រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើង០៣នាក់ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ ដែលបានប្រើដំបង ដាវ និងលំពែង ដូចក្នុងរឿងចិន ក្រោយប្រើហិង្សាវាយទៅលើមនុស្សប្រុសស្រីមួយក្រុម ។
ហេតុការណ៏នេះ កើតឡើងកាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាព ដែលបានបែកធ្លាយនៅលើបណ្តាញសង្គម ៖ កាលពីយប់ថ្ងៃ០២មករា មានយុវជនមួយក្រុម ប្រដាប់ដោយដំបង ដាវ និងលំពែង បានប្រើប្រាស់ហិង្សា មកលើមនុស្សប្រុសស្រីមួយក្រុម ដោយមិនដឹងពីមូលហេតុ និងបង្ហាញពីសកម្មភាពយ៉ាងអនាធិតេយ្យនៃក្រុមក្មេងទំនើង ។
បន្ទាប់ពីបែកធ្លាយឃ្លីបវីដេអូខាងលើ នៅព្រឹកថ្ងៃទី៣ ខែមករា កម្លាំងសមត្ថកិច្ចចម្រុះ មាននគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ មានការដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ និងលោកវរសេនីយ៏ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំង ចុះមកពិនិត្យទីតាំងជាក់ស្តែង និងបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ក្រុមក្មេងទំនើង ដល់ផ្ទះរបស់ពួកគេតែម្តង ។
ជនសង្ស័យទាំង០៣នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ៖
១- ឈ្មោះ រុំលី សៃនី ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២- ឈ្មោះ រុំលី សុខសាន្ត ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៣- ឈ្មោះ ម៉េង សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ សមត្ថកិច្ចបានធ្វើការបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ