ខេត្តព្រះសីហនុ ៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន-វៀតណាម ពីថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ មានចំនួនប្រមាណជាង១២ម៉ឺននាក់ នេះបើយោងតាមការបញ្ជាក់ពីលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាននាព្រលប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ លោក តាំង សុចិត្តគ្រឹស្នា បានគូសបញ្ជាក់យ៉ាងដូច្នេះថា ភ្ញៀវទេសចរមកសម្រាកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នាថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ធៀបនឹងឆ្នាំ២០២២ គឺមានភ្ញៀវទេសចរប្រមាណ ១២៣,៣២៤នាក់ កើនឡើង៣២,៩៥% ក្នុងនោះភ្ញៀវជាតិប្រមាណ១២០,៩៤២នាក់ កើនឡើង ៣៤,៤១% និងភ្ញៀវបរទេស២,៣៨២នាក់ ថយចុះ១៤,៤៧%។ ចំណែកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ចូលឆ្នាំចិនមានជើងហោះហើរចុះចតនៅព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុចំនួន០២ជើង មានភ្ញៀវសរុបចំនួន៩៥នាក់ ក្នុងនោះភ្ញៀវជាតិ៥នាក់ និងភ្ញៀវអន្តរជាតិ៩០នាក់ (ឆ្នាំ២០២២ ពុំមានជើងហោះហើរទេ)។

លោក តាំង សុចិត្តគ្រឹស្នា បានបន្តថា ភ្ញៀវទេសចរតាមបណ្តាកោះនានាវិញ សរុបប្រមាណចំនួន ១.៦៣៧នាក់ កើនឡើង៤១% ក្នុងនោះភ្ញៀវជាតិប្រមាណ៨១៧នាក់ កើនឡើង៤៥,៨៩% និងភ្ញៀវបរទេសប្រមាណ៨២០នាក់ កើនឡើង៣៦,៤៤%។ ចំណែកភ្ញៀវតាមបណ្តាឆ្នេរនានា និងតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានភ្ញៀវទេសចរសរុប ១២១.៥៩២នាក់ កើនឡើង ៣២,៧៤% ក្នុងនោះភ្ញៀវជាតិ១២០.១២០នាក់ កើនឡើង៣៤.៣៤% និងភ្ញៀវបរទេស ១,៤៧២នាក់ ថយចុះ៣២,៦០%។

លោក តាំង សុចិត្តគ្រឹស្នា បានគូបញ្ជាក់ផងដែរថា ចំពោះមូលហេតុដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រុកមកកម្សាន្តនៅខេត្តព្រះសីហនុ មានការកើនឡើងគួរឲ្យកត់សម្គាល់ នេះគឺដោយសារកត្តាសន្តិសុខ សុវត្ថិភាពមានភាពល្អប្រសើរ មានឆ្នេរស្អាតដ៏វែងជាងគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រ៣ផ្សេងទៀត និងមានបរិយាកាសល្អ ឆ្នេរសាធារណៈងាយស្រួលភ្ញៀវទេសចរមកកំសាន្ត ដោយពុំមានការបង់ប្រាក់ អាចក្រាលកន្ទេល និងយកម្ហូបអាហារមកពិសាដោយសេរី ជាពិសេសខេត្តព្រះសីហនុមានផ្លូវល្បឿនលឿនងាយស្រួលធ្វើដំណើរមកកំសាន្តផងដែរ គឺចំណាយពេលត្រឹមតែ២ ម៉ោងប៉ុណ្ណោះ ចាប់ពីភ្នំពេញមកក្រុងព្រះសីហនុ។

លោក តាំង សុចិត្តគ្រឹស្នា បានគូបញ្ជាក់ទៀតថា ដោយសារកត្តាទាំងនេះហើយ ទើបធ្វើឲ្យខេត្តព្រះសីហនុ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនាមួយរយៈពេលចុងក្រោយនេះ ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដូចនេះក្នុងនាមរូបលោកផ្ទាល់ លោកសង្ឃឹមថា នៅថ្ងៃខាងមុខ ភ្ញៀវទេសចរនឹងកាន់តែមានការកើនឡើងទ្វេរដងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារខេត្តព្រះសីហនុ កំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធអេកូទេសចរណ៍ជាច្រើនកន្លែងទៀត នៅតាមរមណីយដ្ឋាននានា ក៏ដូចជានៅតាមបណ្ដាកោះជាច្រើននៃខេត្តព្រះសីហនុ។






ចែករំលែកព័តមាននេះ