ខេត្តសៀមរាប៖ គម្រោងអភិរក្ស និងជួសជុសជ្រុងខាងជើងប្រាសាទភ្នំបាខែង ដែលអនុវត្តន៍គម្រោងដោយមូលនិធិប្រាសាទពិភពលោក (World Monuments Fund) កំពុងបន្តទៅមុខ ដែលមកដល់បច្ចុប្បន្ន គម្រោងសម្រេចបានប្រមាណ ៥០ភាគរយហើយ។
លោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានឱ្យដឹងថា គម្រោងជួសជុលនៅជ្រុងខាងជើងប្រាសាទភ្នំបាខែង ជំហានទី៣ អនុវត្តន៍ពីឆ្នាំ២០១៩ ដែលមកដល់បច្ចុប្បន្ននេះ សម្រេចបាន ៥០ភាគរយហើយ។ លោកស្រីបញ្ជាក់ថា ការងារនេះ អាចចំណាយពេលខ្ទង់ ៦ឆ្នាំទៀត ដើម្បីរួចរាល់ជាស្ថាពរ។
មិនខុសពីប្រាសាទដទៃទៀតទេ ប្រាសាទភ្នំបាខែងរងការខូចខាតដោយសារកត្តាពេលវេលា អាកាសធាតុ ដែលធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទនេះ ខូចខាត និងទ្រេត ហើយកន្លែងខ្លះរលំផងដែរ ដូចជា នៅតាមជ្រុងនីមួយៗ ដោយសារមានទឹកហូរច្រោះ។
ការជួសជុល គេត្រូវកាយថ្មនៅបាតគ្រឹះចេញ ដោយបុកបង្ហាប់ គ្រឹះថ្មី និងធានាថា ទឹកមិនហូរច្រោះតទៅទៀត។ ក្រៅពីនោះ ក៏មានការជួសជុលតួប៉ម នៅតាមជ្រុងនីមួយៗផងដែរ ដែលបានបាក់ និងដួលរលំ។ល។
អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានបញ្ជាក់ថា គម្រោងអភិរក្ស និងជួសជុលប្រាសាទ ភ្នំបាខែង ដែលជាគម្រោងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីឆ្នាំ២០០៩ មក។ នៅជំហានបន្ទាប់ WMF នឹងគិតគូរជួយអភិរក្សប្រាសាទដទៃទៀត ក្នុងតំបន់រមណីយដ្ឋានអង្គរ។
បន្ទាប់ពីមានវត្តមាននៅខេត្តសៀមរាបជាង ៣០ឆ្នាំមក WMF បានជួយកិច្ចអភិរក្សនៅប្រាសាទមួយចំនួន ដូចជា ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែងជាដើម៕ ដោយ ច័ន្ទ រស្មី
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ