ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំចិន ខេត្តព្រះសីហនុ ទទួលបាន​អ្នកទេសចរច្រើនជាងគេ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានប្រកាសនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះថា នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល ៤ថ្ងៃ (២១-២៤…

ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានប្រកាសនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះថា នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល ៤ថ្ងៃ (២១-២៤ ខែមករា ឆ្នាំ២០២៣) ភ្ញៀវទេសចរ បានចេញដើរកម្សាន្ត្រទូទាំងប្រទេសសរុប ១,០៤៩,២២២នាក់ ក្នុងនោះ ភ្ញៀវជាតិ ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស ៤២,០៥៦នាក់។ ក្នុងចំណោម​រាជធានីខេត្តទាំង ២៥ គឺខេត្តព្រះសីហនុ ទទួល​បានអ្នកទេសចរទៅលេងច្រើនជាងគេ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិននេះ​។

ក្រសួងទេសចរណ៍ បានប្រកាសពីគោលដៅទេសចរណ៍សំខាន់ៗ រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិននេះ រួមមាន៖ ខេត្តព្រះសីហនុ ២៩៦,០២៨នាក់ ខេត្តសៀមរាប ១០៥,៤៨១នាក់ ខេត្តបាត់ដំបង ១០២,៧៧៨នាក់ ខេត្តកំពត ៨២,១៩៩នាក់ ខេត្តប៉ៃលិន ៨១,៥០០នាក់ ខេត្តកំពង់ចាម ៦៧,៩១៤នាក់ និង​ខេត្តកែប ៦៧,០៣០នាក់។

ក្រសួងទេសចរណ៍ បន្ថែមថា ដោយសារចូលឆ្នាំចិន ឆ្នាំនេះ ប៉ះចំចុងសប្តាហ៍។ ដូច្នេះយើងសង្កេតឃើញថា ចរន្តភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ ទៅកាន់គោលដៅទេសចរណ៍នានា មានសភាពផុសផុលច្រើន ខណៈដែលប្រជាពលរដ្ឋមួយចំនួន បានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើត តាំងពីល្ងាចថ្ងៃសុក្រ ដើម្បីរៀបចំសែនតាមប្រពៃណីចិន។

ក្រសួងបន្ថែមថា ប្រជាជនមួយចំនួន បានត្រឡប់ចូលរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ហើយខ្លះទៀត បានត្រលប់ចូលវិញនាល្ងាចថ្ងៃអង្គារម្សិលម៉ិញ ខណៈដែលអាជីវករ នៅតាមផ្សារ និងលក់ដូរនៅតាមផ្ទះ បានបិទតូប និងបិទ​ហាងជាបណ្តោះអាសន្ន ក្នុងរយៈពេលចូលឆ្នាំនេះ ដើម្បីជួបជុំគ្រួសារ និងដើរកម្សាន្ត ស្របពេលអង្គភាព និងស្ថាប័នមួយចំនួន បានអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាក ដោយដាក់ជាកម្មវិធីប្រជុំបូកសរុបប្រចាំឆ្នាំ ជាដើម។

ក្រសួងទេសចរណ៍ ក៏បានកត់សម្គាល់ថា គោលដៅទេសចរណ៍ទូទាំងប្រទេស សុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរកកកុញ ខណៈប្រជាពលរដ្ឋភាគច្រើន ដើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀត ដើរកម្សាន្តច្រើនគោលដៅ។ ដោយឡែក សម្រាប់ខេត្តព្រះសីហនុ ភ្ញៀវទេសចរភាគច្រើន ទៅព្រឹក មកវិញល្ងាច ជាមួយការធ្វើដំណើរតាមផ្លូវល្បឿនលឿន។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏បានកត់សម្គាល់ថា ប្រជាពលរដ្ឋមួយចំនួន បានយកតាមខ្លួននូវម្ហូបអាហារ ដែលបានសែនរួច ទៅបរិភោគ តាមតំបន់ទេសចរណ៍​ ដើម្បីកាត់បន្ថយចំណាយមួយចំនួនផងដែរ។ ចំពោះការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាទូទៅ មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយ កើតឡើង គួរកត់សម្គាល់។ គណៈបញ្ជាការឯកភាពគ្រប់រាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានចាត់កម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗ និងគោលដោទេសចរណ៍នានា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ