ភ្នំពេញ៖ រាជរដ្ឋាភិបាល នៅយប់ថ្ងៃទី៣០ ខែមករានេះ បានចេញប្រកាសព័ត៌មាន ស្តីពី សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល អំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល ៣ខែ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានសម្រេចបន្តផ្តល់សម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតការពិន័យ សម្រាប់ឆ្នាំ២០២៣ សម្រាប់វិស័យទេសចរណ៍។
រាជរដ្ឋាភិបាល ក៏បន្តជំរុញអាជីវកម្ម ក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ តាមការចាំបាច់។




ចែករំលែកព័តមាននេះ