រាជធានីភ្នំពេញ ៖ ស្ងាត់ៗ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក វ៉ាយ បានចាកចេញពីទ្រនំ សាន់ដេ ដែលលោកបានរួមរស់អស់ជាច្រើនឆ្នាំ ដោយតារារូបនេះក៏បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់លោក ទាក់ទងជាមួយនឹងការចាកចេញមួយនេះផងដែរ។
ទាក់ទងជាមួយការចាកចេញដោយស្ងាត់ៗនេះ បានធ្វើឱ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង ដោយអ្នកខ្លះបានពោលថា តារារូបនេះនឹងរកទ្រនំថ្មី និងខ្លះទៀតបាននិយាយថា ការចាកចេញមកនេះ ប្រាកដជាមានមូលហេតុ។
![Picture]()
ប្រាកដណាស់ លោកវ៉ាយ ដែលជាតារាចម្រៀងកំពុងទទួលបាននូវការគាំទ្ររូបនេះ បានពោលនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនដោយរៀបរាប់ថា «រយៈពេលជិត៦ឆ្នាំដែលជ្រកក្រោមទ្រនំផលិតកម្ម សាន់ដេ ថ្ងៃនេះខ្ញុំពិតជាតានតឹង និងសោកសៅខ្លាំងណាស់ ខ្ញុំបានសម្រេចចិត្តសម្រាក និងបញ្ចប់ការងារជាមួយផលិតកម្ម សាន់ដេ ហើយ អរគុណមេ អរគុណក្រុមការងារ ជាពិសេសអរគុណបងប្អូនសំរាប់ការគាំទ្រកន្លងមក អរគុណមនុស្សជាទីស្រលាញ់ ដែលតែងតែនៅក្បែរៗខ្ញុំ ពេលខ្ញុំមានកម្លាំងចិត្តឡើងវិញ ខ្ញុំនឹងក្រោកឈរបន្តក្តីស្រមៃ និងចេញបទចម្រៀងថ្មីអោយបងប្អូនទាំងអស់គ្នាដោយក្តីស្រលាញ់»។
ទាក់ទងជាមួយនឹងសំណេរមួយនេះ តារាចម្រៀងលោកវ៉ាយ ហាក់ដូចជាកំពុងតែមានរឿងអ្វីមួយដែលោកកំពុងមានបញ្ហា ត្រង់លោកពោលថា ពេលដែលលោកមានកម្លាំងចិត្តឡើងវិញ នោះ លោកនឹងបន្តនៅលើផ្លូវសិល្បៈមួយនេះបន្តទៀត»។ តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព តារាចម្រៀងលោក វ៉ាយ នឹងបកស្រាយចម្ងល់សម្រាប់មហាជនទាក់ទងជាមួយនឹងការចាកចេញមួយនេះ។
![Picture]()
ប្រាកដណាស់ ការចាកចេញមួយនេះ លោកបានពោលដោយចំៗថា លោកអាចមានបញ្ហា បាក់ទឹកចិត្ត ដោយលោកចង់សម្រាកបន្តិចសិន ហើយការសម្រាកលំហែកាយមួយនេះ លោកនឹងមើលថែខ្លួនលោកអោយបានល្អប្រសើរជាទីបំផុត មុនពេលដែលលោកចូលច្រៀងវិញ។ ទាក់ទងនឹងការចូលច្រៀងវិញនេះ ទៀតសោតតារាចម្រៀងលោក វ៉ាយ ក៏បាននិយាយថា ប្រសិនបើមាននិស្ស័យនោះលោកនឹងវិលចូលផលិតកម្ម សាន់ដេ វិញ ជាក់ជាពុំខាននោះទេ។
តារាចម្រៀងលោក វ៉ាយ ដែលជាមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ បានពោលបន្តថា លោកបានចូលជ្រកក្រោមទ្រនំនៃផលិតកម្ម សាន់ដេ អស់ជាច្រើនឆ្នាំមកហើយ ដោយគិតត្រួសៗទៅ៦ឆ្នាំ ដោយចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ។
![Picture]()
គួររំលឹកផងដែរថា តារាចម្រៀងលោក វ៉ាយ កំពុងតែទទួលបាននៅការគាំទ្រ តែបែរជាតារាចម្រៀងដ៏ស្រស់សង្ហាររូបនេះ បានចាកចេញដោយសារតែបញ្ហាសុខភាព ប្រាកដណាស់ ការចាកចេញមួយនេះ ធ្វើអោយអ្នកគាំទ្ររបស់លោកមានសោកស្តាយជាខ្លាំង។
ជាចុងក្រោយ តារាចម្រៀងលោក វ៉ាយ បានជូនពរដល់អ្នកគាំទ្ររបស់លោកអោយពើបប្រទះអ្វីដែលល្អ ចៀសឆ្ងាយពីជំងឺផ្សេងៗ និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ ហើយលោកនឹងវិញចូលសិល្បៈវិញឆាប់ៗ តាមការចង់បានរបស់ហ្វេន៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ