ខេត្តក្រចេះ ៖ លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានដឹកនាំក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កាំពី និងប៉ុស្តិ៍ជ្រោយបន្ទាយចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេ សាទតាមដងទន្លេមេគង្គ ដោយរឹបអូស ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនដុតបំផ្លាញចោល ។ ប្រត្តិបត្តិការនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ក្នុងអន្លង់អភិរក្សកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

លោក ម៉ុក ពន្លក នាយខណ្ឌជលផលក្រចេះបានបញ្ជាក់ថា ក្នុងការចុះបង្ក្រាបនោះ កម្លាំងសមត្ថ កិច្ចធ្វើការចុះល្បាតទាំងថ្ងៃទាំងយប់ជាប្រចាំ ហើយជាលទ្ធផលរឹបអូសវត្ថុតាងបទល្មើសជលផលដូចខាងក្រោម ៖

ដកហូតឧបករណ៍នេសាទ មងពាក់ក្នុងអន្លង់ជ្រោយបន្ទាយ និងចំណុចប្រឡោះបីចំនួន០៦ ត្បូងប្រវែង១៨០ម៉ែត្រ និងក្រលាពី៧-១៥សម , ដកហូតសន្ទូចរនងបាន០១ខ្សែ ប្រវែង១០០ម ផ្លែសន្ទួចលេខ៩ចំនួន៥០ផ្លែ ហើយវត្ថុតាងទាំងនេះ ត្រូវបានដុតបំផ្លាញចោលនៅចំណុចមាត់ទន្លេខាង ក្រោយប៉ុស្តិ៍ឆ្មាំកាំពី ។

លោកម៉ក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋជាអ្នកនេសាទ ធ្វើយ៉ាងណាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលអនុក្រិត្យស្ដីពីការគ្រប់គ្រងការពារអភិរក្សសត្វផ្សោត បានធ្វើការហាមឃាត់នោះ រួមមានឧបករណ៍ ឆក់ត្រី មងក្រឡាធំ ឧបករណ៍សន្ទូចរនង ដែលជាហេតុបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតសត្វផ្សោតពីមួយថ្ងៃទៅមួយថ្ងៃ ។

លោកបញ្ជាក់ទៀតថា បើទោះបីជារដូវនេះ ជារដូវបើកនេសាទហើយក្ដី ក៏ប៉ុន្តែឧបករណ៍ដែលច្បាប់ហាមឃាត់ជាដាច់ខាត មិនអនុញ្ញាតឲ្យប្រើប្រាស់ឡើយ។ បើសិននៅតែប្រព្រឹត្តនឹងទទួល ទោសទៅតាមផ្លូវច្បាប់ស្ដីពីជលផល។

ជាមួយគ្នានេះដែរ លោកសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សុំឲ្យជួយណែនាំផ្សព្វផ្សាយ
អំពីសារប្រយោជន៍អំពីសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បិត្តជាតិមានជីវិតដ៏ប្រសិតរបស់ប្រទេស កម្ពុជា ហើយធ្វើយ៉ាងណាការពារសត្វផ្សោតទន្លេមេគង្គ ជួយការពារទាំងអស់គ្នា ដើម្បីឲ្យសត្វផ្សោតទន្លេមេគង្គរបស់យើងនៅឋិតថេរគង់វង្សសម្រាប់បច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ចែករំលែកព័តមាននេះ