ្ចីប្រាក់​ពី​បរទេស​ ឲ្យ​ច្រើន​លើសលុប​ទេ​។ រាជរដ្ឋាភិបាល​មានភា​ព​ម៉ឺងម៉ាត់ ក្នុង​ការ​គ្រប់គ្រង​បំណុល​បរទេស និង​ផ្តល់​អាទិភាព​ស​ម្រាប់​តែ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​បន្ទាន់​ និង​ចាំបាច់ ដូច​ជា​ផ្លូវថ្នល់​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ដដែល ​បាន​លើក​ឡើង​ថា អ្នក​សារព័ត៌មាន VOA បាន​ព្រងើយកន្តើយ ដោយ​ចេតនា ចំពោះ​ការ​ពន្យល់​ទាំង​អស់នោះ និង​បន្ត​ប្រើប្រាស់​នយោ​បាយ​កខ្វក់ (dirty politics) ចំពោះ ទំនាក់ទំនង​កម្ពុជា​-​ចិន ​។

បើ​តាម​កា​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​បរទេស​កម្ពុជា ​ថា ​កម្ពុជា​សូម​ស្វាគមន៍​រាល់​ការ​វិនិយោគ​លើ​គម្រោង​នេះ ក្នុង​រូបភាព​ជា BOT (Build, Operate and Transfer)​។

​សូម​ជម្រាប​ថា​ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ បន្ទាប់​ពី​វិទ្យុ​សហរដ្ឋអាមេរិក​មួយ​នេះ បាន​ចេញផ្សាយ​នូវ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា «​កម្ពុជា​ស្វែងរ​ក​ជំនួយ​បន្ថែម​ពី​ចិន ខណៈ​មានការ​ព្រួយបារម្ភ​អំពី “​អន្ទាក់​បំណុល​”»​ ។
ក្រសួងការបរទេស​ថា​ អត្ថបទ​នេះ បាន​ចោទប្រកាន់​លើ​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ថា «​សម្លឹង​មើល​កម្ចី​ទឹកប្រាក់​ជាង៤​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ដែល​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់ ទីក្រុង​ប៉ោយ​ប៉ែ​ត នៃ​ខេត្តបន្ទាយមានជ័យ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ