តាមទីភ្នាក់ងារព័ត៌មានបរទេសផ្សាយថ្ងៃទី២២ មករា ថា តាមរយៈលទ្ធផលស្រាវជ្រាវដែលរៀបចំឡើងដោយលោកម៉ាកូ តេដេស្កូ នៅមជ្ឈមណ្ឌលប្រមូលទិន្នន័យតំបន់ទឹកកក បានឱ្យដឹងថា ការរលាយទឹកកកក្នុងឆ្នាំកន្លងទៅមានលក្ខណៈខុសប្រក្រតី ដោយតំបន់ខ្លះរលាយយូរដល់ទៅ៥០ថ្ងៃ ខ្ពស់ជាងកំរិតមធ្យមក្នុងឆ្នាំ២០១០ ។
ការរលាយទឹកកកចាប់ផ្តើមកាន់តែឆាប់ក្នុងដំណាច់ខែមេសា និងយឺតជាងមុនគឺរហូតដល់ពាក់កណ្តាលខែកញ្ញា ដែលមានរយៈពេល៣០ឆ្នាំមកហើយ ។ ទឹកកកនៅតំបន់ហ្គ្រីនលែន រលាយកាន់តែច្រើនគឺប្រហែល១,៧ម៉ឺនគីឡូម៉ែត្រក្រឡា ក្នុងមួយឆ្នាំ ដោយការរលាយកើនឡើងប៉ុនទំហំទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១០ ។ លោកតេដេស្កូ បានថ្លែងទៀតថា ទឹកកកមានសភាពស្រអាប់ជាងព្រិលធ្វើឱ្យមានការស្រូបយកពន្លឺព្រះអាទិត្យច្រើន ដោយយើងបានធ្វើការអង្កេតលើគំរូផ្សេងៗលើផ្ទៃនៃសមុទ្រទឹកកក ដែលមានល្អងធូលី និងផ្សែងគ្របដណ្តប់លើផ្ទៃទឹកកក និងផលប៉ះពាល់នៃការរលាយទឹកកកនឹងធ្វើឱ្យមានកំណើនកំរិតទឹកសមុទ្រ ។
បច្ចុប្បន្ន ទឹកកកដែលរលាយពីតំបន់ហ្គ្រីនលែន ធ្វើឱ្យកំរិតទឹកសមុទ្រនៅលើសាកលលោកកើនកំពស់០,០២អ៊ីញ ទោះបីជាចំនួនតិចតួច ប៉ុន្តែក៏មានផលប៉ះពាល់យ៉ាងធំធេង ហើយតំបន់ហ្គ្រីនលែនមានទឹកកកប្រហែល១ភាគ២០នៃ ទឹកកកសរុបនៅទូទាំងពិភពលោក ។ ប្រសិនបើទឹកកកនៅ តំបន់នេះរលាយអស់ នឹងធ្វើឱ្យកំរិតទឹកសមុទ្រកើនខ្ពស់ដល់ទៅ២១ហ៊្វូត ៕
ចែករំលែកព័តមាននេះ