ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ មកទស្សនា រាជធានីភ្នំពេញ កើន​ជាង ៦០០ភាគរយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ លោក ម៉ម វាសនា បានថ្លែងឲ្យដឹងថា រយៈពេល ១២​ខែ ពោលគឺពេញមួយ​ឆ្នាំ២០២២…

រាជធានីភ្នំពេញ៖ ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ លោក ម៉ម វាសនា បានថ្លែងឲ្យដឹងថា រយៈពេល ១២​ខែ ពោលគឺពេញមួយ​ឆ្នាំ២០២២ កន្លងទៅ ភ្ញៀវទេសចរអន្តរជាតិ បានមកទស្សនា ឬសម្រាកកម្សាន្ត នៅរាជធានីភ្នំពេញ មានចំនួន ១.០៥៨.៥៤៦នាក់។ គឺកើនប្រមាណ៦៣៤,២% បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុង​ឆ្នាំ២០២១។ ចំណែកភ្ញៀវទេសចរជាតិ មានប្រមាណ ២.៤០៨.៩៧៦ នាក់ផងដែរ។

លោក ម៉ម វាសនា បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក ជាស្រ្តី បម្រើការងារក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ កាលពីពេលថ្មីៗនេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវកិត្តិសង្ហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​។ ក្នុងពិធីនោះ ក៏មានការចូលរួមពីម្ចាស់អាជីវកម្ម និងបុគ្គលិកបម្រើការងារផ្នែកសេវា​កម្សាន្តទេសចរណ៍មនុស្សពេញវ័យយ៉ាងច្រើនផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងថា វិស័យទេសចរណ៍របស់​កម្ពុជាយើង បានបង្ហាញពីការងើបទ្បើងវិញជាបណ្តើរៗ នៅក្នុងឆ្នាំ២០២២ ស្របជាមួយនឹង​ការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ ដោយសារតែ​ការគ្រប់គ្រងបានល្អប្រសើរនៃវិបត្តិកូវីដ១៩​។ ជាក់ស្តែង នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ទទួលបានភ្ញៀវទេសចររហូតដល់ ៣.៤៦៧.៥៣២នាក់ ហើយបើប្រៀបនឹងឆ្នាំ២០២១ មានការកើនទ្បើងប្រមាណ ១៥៤%។

លោក ម៉ម វាសនា ក៏បានឲ្យដឹងដែរថា ជាមួយនឹងកំណើននៃភ្ញៀវទេសចរខាងលើនេះ រាជធានីភ្នំពេញ ទទួលបាននូវជើងហោះហើរចំនួន ៨.៧៤០ជើងហោះហើរ ចូលមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាចំនួនកើនទ្បើង គួរឲ្យកត់សម្គាល់។

លោកបានបញ្ជាក់បន្ថែមដែរថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ មានអាជីវកម្មជាច្រើន​ប្រភេទកំពុងបើកដំណើរការជាធម្មតា ដែលរួមមាន អាជីវកម្មសណ្ឋាគារ អឺផាតម៉ិន ផ្ទះសំណាក់ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាកម្មម៉ាស្សា ស្ប៉ា កីទ្បាទេសចរណ៍ អាជីវកម្មដឹកជញ្ជូនផ្លូវគោគផ្លូវទឹក និងអាជីវកម្មសេវាកម្មកម្សាន្ត​ទេសចរណ៍មនុស្សពេញវ័យ។

លោកបន្តថា នៅរាជធានីភ្នំពេញ អាជីវកម្មសេវាកម្សាន្តមនុស្សពេញវ័យ បានបើកដំណើរការចំនួន ២០៩ អាជីវកម្ម ក្នុងនោះ មានអាជីវកម្មខារ៉ាអូខេ ចំនួន១៤១ ក្លឹបកម្សាន្តឌីស្កូថេក ចំនួន៣១ និងបៀហ្គាឌិន ចំនួន៣៧ ហើយមានបុគ្គលិកបម្រើការងារ ក្នុងប្រព័ន្ធចំនួន ៤.៩០៧នាក់ និងបុគ្គលិកបម្រើការងារក្រៅប្រព័ន្ធចំនួនរាប់សិបម៉ឺននាក់ឯណោះ។

សូមជម្រាបថា ពិធីសំណោះសំណាលដ៏មានអត្ថនយ័ខាងលើនេះ ត្រូវបាន​មន្ទីរទេសចរណ៍រាជធានីភ្នំពេញ រៀបចំចំនួន ២លើករួចមកហើយ ដែលមានម្ចាស់អាជីវកម្ម និងមេការជាស្ត្រី ចូលរួមចំនួន ៥៨៧នាក់ ដែលមកពី ៦ខ័ណ្ឌក្នុងរាជធានីភ្នំពេញ រួមមាន ខ័ណ្ឌមានជ័យ ច្បារអំពៅ ជ្រោយចង្វារ ព្រែកព្នៅ និងឬស្សីកែវ។

កិច្ចប្រជុំ​នេះ ក៏បានធ្វើឡើងភ្លាមៗ ក្រោយ​សម្តេចតេជោ ហ៊ុន សែន ក្នុងមហាសន្និបាត​របស់គណបក្ស​ប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ បានប្រកាស​ផ្តល់​មេធាវី​ការពារក្តីដល់​ស្ត្រីបម្រើការងារ​ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែក​សេវាកម្សាន្ត រួមទាំង​ការផ្តល់​បណ្ណប.ស.ស ដល់ក្រុមស្ត្រីបម្រើការ ក្នុងសេវាកម្សាន្ត​ផងដែរ​៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ