ខេត្តសៀមរាប ៖ ពិតជាឈាមស្រែកស្បែកហៅមែន ទោះជាចង់រត់ទៅដល់ជើងមេឃក៏នៅតែគេចមិនផុត ករណីឃាតកម្មកាលពី១ខែមុន ដោយជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី២៨ មិថុនា ស្ថិតត្រង់ចំណុចផ្សារថ្ម ក្នុងភូមិអូរស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដមានជ័យ ខណៈជនសង្ស័យកំពុងជិះម៉ូតូមកពីធ្វើការសំណង់វិញ ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាប និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបផងដែរ ។
ជនសង្ស័យខាងលើមានឈ្មោះហួត កុង ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកបើករថយន្តឱ្យក្រុមហ៊ុន មានស្រុកកំណើតនៅភូមិធម្មជាតិ ឃុំសន្ទុក ស្រុកស្ទោង ខេត្តកំពង់ធំ ។ ជននេះ បានប្រព្រឹត្តឃាតកម្ម ដោយបើករថយន្តបំបុកជនរងគ្រោះ បណ្តាលឱ្យឱ្យស្លាប់ កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង០៧ស្ថិតនៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប ហើយរត់គេចខ្លួនបានជាង១ខែ ។ ដោយឡែក ខាងជនរងគ្រោះទាំង២នាក់ ១-ឈ្មោះនាក់ សាវុធ ភេទប្រុស អាយុ៣៨ឆ្នាំ (ស្លាប់) និង២-ឈ្មោះ ប៉ាល់ តុល ភេទប្រុស អាយុ៣៧ឆ្នាំ (របួសធ្ងន់) អ្នកទាំង២នាក់ រស់នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
គួរបញ្ជាក់ថា ករណីឃាតកម្មបើករថយន្តបំបុកជនរងគ្រោះនេះ កើតឡើងស្ថិតនៅចំណុចមុខភោជនីយដ្ឋាន «រតនៈចិន្តា» ក្នុងភូមិដូនហុង ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប កាលពីរវេលាម៉ោង០៧ថ្ងៃទី១៦ ឧសភា ។ ជនរងគ្រោះ និងជនសង្ស័យបានស្គាល់គ្នា និងជាបុគ្គលិកបើករថយន្តឱ្យក្រុមហ៊ុនជាមួយគ្នា ខណៈកំពុងអង្គុយផឹកស៊ីជាមួយគ្នានៅមុខភោជនីយដ្ឋាន ក៏ស្រាប់ទាស់សម្តីគ្នា ។ ជនសង្ស័យឈ្មោះហួត កុង ដើរចេញទៅយករថយន្តបើកបុកទៅលើជនរងគ្រោះផ្អិបនឹងរថយន្តធំ បណ្តាលឱ្យស្លាប់ម្នាក់ នៅនឹងកន្លែងផឹកស៊ី និងជនរងគ្រោះមា្នក់ទៀតរបួសធ្ងន់ ខណៈពេលជនសង្ស័យបានរត់គេចខ្លួនទៅធ្វើជាកម្មករសំណង់នៅជាប់ព្រំដែនថៃ ក្នុងទឹកដីខេត្តឧត្តរមានជ័យ ។
ចែករំលែកព័តមាននេះ