តារាចម្រៀង​2​ដួង​ប្រាប់​គន្លឹះ​ថែរក្សា​សំឡេង​ឱ្យ​នៅ​តែ​ពីរោះ


រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើង​ចាស់​លោក​សុះ ម៉ាច និង​អ្នកស្រី​សួន ច​ន្ថា ទឹកដម​សំឡេង​នៅ​តែ​ពីរោះ​ដូច​មុន​ដដែល​ទោះបី​ឆ្លងកាត់​ពេលវេលា​ច្រើន​ឆ្នាំ​ក្តី ។

តារាចម្រៀង ល្បី​ៗ​ភាគច្រើន​យកចិត្ត​ទុក​ខ្ពស់​បំផុត​លើ​ការ​ថែរក្សា​សំឡេង​ឱ្យ​នៅ​តែ​ពីរោះ បន្ថែម​ពីលើ​អ្វី​ដែល​ពួក​គេ​បាន​ទទួល​ពី​កំណើត ។

តារាចម្រៀង​លោក​សុះ ម៉ាច ជា​កូនបង្កើត​របស់​តារាចម្រៀង​លោក​សុះ ម៉ាត់ កាលពី​ពេល ថ្មី​ៗ កន្លង​មក​អះអាង​ថា វិធី​ថែរក្សា​សំឡេង​របស់​លោក​ឱ្យ​នៅ​តែ​មាន​ទឹកដម​នោះ គឺ​មិន​ខុស​ពី​តារាចម្រៀង ផ្សេង​ៗ​ទៀត​ឡើយ ។ លោក​និយាយ​ថា​«​ដើម្បី​ឱ្យ​សំឡេង​យើង​នៅ​តែ​ពីរោះ​នោះ​គឺ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ថែរក្សា​សុខភាពឱ្យ​បាន​ល្អ ការ​ហាត់​កីឡា និង​ការ​ហាត់ពត់​លុត​ដំ​សំឡេង​បន្ថែម​នូវ​ការ​ច្រៀង ។ ការ​ច្រៀង​នេះ​ដូច​ជា​ការ​រៀនសូត្រ​ដែរ គឺ​គ្មាន​ទី​បញ្ចប់​ឡើយ ។

ដោយឡែក​សម្រាប់​របប​អាហារ​ក៏​ជា​ការ​ចាំបាច់​មួយ​ផង​ដែរ មុន​ពេល​យើង​ឡើង​ច្រៀង ម្តង​ៗ​ជា​ពិសេស​គ្រឿង​ផ្អាប់ ប្រហុក​ផ្អក​ដែល​ម្ហូប​ទាំងនេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញ​សំឡេង​របស់​យើង​» ។

បើ​តាម​លោក​សុះ ម៉ាច សម្រាប់​លោក​ផ្ទាល់​ការ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ការ​ហាត់ប្រាណ និង​ការ​បរិភោគ​អាហារ គឺ​លោក​តែងតែ​ធ្វើ និង​មានការ​ប្រុង​ប្រយ័ត្ន​ដើម្បី​អាច​ថែរក្សា​សំឡេង​បាន​ល្អ ហើយ​ជា​ពិសោធ​មិត្តភក្តិ​របស់​លោក​មួយ​ចំនួន​ធ្លាប់​សរសើរ​ថា​សំឡេង​លោក​កាន់តែ​ចាស់​គឺ​កាន់តែ​ល្អ ។

ដោយឡែក​តារាចម្រៀង​អ្នកស្រី​សួន ច​ន្ថា អះអាង​ថា​«​បើ​ទោះបីជា​យើង​មាន​សំឡេង​ដែល​ជា​អំណោយផល​ពី​ធម្មជាតិ​ហើយ​នោះ​ក៏​យើង​ត្រូវ​ទទួល​ការ​បង្ហាត់បង្រៀន​ជា​បន្ថែម​ទៀត​ផង​ដែរ ។

សម្រាប់​ខ្ញុំ​ផ្ទាល់ គឺ​តែងតែ​ប្រើ​ពេលវេលា​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ហើយ​ព្យាយាម​ទទួលទាន​ទឹក​ក្តៅ ឧណ្ហ​ៗ ហើយ​មិនសូវ​ជា​ញ៉ាំ​គ្រឿង​ផ្អាប់​ដូច​ជា​ប្រហុក ផ្អក​ច្រើន​ឡើយ ។ សាច់​នៅ​បំពង់ក​យើង​វា​ខ្ចី​ណាស ់កាលណា​យើង​ញ៉ាំ​គ្រឿង​អស់ទាំង​នេះ​វា​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញ​សំឡេង​របស់​យើង​ដូច​ជា ស្អា​រក ស្អក​កនិយាយ​មិន​ចេញ សំឡេង​ក្ងួរ និង​ផ្តាសាយ​ជាដើម​ដែល​ក​ក្តា​នេះ​បាន​ជះ​ឥទ្ធិពល​ធ្វើ​ឱ្យ​យើង​ច្រៀង​មិន​ពីរោះ​ឡើយ​» ។

ម្ចាស់​បទ​កាម​ទេព​ស្នេហ៍​អ្នកស្រី​សួន ច​ន្ថា បញ្ជាក់​ទៀត​ថា សំឡេង​ដែល​ច្រៀង​ទៅ​មាន​ភាព​ថ្លា​ល្អ​នោះ គឺ​ពិសេស​ណាស់​ទាមទារ​ការ​ទទួលទានដំណេក​មួយ​ថ្ងៃ​ឱ្យ​បាន​ចាប់ពី​៦​ទៅ​៧​ម៉ោង និង​ការ​ហាត់ប្រាណ​ជា​ទៀងទាត់ ។

សម្រាប់​បទ​ពិសោធន៍​នៃ​ការ​ថែរក្សា​សំឡេង​នេះ អ្នកស្រី​សួន ច​ន្ថា ចាត់​ទុក​គឺជា​វិធីសាស្ត្រ​ទូទៅ​មួយ​ដែល​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​តារាចម្រៀង​ទាំងអស់​ដែល​មានកេរ្តិ៍ឈ្មោះ​ក្នុង​ការ​អនុវត្ត​ជា​ប្រចាំ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ