រាជធានីភ្នំពេញ ៖ ចាត់ទុកជាដំណឹងវិវត្តទៅមុខជាវិជ្ជមានមួយពាក់ព័ន្ធនឹងរឿងរ៉ាវរបស់លោក ហ៊ុន ជា ក្មួយប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេចប្រកាសថា ក្មួយប្រុសរបស់សម្តេចនឹងវិលទៅរស់នៅជុំប្រពន្ធកូនវិញ។

សម្តេចតេជោ បានបង្ហោះសារអំពីដំណឹងពាក់ព័ន្ធនឹងត្រកូលហ៊ុន អមនឹងរូបភាពវា.យកូនហ្គោលថា «ល្ងាចនេះប្រើពេល២ម៉ោង ដើម្បីហាត់វា.យកូនគោលនៅតារាងក្បែរផ្ទះ។ ចូលឆ្នាំសកលមិនបានសម្រាក ព្រោះមានកម្មវិធីការងារ។ សម្តេចបានបន្តថា «ជាមួយនឹងការវា.យបានល្អក៏បានទទួលព័ត៌មាន ពីលោកនេត សាវឿន ដែលជាអ្នកសម្របសម្រួលឲ្យប្អូនៗថា លោកហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយា និងកូនៗវិញ»។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ខ្ញុំកាន់តែសប្បាយចិត្តដោយឃើញក្មួយៗចេះរួបរួមគ្នាដោះស្រាយបញ្ហាគ្រួសារបានយ៉ាងល្អ»។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានលាតត្រដាងរឿងលោក ហ៊ុន ជា ជាមួយនឹងនារីរូបស្រស់មួយរូបដែលមិនមែនជាភរិយារៀបការស្របច្បាប់ កាលពីរាត្រីថ្ងៃទី០១ ខែមករា នេះថា ក្មួយប្រុសរបស់សម្តេច គឺលោក ហ៊ុន ជា បានបង្ហោះរូបភាពជាមួយនារីម្នាក់ដែលមិនមែនជាប្រពន្ធ។ ការបង្ហោះសាររបស់សម្តេច ដែលមានខ្លឹមសារ សម្តេចបានឃើញហ្វេសបុកហ៊ុន ជា បង្ហោះ រូបថតជាមួយស្រីម្នាក់ រួចសម្តេចក៏បានចូលទៅសួរ តើជាប្រពន្ធរបស់លោក ហ៊ុន ជាឬ ជាស្រី? តែពុំមានចម្លើយណាមួយជាក់លាក់ទេ រាប់ទាំងហ៊ុន ជា ក៏មិនចេញមកបំភ្លឺដែរ។ សម្តេចតេជោ បានសរសេរសារបន្ថែមថា «ដើម្បីដឹងច្បាស់ តើជាប្រពន្ធស្របច្បាប់ ឬជាស្រីយកប្តីគេខ្ញុំបង្ខំចិត្តប្រើផេកផ្លូវការរបស់ខ្ញុំ ដើម្បីសួរបញ្ជាក់ទៅ ហ៊ុន ជា ទើបច្បាស់»។

ក្រៅពីប្រកាសលើហ្វេសប៊ុក សម្តេចក៏ថ្លែងជាសាធារណៈ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសព្រមានដកផ្កាយពីស្មាររបស់លោក ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសបង្កើតរបស់សម្តេច បន្ទាប់ពីបានឃើញក្មួយរូបនេះបង្ហោះរូបជាមួយនារីម្នាក់ដែលមិនមែនជាប្រពន្ធដើមស្របច្បាប់។

សម្តេចក៏បានបានស្នើដល់នារីដែលមានទំនាក់ទំនងជាមួយនឹងលោក ហ៊ុន ជា សូមប្រញាប់ដកខ្លួនចេញ។ នេះខ្ញុំអំពាវនាវ ហើយនិយាយចំហតែម្តង។ ស្រីដែលបង្ហោះជាមួយ ហ៊ុន ជា មិនមែនជាប្រពន្ធហ៊ុន ជា ទេគឺជា «ស្រី របស់ហ៊ុន ជា »។សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្តេចបានធ្វើការសួរនាំស្រាវជ្រាវលោក ហ៊ុន ជា មិនទាន់មានការលែងលះគ្នាជាមួយនឹងប្រពន្ធដើមនោះទេ ខណៈបច្ចុប្បន្នលោក ហ៊ុន ជា មានកូនស្រី២នាក់ធំៗទៀតផង។
សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមនាងទី២ សូមដកខ្លួនចេញបានទេ ដោយសូមអំពាវនាវ និងនិយាយចំហតែម្ដង «…»ស្រីដែលកំពុងបង្ហោះ Facebook ជាមួយអាជា (លោក ហ៊ុន ជា) មិនមែនជាប្រពន្ធអាជាទេ គឺជាស្រីរបស់អាជា»។ នៅគ្រានោះសម្តេច ក៏បានឲ្យឯកឧត្តម នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ ហៅលោក ហ៊ុន ជា ទៅធ្វើការសាកសួរផងដែរ។ សម្តេចបានគូសបញ្ជាក់«តើហ៊ុន ជា ចង់ពាក់ផ្កាយនឹងបន្តទៀត ឬចង់អស់ផ្កាយ និយាយគ្នាឲ្យច្បាស់។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ព្រមានចាត់ការតាមច្បាប់ឯកពន្ធភាពលើលោក ហ៊ុន ជា ដោយមិនមានការយោគយល់ក្មួយអ្វីនោះឡើយ។សម្តេចក៏បានលើកឡើងថា ហ៊ុន ជា ខូច ដោយសារមានប្រពន្ធកូន២នាក់ហើយ បានយកទៅថតជាមួយសម្តេច នៅពិធីមង្គលការមួយនៅកន្លងមក។សម្តេចក៏បានលើកឡើងថា ការបង្ហោះរូបបែបនេះធ្វើឲ្យប្រពន្ធកូនដើមឈឺចាប់ ហើយសម្តេចជាឪពុកមាក៏មានការឈឺចាប់ផងដែរ។

មុនឈានដល់ការថ្លែងជាសាធារណៈអំពីរឿងទំនាក់ទំនងរបស់ក្មួយប្រុសសម្តេច និងនារីរូបស្រស់ម្នាក់ទៀត ដែលមិនមែនជាភរិយាស្របច្បាប់នោះ សម្តេចតេជោ បានបង្ហោះសារសួរនាំរឿងនេះតាំងពីរាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ មកម្លេះ។ ក្រៅពីការបង្ហោះសារសួរចំៗទៅលោក ហ៊ុន ជា សម្តេចថែមទាំងបង្ហោះរូបថត ២សន្លឹក ក្នុងនោះមួយសន្លឹកជារូបថតលោក ហ៊ុន ជា នឹងនារីរូបស្រស់ និងមួយទៀត ជារូបថតលោក ហ៊ុន ជា ជាមួយប្រពន្ធ-កូន ឈរថតជាមួយនឹងសម្តេចតេជោតែម្តង។
ជាងនេះទៅទៀត ឆ្លើយតបនឹងការបញ្ចេញមតិរបស់មហាជនលើបញ្ហានេះ សម្តេចតេជោ បានលាតត្រដាងរឿងអតីតកាលដែលលោក ហ៊ុន ជា ធ្លាប់បានធ្វើដាកនារីជាប្រពន្ធស្របច្បាប់ ដោយសម្តេចបានសរសេរសារមានខ្លឹមសារយ៉ាងដូច្នេះថា «រឿងដែលគួរឲ្យឆ្ងល់ គឺកាលពីឆ្នាំ១៩៩៥ស្រឡាញ់កូនក្រមុំគេដែលជាប្រពន្ធដើម។ ម្តាយគេមិនឲ្យហ៊ុន ជា ចាប់ជំរត់ទៅកំពង់ចាមហើយជាប់ឃុំនៅទីនោះ។ ខ្ញុំជាឪពុកមាត្រូវសម្រួលជាមួយម្តាយ និងគ្រួសារ ខាងស្រីកុំឲ្យគេប្តឹង និងសុំឲ្យបានរៀបការ»។

សម្តេចតេជោ បានសរសេរបន្តថា «គ្រួសារខាងស្រីយោគយល់ព្រមឲ្យរៀបការដែលខ្ញុំចេញចំណាយរៀបការឲ្យក្មួយ»។«ស្រាប់តែមិនឃើញប្រពន្ធដែលរៀបការពេញច្បាប់ បែរជាចេញស្រីផ្សេងទាំងប្រពន្ធដើម និងកូនត្រូវរស់យ៉ាងឈឺចាប់ទៅវិញ»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ដោយក្នុងនោះសម្តេចបានប្រកាសជាផ្លូវការថា «ខ្ញុំនៅតែទទួលស្គាល់ក្មួយប្រសារដែលរៀបការពេញច្បាប់ដែលតាមស្រាវជ្រាវមិនមានការលេងលះគ្នាទេ។ ច្បាប់យើងប្តីមួយប្រពន្ធមួយ»។
ក្រៅពីការលើកឡើងនូវការបង្ហោះរូបភាពស្និទ្ធស្នាលនឹងនារីផ្សេងលើហ្វេសប៊ុករបស់លោក ហ៊ុន ជា នោះ សម្តេចតេជោ ក៏បានបញ្ជាក់ថា ភាគីខាងស្រី (ដែលសម្តេចថា ស្រីរបស់លោក ហ៊ុន ជា) ក៏ឃើញហ្វេសប៊ុកស្រីនោះក៍បង្ហោះរូបថតដូចហ៊ុន ជាដែរ។សម្តេចបានសរសេរសារព្រមានទៅនារីនោះថា «តើនាងចង់ឲ្យ ហ៊ុន ជា អស់ផ្កាយពីស្មាមែនទេ?។ ខ្ញុំមានសិទ្ធឈឺឆ្អាលព្រោះខ្ញុំចង់ថែទាំត្រកូលហ៊ុន»៕
ចែករំលែកព័តមាននេះ