ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានដ្ឋាន​និង​ម្ចាស់​រថយន្ដ នឹង​ជួប​ផលវិបាក បើ​រើ​ទីតាំង​ទៅ​ក្រៅ​ក្រុង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បណ្ដា​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ដ​បាន​សម្ដែង​ក្ដី​មិន​សប្បាយចិត្ត ខណៈ​ដែល​កន្លង​មក អាជ្ញាធរ​រាជធានី​ប្រកាស​ថា នឹង​តម្រូវ​ឲ្យ​ម្ចាស់​យានដ្ឋាន​ទាំងអស់​រើ​ទីតាំង​ទៅ​នៅ​ក្រៅ​ក្រុង​ដែល​ឆ្ងាយ​ពី​អ្នក​ប្រើប្រាស់ ។ ជាមួយ​គ្នា​នេះ

រាជធានី​ភ្នំពេញ ៖ បណ្ដា​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ដ​បាន​សម្ដែង​ក្ដី​មិន​សប្បាយចិត្ត ខណៈ​ដែល​កន្លង​មក អាជ្ញាធរ​រាជធានី​ប្រកាស​ថា នឹង​តម្រូវ​ឲ្យ​ម្ចាស់​យានដ្ឋាន​ទាំងអស់​រើ​ទីតាំង​ទៅ​នៅ​ក្រៅ​ក្រុង​ដែល​ឆ្ងាយ​ពី​អ្នក​ប្រើប្រាស់ ។ ជាមួយ​គ្នា​នេះ អ្នក​ជិះ​រថយន្ដ​ក៏​យល់​ឃើញ​ថា នឹង​មានការ​លំបាក​ផង​ដែរ ប្រសិនបើ​រថយន្ដ​ខូច​តាម​ផ្លូវ​ដែល​ត្រូវ​ជួសជុល​បន្ទាន់ ប្រាកដជា​ត្រូវ​ចំណាយ​លើ​សេវា​អូស​រថយន្ដ​ច្រើន ហើយ​បើ​ចង់​ផ្លាស់​ប្ដូរ​គ្រឿងបន្លាស់​នានា ក៏​ត្រូវ​ចំណាយពេល​ច្រើន​ផង​ដែរ ។ ប៉ុន្ដែ ទោះបីជា​ពួក​គេ​មិន​សប្បាយចិត្ត​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​សាលា​រាជធានី​ចេញ​សេចក្ដី​ប្រកាស​តម្រូវ​ឲ្យរើ​ទីតាំង​មែន​នោះ ពួក​គេ​ក៏​គ្មាន​ជម្រើស​ដែរ ប៉ុន្ដែ​បាន​សំណូមពរ​ថា សាលា​រាជធានី​ភ្នំពេញ​ត្រូវ​មាន​គោលការណ៍​ច្បាស់លាស់ កំណត់​ទីតាំង​ជាក់លាក់ និង​មាន​តម្លាភាព ព្រោះថា ការ​រើ​ទីតាំង​នីមួយ​ៗ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ។

លោក ឡៅ ពិសិដ្ឋ ម្ចាស់​យានដ្ឋាន​ជុស​ជុល​រថយន្ត KS Auto Garage បាន​ឲ្យ​ដឹង​ថា ការ​ដែល​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​យានដ្ឋាន​ជុស​ជុល​ប្តូរ​ទៅ​នៅ​ខាងក្រៅ​ក្រុង​នោះ វា​ពិតជា​បង្ក​ផល​លំបាក​ច្រើន ហើយ​ការ​លើក​ឡើង​កន្លង​មកនេះ បាន​ធ្វើ​ឱ្យ​ម្ចាស់​យានដ្ឋាន​ព្រួយបារម្ភ អាច​ធ្វើ​ឱ្យ​បាត់បង់​អតិថិជន និង​ប្រាក់​ចំណូល ។

យ៉ាងណា​ក៏​ដោយ លោក​បន្ត​ថា ៖«​សម្រាប់​ខ្ញុំ​មិន​ហ៊ាន​ថា ចំណាត់ការ​របស់​សាលាក្រុង​យ៉ាងម៉េច​ទេ ប៉ុន្តែ​បើ​សាលាក្រុង​កំណត់​ច្បាប់​ចេញ​មក​តឹង​រ៉ឹ​ង អ្នក​បើក​យានដ្ឋាន​ជុស​ជុល​នឹង​គោរព​តាម មិន​អាច​ប្រឆាំង​បាន​ទេ គ្រាន់តែ​សំណូមពរ​ថា មុន​នឹង​ចាត់វិធានការ គួរ​បើក​ជា​វេទិកា​ប្រជាមតិ តើ​សាលាក្រុង​ចង់​រើ​យានដ្ឋាន​ចេញ​ទៅ​ក្រៅ​ក្រុង ផលប្រយោជន៍​ចំណេញ​ធំ​ជាងគេ គឺ​អ្វី? ដូចនេះ សំណូមពរ​របស់ខ្ញុំ ចង់ឱ្យ​អ្នក​បង្កើត​ច្បាប់​នោះ​ពិចារណា​ឱ្យ​ច្រើន​ពី​ផល​ប៉ះពាល់ » ។

ចំណែក​ម្ចាស់​យានដ្ឋាន​ជុស​ជុល​រថយន្ត​យីហោ «​ជាង​ទី​» បាន​លើក​ឡើង​ថា បើសិន​សាលាក្រុង​ពិតជា​តម្រូវ​ឱ្យ​យានដ្ឋាន​ជុស​ជុល​ទាំងអស់​ប្តូរ​ទៅ​ក្រៅ​ក្រុង​នោះ ម្ចាស់​យានដ្ឋាន​ប្រាកដជា​រង​ផល​ប៉ះពាល់​ច្រើន ប៉ុន្ដែ​បើ​មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​អាច​ទទួលយក​បាន គឺ​មិន​អាច​បដិសេធ​បាន​ទេ ។ យ៉ាងណា​ក៏​ដោយ ម្ចាស់​យានដ្ឋាន​រូប​នេះ​យល់​ថា គម្រោង​នេះ​មិន​អាច​ទៅ​រួច​ឡើយ ។

លោក ជាង ទី ម្ចាស់​យានដ្ឋាន​នេះ​គិត​ថា ៖« ប្រហែលជា​ទៅ​មិន​រួច​ទេ ដោយសារ​ប្រជាជន​នៅ​ក្នុង​ក្រុង ត្រូវការ​ជិះ​រថយន្ត បើ​រថយន្ត​ខូច តើ​ត្រូវធ្វើ​យ៉ាងម៉េច ។ បើ​ហៅ​ជាង​មក​ជុស​ជុល គេ​នឹង​គិតថ្លៃ​សេវា​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ម្ចាស់​រថយន្ត » ។

ការ​លើក​ឡើង​ដូច​គ្នា​នេះ​ដែរ លោក តូ​នី ម្ចាស់​យានដ្ឋាន RTN Auto Garage ឱ្យ​ដឹង​ថា ៖« អ្វី​ដែល​សាលា​រាជធានី​ភ្នំពេញ ចង់ឱ្យ​យានដ្ឋាន​ជុស​ជុល​រថយន្ត​នៅ​ក្រៅ​ក្រុង គឺ​ខ្ញុំ​ធ្លាប់​ទទួល​បាន ប៉ុន្តែ​គម្រោង​នេះ​ខ្ញុំ​គិត​ថា ធ្វើ​មិន​ចេញ​ទេ ព្រោះ​វា​មិនមែន​ជា​គម្រោង​ថ្មី កន្លង​មក​ក៏​ធ្លាប់​ឱ្យ​ម្ចាស់​យានដ្ឋាន​ជុស​ជុល​រថយន្ត​រើ​ចេញ​ទៅ​ក្រៅ​ក្រុង​ដែរ ។ ដូច្នេះ ការ​លើក​ឡើង​នា​ពេល​នេះ ដូច​មិន​មាន​អ្វី​ចាប់អារម្មណ៍​ទេ » ។

យ៉ាងណា​ក៏​ដោយ លោក​ថា​ការ​លើក​ឡើង​នេះ បើ​សាលាក្រុង​មាន​គោលការណ៍​ច្បាស់លាស់​គ្មាន​អ្នក​ណា​ប្រកែក​បាន​ទេ ហើយ​នៅ​ស្រុក​គេ​ក៏​ធ្វើ​អីចឹង​ដែរ គ្មាន​យានដ្ឋាន​នៅ​ពាសពេញ​ក្រុង​នោះ​ទេ គេ​មាន​តំបន់​ដែល​រដ្ឋ​តម្រូវ​ឲ្យ​ទៅ​បោះទីតាំង ចង្អុល​ប្រាប់​ថា ទីតាំង​នោះ​នៅ​កន្លែង​ណា ទំហំ​ប៉ុនណា ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ថ្ងៃក្រោយ ពីព្រោះ​យានដ្ឋាន​នីមួយ​ៗ​មិនមែន​ចេះ​តែ​រើស​ទេ វា​ចំណាយ​លុយ​ច្រើន ខាត​ពេលវេលា និង​អាច​ធ្វើ​ឱ្យ​បាត់បង់​អតិថិជន​ខ្លះ​ថែម​ទៀត ប៉ុន្តែ​បើ​ចេះ​តែ​និយាយ​ដូច​អាណត្តិ​មុន​ៗ​នោះ គឺ​នៅ​តែ​ប៉ុណ្ណឹង ទោះ​ទៅ​មុខ​១០​ឆ្នាំ​ទៀត ក៏​នៅ​តែ​ប៉ុណ្ណឹង ។

អ្នកបើកបរ​រថយន្ដ​តាក់ស៊ី​ភ្នំពេញ​-​តាកែវ លោក គឹ​ម ឈុ​ន យល់​ឃើញ​ថា ការ​លើក​ឡើង​របស់​សាលាក្រុង​កន្លង​មក​ក៏​សម​ហេតុផល​ដែរ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ដោយសារ​តែ​យានដ្ឋាន​មួយ​ចំនួន​ទទួលយក​រថយន្ដ​មក​ជួសជុល​ឬ​កែ​ច្នៃ​ច្រើន​ពេក ដោយ​ចត​រថយន្ដ​ត្រៀបត្រា​តាម​ចិញ្ចើម​ផ្លូវ​បង្ក​ការ​កកស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ​ជា​អន្លើ ជា​ពិសេស​រថយន្ដ​ធុន​ធំ​ដឹក​ទំនិញ ។

មួយវិញទៀត សកម្មភាព​ជួសជុល​មួយ​ចំនួន​បាន​បង្ក​ជា​សំឡេង បញ្ចេញ​ផ្សែង​ដែល​បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង​ថែម​ទៀត ប៉ុន្ដែ​អ្វី​ដែល​ជា​ផលវិបាក​នោះ នៅ​ពេល​រថយន្ដ​ខូច​ពេល​កំពុង​បើកបរ ម្ចាស់​រថយន្ដ​ពិតជា​ជួប​ការ​លំបាក​ទ្វេ​ដង​ជាក់​ជា​មិន​ខាន ។

គួរ​បញ្ជាក់​ថា កាលពីដើម​ខែឧសភា កន្លង​ទៅ អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុ​ជាតិ​វង្ស បាន​បញ្ចេញ​គំនិត​មួយ ដោយ​ចង់​ឲ្យ​យានដ្ឋាន​ជួសជុល​រថយន្ត និង​ឃ្លាំង​ស្តុក​ទំនិញ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​ក្រុងភ្នំពេញ ត្រូវ​ប្ដូរ​ទីតាំង​ទៅ​ជាយក្រុង ។ ការ​លើក​ឡើង​នេះ គឺជា​ការ​តម្រង់​ទិស​មួយ​ដែល​អាច​ឈាន​ដល់​ការ​អនុវត្ត​ជា​បន្តបន្ទាប់​ផង​ដែរ ។ ទោះ​យ៉ាងណា សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​មាន​ផែនការ​ច្បាស់លាស់​នៅឡើយ​ទេ ៕