ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ស៊ី​ឈ្នួល​ចិញ្ច្រាំ​ដំឡូង​មី​ បានប្រាក់កម្រៃ​សមរម្យ​ ចៀសវាង​ចំណាកស្រុក​ទៅ​ថៃ

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ដូច​ជា ខេត្តបាត់ដំបង ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ឆ្នាំង​ និង​ខេត្ត​តាកែវ បាន​ចូល​មក​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ មើមដំឡូង​មី​ នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ខណ​:​ដែល​ថៅកែ​បាន​ទិញ​មើមដំឡូង​មី​ពី​តាម​ចំការ​ប្រជាពលរដ្ឋ​យក​ទៅ​ចាក់​គរ​ឱ្យ​ពួក​គាត់​នាំ​គ្នា​កា.ប់​ចិញ្ច្រាំ​ដាក់​ហាល​ស្ងួត រួច​ទើប​គេ​ប្រមូល​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​មើមដំឡូង​មី​ស្រស់​តែ​ម្តង​។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ឈ្មោះ ព្រំ សុភា រស់នៅ​ខេត្តពោធិ៍សាត់ ស្ត្រី​ឈ្មោះ ណា​វី អាយុ​៤៥​ឆ្នាំ និង​ឈ្មោះ ស្រី​ស អាយុ​៣២​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ក្រោយ​សម្រាក​ពី​ការងារ​ស្រែ​ចំការ​នៅ​ឯ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន ពួក​គាត់​បាន​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​បោះ​តង់​សម្រាក ស៊ីឈ្នួល​កា.ប់​ចិញ្ច្រាំ​មើមដំឡូង​មី​ឱ្យ​ថៅកែ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

តាម​ប្រភព​បន្ត​ទៀត​ថា ការ​កា.ប់​ចិញ្ច្រាំ​មើមដំឡូង​មីនេះ ក្នុង​១​កញ្ឆេ​ទទួល​បាន​ប្រាក់​កម្រៃ​១.០០០​រៀល ដោយ​ក្នុង​១​ថ្ងៃ​ៗ ពួក​គាត់​ដែល​កា.ប់​ចិញ្ច្រាំ​លឿន​ទទួល​បាន​ថវិកា​ចាប់ពី​៣​ទៅ​៤​ម៉ឺន​រៀល អ្នកខ្លះ​ទៀត មានកូន​ប្រពន្ធ និង​ប្តី ជួយ​កា.ប់​ចិញ្ច្រាំ​គ្នា ក៏​បាន​ថវិកា​រហូត​ដល់​១​ថ្ងៃ ចាប់ពី​៨​ទៅ​៩​ម៉ឺន​រៀល​ផង​ដែរ​។ អ្នកខ្លះ​ទៀត ធ្វើការ​ពេល​ថ្ងៃ​ហើយ រហូត​ដល់​ពេល​យប់​នាំ​គ្នា​ដាក់​ភ្លើងអគ្គិសនី​បំភ្លឺ កា.ប់​ចិញ្ច្រាំ​បន្ថែម រហូត​ដល់​យប់​ជ្រៅ ទើប​នាំ​គ្នា​ឈប់​សម្រាក ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​កាន់តែ​ច្រើន ព្រោះ​ពួក​គាត់​មិន​ចង់​ធ្វើ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​ធ្វើ​ការងារ​ឱ្យ​គេ​នៅ​ប្រទេស​ថៃ​នោះ​ទេ លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល ត្រូវ​បង់ថ្លៃ​លិខិតឆ្លងដែន បើ​មាន​បញ្ហា​ជំងឺ​រោគា​កើតឡើង​ក៏​លំបាក​ក្នុង​ការ​រក​ពេទ្យ​ព្យាបាល ពិសេស​គឺ​នឹក​ដល់​ផ្ទះសម្បែង​ផង​ដែរ​។

តាម​ប្រភព​បញ្ជាក់​ទៀត​ថា អ្នកខ្លះ ចូល​មក​ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​មើមដំឡូង​មីនេះ អស់​រយ​:​ពេល​២​ទៅ​៣​ខែ​មក​ហើយ អ្នកខ្លះ​ទៀត​តែ​ចូល​មក​បោះ​តង់ ស្នាក់​នៅ​លើ​ដី ដែល​ថៅកែ​ជួល​គេ ដើម្បី​នាំ​គ្នា​ធ្វើការ​កា.ប់​ចិញ្ច្រាំ​មើមដំឡូង​មី រហូត​ដល់​ពេល​រដូវ​ធ្លាក់​ភ្លៀង​នា​ខែ​ខាង​មុខ ទើប​ពួក​គាត់​នាំ​គ្នា​ឈប់​សម្រាក​ត្រឡប់​ទៅ​ធ្វើស្រែ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​។

សូម​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ទីផ្សារ​មើមដំឡូង​មី​ពេល​នេះ ឡើងថ្លៃ​ខ្ពស់​ខ្លាំង ដោយ​ឈ្មួញ​ទិញ​១​គីឡូក្រាម តម្លៃ​៣.៣​បាទ (​ប្រាក់​ថៃ​) ជាង​៣០០​រៀល លុះ​កា.ប់​ចិញ្ច្រាំ​ហាល​ស្ងួត លក់​បាន​១​គីឡូក្រាម តម្លៃ​ចាប់ពី​៧.៥​ទៅ​៧.៨​បាត ជាង​៧០០​រៀល​ក្នុង​១​គីឡូក្រាម ដែល​តម្លៃ​នេះ គេ​ចាត់​ទុក​ថា ឡើង​ខ្ពស់ ជាង​ឆ្នាំ​នានា​កន្លង​មក ដែល​មិន​ធ្លាប់​មាន​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ