នួន សូរិយា និង ធន់ សុភា បំបាក់អ្នកឆ្លង ដែននៅលើសង្វៀនទូរទស្សន៍ TV3
ខ្លាចាស់នួន សូរិយា មកពីសមាគមកីឡា ក្រសួងមហាផ្ទៃ បានប្រកួតឈ្នះពិន្ទុអ្នកលេងឆ្លងដែន JEAM POLODNA មកពីអូទ្រីសក្នុងការប្រកួតជាលក្ខណៈអន្ដរជាតិនៅលើសង្វៀនប៉ុស្ដិ៍លេខ៣ កាលពីរសៀលថ្ងៃសៅរ៍ ទី២០ មីនា កន្លងមកនេះ ។
នួន សូរិយា ជាអ្នកលេងចាស់វស្សាម្នាក់មិនត្រឹមតែមានល្បិចប្រកួតនៅលើសង្វៀនក្រាស់ក្រែលប៉ុណ្ណោះទេ ថែមទាំងមានប្រវត្ដិប្រកួតនៅលើសង្វៀនរហូតដល់ទៅ៧២ដងឯណោះ ក្នុងនោះឈ្នះ៦០ដង ចាញ់១០ដង និងស្មើ២ដង ប៉ុន្ដែឆ្លងកាត់ការប្រកួតលើកនេះទៀត ស្ថិតិជ័យជំនះរបស់គេបានកើនឡើង៦១ដងហើយ។ ចំណែក JEAM វិញ មានប្រវត្ដិប្រកួត២៥ដង ឈ្នះ១៥ដង ចាញ់១០ដង និងវាយគូប្រកួតឱ្យសន្លប់នៅលើសង្វៀន៥ដង ប៉ុន្ដែពេលនេះស្ថិតិនៃការបរាជ័យរបស់គេកើនឡើង១១ដងហើយ។
ក្នុងការប្រកួតគ្នាពេលនោះ JEAM បានធ្វើការវាយលុកយ៉ាងខ្លាំងក្លាបំផុតមកលើសូរិយា តាំងពីទឹកទី១ និងទី២មកម្ល៉េះ ស្នៀតកណ្ដាប់ដៃឆ្វេងស្ដាំរបស់គេបានវាយយ៉ាងសន្ធាប់ រីឯស្នៀតជើងរបស់គេក៏បានទាត់សំដៅកញ្ចឹងកសូរិយាជាច្រើនលើកច្រើនសា ប៉ុន្ដែត្រូវ សូរិយាគេចផុតយ៉ាងងាយ។ សូរិយា ពិតជាខ្លាចាស់កំពូលល្បិចដូចគេថាមែន ពីព្រោះទោះបីជាត្រូវ JEAM វាយសំរុកយ៉ាងណាក៏ដោយ ក៏គេមិនខ្ចីរវល់តដៃវិញដែរ គឺទុកឱ្យអ្នកប្រដាល់មកពីអូទ្រីសម្នាក់នេះ ចុះខ្សោយកំលាំងសិន។ លុះចូលដល់ទឹកទី៣ភ្លាម សូរិយាបានចាប់ផ្ដើមធ្វើការវាយបកសងវិញយ៉ាងសន្ធាប់ធ្វើឱ្យ JEAM ស្ទើរតែដកដង្ហើមមិនរួចទៅហើយ។ JEAM ចាប់ផ្ដើមប្ដូរយុទ្ធសាស្ដ្រពីការវាយលុកមកការពារវិញ តាំងពីទឹកទី៤រហូតដល់ទី៥។ ជាពិសេសនៅទឹកទី៥ ស្ថានភាពប្រយុទ្ធរបស់ JEAM ត្រូវបាត់បង់ទាំងស្រុង ហើយក៏បានទទួលស្គាល់នូវការបរាជ័យរបស់គេលើកនេះយ៉ាងអស់ចិត្ដ ។
ធន់ សុភា មកពីក្លឹបសមាគមកីឡាក្រសួងការពារជាតិ ក៏បានប្រកួតឈ្នះកីឡាករ KHOD JA មកពីបារាំង ដោយពិន្ទុដូចគ្នា។ សុភាជាអ្នកប្រដាល់ដែលពូកែអត់ធ្មត់បំផុត បើទោះបីជាគេមានសមត្ថភាពវាយផ្ដួល KHOD JA នៅក្នុងទឹកណាមួយក៏បានក៏ដោយ ប៉ុន្ដែគេមិនធ្វើបែបនេះទេ ពីព្រោះគេដឹងពីសមត្ថភាពរបស់គូប្រកួតច្បាស់ណាស់ ហេតុនេះគេប្រើកំលាំងត្រឹមតែ៧០ភាគរយ ក៏អាចយកឈ្នះបានដែរ។ KHOD JA ហាក់បីដូចជាមានការកោតញញើតធន់ សុភា យ៉ាងខ្លាំងប្រកួត៥ទឹកពេញ KHOD JA ព្យាយាមធ្វើយ៉ាងណាឱ្យត្រឹមតែចាញ់ពិន្ទុដោយសំរួលប៉ុណ្ណោះ ។
រីឯគូប្រកួតមិត្ដភាពវិញ ទិត្យ សុវណ្ណគីរី មកពីក្លឹបខេត្ដកោះកុង ប្រើស្នៀតជង្គង់វាយផ្ដួលសឺន ចាន់វីរៈ មកពីក្លឹបសិង្ហកីឡា ឱ្យសន្លប់នៅត្រឹមទឹកទី៤។ ការប្រកួត៣ទឹកកន្លងមក វីរៈ បានព្យាយាមវាយសំរុកឥតឈប់ទៅលើគីរី ប៉ុន្ដែគីរី ហាក់មិនញញើតឡើយ ។ ស្នៀតជង្គង់របស់គីរីបានបុកសំដៅពោះទឹកចាន់ វីរៈ ផ្ទួនៗពី៣ទៅ៤ជង្គង់ រហូតធ្វើឱ្យវីរៈ សំរេចចិត្ដចុះចាញ់ការប្រកួតយ៉ាងអស់ចិត្ដ។ ឱម សំរេច មកពីក្លឹបកងទ័ពឆត្រយោង៩១១ ប្រកួតឈ្នះពិន្ទុសម ចន្ថា មកពីក្លឹបសាលវ័ន្ដកីឡា និងឆៃ វ៉ាន់ មកពីក្លឹបភ្នំពេជ្រកីឡា ប្រកួតឈ្នះពិន្ទុចាន់ បូរី មកពីក្លឹបខេត្ដកំពង់ឆ្នាំង ។
ង៉ែត រដ្ឋា សងសឹកបំបាក់ផាន់ សុវណ្ណ ទឹក ទី៤ ខណៈទូច រាជសីហ៍ឈ្នះពិន្ទុ ចាន់ រតនា
ង៉ែត រដ្ឋា អ្នកប្រដាល់មកពីក្លឹបកងរថក្រោះ បានបង្ខំឱ្យផាន់ សុវណ្ណ មកពីក្លឹបមិត្ដប៉ូលិស សារភាពចុះចាញ់ត្រឹមទឹកទី៤ ក្នុងការប្រកួតសងសឹងនៅលើសង្វៀនស្ថានីយទូរទស្សន៍បាយ័ន កាលពីរសៀលថ្ងៃសៅរ៍ ទី ២០ មីនា ឆ្នាំ២០១០។ គូនេះចាប់ផ្ដើមវាយសំរុកខ្លាំងពីទឹកទី២ទៅ ហើយក្នុងទឹកទី២នោះ ផាន់ សុវណ្ណ ជាអ្នកមានប្រៀបដោយគេបានប្រើកណ្ដាប់ដៃវាយចូលគោលដៅបានល្អ។ ប៉ុន្ដែចាប់ពីទឹកទី៣ ផាន់ សុវណ្ណ ចាញ់ស្នៀតជង្គង់ និងស្នៀតទាត់របស់ង៉ែត រដ្ឋា វិញ។ ក្នុងការប្រកួតលើកនេះ ផាន់ សុវណ្ណ ប្រើការបានតែស្នៀតកណ្ដាប់ដៃ១មុខគត់ រីឯស្នៀតផ្សេងទៀតវាយចេញមិនរួច ផ្ទុយពីរដ្ឋា ដែលអាចវាយចេញបានគ្រប់ស្នៀត។ ទឹកទី៤ ង៉ែត រដ្ឋា បានទាត់យ៉ាងសន្ធាប់ទៅលើឆ្អឹងជំនីររបស់ផាន់ សុវណ្ណ ហើយត្រូវផាន់ សុវណ្ណ យកដៃបិទការពារញឹកញាប់។ ការទាត់ចេញទៅត្រូវកន្លែងដដែលៗ ជាពិសេសដៃខាងឆ្វេងរបស់ផាន់ សុវណ្ណ ដែលរងនឹងស្នៀតទាត់របស់រដ្ឋាម្ដងហើយម្ដងទៀតនោះ ទីបំផុតបណ្ដាលឱ្យមានបញ្ហាមិនអាចបន្ដការប្រកួតបាន។ ពេលលោកអាជ្ញាកណ្ដាលរាប់ដល់៨ ផាន់ សុវណ្ណ គ្រវីក្បាល សុំចុះចាញ់ ព្រោះដៃខាងឆ្វេងរបស់គេមានបញ្ហាធ្ងន់ធ្ងរ។ លោកជឹម ផល្លា គ្រូពេទ្យប្រចាំការបានប្រាប់ថា ដៃខាងឆ្វេងរបស់ សុវណ្ណ អាចបាក់ឆ្អឹង ប៉ុន្ដែត្រូវថតឆ្លុះមើលសិនទើបដឹង លោកបានប្រាប់ផាន់ សុវណ្ណ ឱ្យទៅថតមុននឹងព្យាបាល។ គួររំលឹកថា រវាង ផាន់ សុវណ្ណ និងង៉ែត រដ្ឋា ធ្លាប់ប្រកួតគ្នាម្ដងរួចមកហើយ កាលពីថ្ងៃទី៦ មីនា កន្លងមកហើយពេលនោះផាន់ សុវណ្ណ ជាអ្នកឈ្នះង៉ែត រដ្ឋា ដោយពិន្ទុ។ ការជួបគ្នាលើកទី២នេះ ង៉ែត រដ្ឋា សងសឹកបានសំរេច ។
ទូច រាជសីហ៍ មកពីក្លឹបរស្មីកុមារកំព្រា ក៏ធ្វើការសងសឹងបានសំរេចដែរ ដោយយកឈ្នះពិន្ទុចាន់ រតនា មកពីក្លឹបខេមរខ្លាហោះ។ គួររំលឹកដែរថា កាលពីថ្ងៃទី៦ មីនា កន្លងមក ចាន់ រតនា បានបង្ខំឱ្យទូច រាជសីហ៍ សុំចុះចាញ់ក្នុងទឹកទី៤ ដោយសារមានរបួសធ្ងន់ធ្ងរ នៅលើចិញ្ចើម និងត្រូវចាន់ រតនា បំបាក់ស្ទើរទក់សាច់។ ពេលនោះមានការប្រកាសភ្លាមៗថា នៅ២សបា្ដហ៍ក្រោយពួកគេនឹងប្រកួតសងសឹកម្ដងទៀត។ មជ្ឈដ្ឋានអ្នកតាមដានការប្រកួតនេះចង់ដឹងខ្លាំងណាស់ថា តើទូច រាជសីហ៍ អាចបង្ក្រាបចាន់ រតនា បានវិញ ឬ អត់? វត្ដមានរបស់គូនេះ បានធ្វើឱ្យសង្វៀនប៉ុស្ដិ៍បាយ័នមានសភាពកុះករខុសពីធម្មតា។ ការជួបគ្នាលើកទី២នេះ ចាន់ រតនា ដែលគេជឿថា នៅតែជាអ្នករក្សាតំណែងជាអ្នកឈ្នះដដែលនោះ បានបង្ហាញនូវការមិនផ្ដល់ទំនុកចិត្ដតាំងពីទឹកទី១មកម្ល៉េះ។ ខណៈពេលដែល ទូច រាជសីហ៍ ចូលសំរុកនោះ ចាន់ រតនា ហាក់បីដូចជាធ្វើព្រងើយមិនមានការតបត។ ចាន់ រតនា ហាក់បីដូចជាបន្ធូរដៃរហូតដល់ទឹកទី៣ ធ្វើឱ្យអ្នកតាមដានមានការសង្ស័យចំពោះភាពមិនប្រក្រតីរបស់ចាន់ រតនា ដែលធ្លាប់តែបង្កើត ភាពអស្ចារ្យលើសង្វៀន ពិសេសស្នៀតចម្លែកៗដែលគេធ្លាប់ប្រើនោះ បែរជាមិនអាចធ្វើបានដូចមុន។ ចាន់ រតនា រងនឹងស្នៀតជង្គង់របស់ទូចរាជសីហ៍ច្រើន នៅពេលចូលកៀក ប៉ុន្ដែចប់ការប្រកួតទាំង៥ទឹកនេះ ទូច រាជសីហ៍ ក៏ទ្រមខ្លួនដែរ ។
ម៉ន សាម៉េត មកពីក្លឹបព្រែកឯងកីឡាបានយកឈ្នះសិស្សច្បងម៉ៅ រិទ្ធី មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ទឹកទី៥ សាម៉េត ដេញវ៉ៃរិទ្ធី ដូចកូនក្មេងរហូតពេលខ្លះរិទ្ធី ឈរធ្វើជាបាវសាក់ឱ្យសាម៉េត ដាល់លេងទៀតផង។ ទោះបីជាយ៉ាងណា រិទ្ធី ស៊ូទ្រាំរហូតឮស្នូរជួង ហើយត្រូវចាញ់ត្រឹម ពិន្ទុប៉ុណ្ណោះ ។
ឈឿន ឆៃដែន មកពីក្លឹបនិរោធមានជ័យ ប្រកួតឈ្នះពិន្ទុម៉ៃ សុភ្រ័ក មកពីក្លឹបស៊ីម៉ាក់ ។ រីឯចាន់ សារ៉ាក់ មកពីក្លឹបនិរោធមានជ័យ ប្រកួតឈ្នះពិន្ទុកា ពុក មកពីក្លឹបចាក់អង្រែលើ ។
លឿប ពែក សងសឹកមិនសំរេចដោយបញ្ឈប់ការប្រកួត
លឿប ពែក មកពីក្លឹបមជ្ឈមណ្ឌលកីឡាក្រសួងការពារជាតិ តាមសងសឹកជាមួយ ជ័យ ប៊ុនឡេង មកពីក្លឹបខេមរិន្ទមានឫទ្ធិ មិនបានសំរេចក្នុងខណៈដែលអាជ្ញាកណ្ដាលសំរេចមិនប្រកាសលទ្ធផល។ គូនេះប្រកួតគ្នានៅលើសង្វៀន CTN កាលពីរសៀលថ្ងៃសៅរ៍ ទី២០ មីនា កន្លងមកនេះ ។
លឿប ពែក ដែលបានប្រកួតចាញ់ពិន្ទុ ជ័យ ប៊ុនឡេង កាលពីសបា្ដហ៍មុនរួចម្ដងមកហើយនោះ បានព្យាយាមវាយសំរុកទៅលើ ប៊ុនឡេង តាំងពីទឹកទី១ម្ល៉េះ។ ជាពិសេសស្នៀតជើងរបស់គេបានទាត់សំរុកឥតឈប់ក្នុងគោលបំណងស្ដារការបរាជ័យរបស់គេមកវិញ ។ ប៉ុន្ដែប៊ុនឡេងបានប្ដូរស្នៀតជើងទាត់សងមកវិញផ្ទួនៗ។ គូនេះនៅទឹកទី១ បានសំរុកដាក់គ្នាគួរឱ្យចាប់អារម្មណ៍បំផុត ប៉ុន្ដែឈានចូលដល់ទឹកទី២ នៅពេលដែលលឿប ពែក ព្យាយាមទាត់ចន្ទល់ក្រោមប៊ុនឡេង ឱ្យដួលទៅហើយនោះ ស្រាប់តែពេលងើបមកវិញ ស្ថានភាពប៊ុនឡេង បានប្រែប្រួលខុសពីធម្មតា ព្រោះតាមការបង្ហាញកាយវិការរបស់គេឃើញថា ជើងឆ្វេងរបស់គេមានបញ្ហា។ លឿប ពែក ឃើញបែបនេះ គេក៏ទាត់បន្ថែមធ្វើឱ្យប៊ុនឡេង ដួលជាច្រើនសាហើយទីបំផុតអាជ្ញាកណ្ដាលបានសំរេចបញ្ឈប់ការប្រកួត នេះតែម្ដង។ លោកឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធបានចេញបញ្ជាមិនឱ្យប្រកាសលទ្ធផលសំរាប់គូនេះឡើយ។ តែលោកមិនបានវាយតំលៃថា គេទាំង២នាក់មានគំនិតបែបណានោះទេ លោកគ្រាន់តែមានប្រសាសន៍ថា វាជាការប្រកួតខុសបច្ចេកទេស ។
ខុម ពិសិដ្ឋ មកពីក្លឹបអូដឹមកីឡា បានផ្ដួលពុទ្ធ ហ៊ុច មកពីក្លឹបពុទ្ធសេរីវង្សឱ្យសន្លប់ មិនលើសពីទឹកទី៣ឡើយ។ ការប្រកួតរវាងគូនេះកន្លងមក គឺពុទ្ធ ហ៊ុច មិនដែលមានឱកាសយកឈ្នះពិសិដ្ឋម្ដងណាឡើយ។ ដូចគ្នានឹងការប្រកួតលើកនេះ ពុទ្ធ ហ៊ុច វាយសំរុកយ៉ាងសាហាវបំផុត នៅក្នុងទឹកទី១ និង ទី២។ ស្នៀតកណ្ដាប់ដៃរបស់គេបានវាយចូលមុខខុម ពិសិដ្ឋ ពេញៗជាច្រើនដៃ រីឯស្នៀតជើងរបស់គេក៏បានទាត់សំដៅឆ្អឹងជំនីរពិសិដ្ឋយ៉ាងញាប់រន្ថើន។ ប៉ុន្ដែពិសិដ្ឋមិនបានធ្វើការតបតវិញភ្លាមៗនោះទេ គឺគេគ្រាន់តែដើរចូលឥតឈប់នៅពេលរងការវាយប្រហារកាន់តែសាហាវពីពុទ្ធ ហ៊ុច ។ ពុទ្ធ ហ៊ុច វាយសំរុកកាន់តែខ្លាំង ពិសិដ្ឋកាន់តែត្បុលចូលទីបំផុតពុទ្ធ ហ៊ុច ត្រូវពិសិដ្ឋ ចាប់កៀក.កបានរួចអុកនឹងជង្គង់យ៉ាងពេញទំហឹងផ្ទួនៗ បណ្ដាលឱ្យពុទ្ធ ហ៊ុច សន្លប់នៅត្រឹមទឹកទី៣។
យស់ សំអាល់ មកពីក្លឹបឃ្លាំងមឿងកីឡា ប្រកួតឈ្នះជឹម សារ៉ាត់ ដោយពិន្ទុ។ ជឹម សារ៉ាត ដែលជាអ្នកប្រដាល់នៅក្នុងក្លឹបក្រសួងមហាផ្ទៃម្នាក់នេះពិតជាមិនធម្មតាមែន ពីព្រោះនៅទី១ គេចាប់ផ្ដើមវាយប្រហារទៅលើសំអាល់យ៉ាងសាហាវបំផុត។ ប៉ុន្ដែសំអាងទៅលើដៃខ្លីជើងខ្លីរបស់គេនោះ គឺមិនអាចធ្វើអីសំអាល់បានឡើយ។ សំអាល់ មិនត្រឹមតែមិនដកថយពីការវាយលុករបស់សារ៉ាត់ប៉ុណ្ណោះទេ គេបានទាត់បញ្ច្រាសសងវិញយ៉ាងទាន់ពេល។ នៅទឹកទី១ និងទី២ សារ៉ាត់ នៅតែព្យាយាមប្ដូរស្នៀតជើងជាមួយ សំអាល់ មិនឈប់ឈរឡើយ ប៉ុន្ដែរបៀបវាយលុករបស់សំអាល់ល្អជាងដាច់តែម្ដង។ គេទាំង២វាយសំរុកដាក់គ្នាកាន់តែសាហាវ នៅពេលដែលការប្រកួតឈានចូលដល់ទឹកទី៤ និងទី៥។ សារ៉ាត់ បានប្រើស្នៀតជើងទាត់សំរុកផ្ដាច់ព្រ្រ័តនៅទឹកទី៥ ក្រែងអាចស្ដារឱកាសបានមកវិញ។ ប៉ុន្ដែសំអាល់ មិនព្រមចុះញ៉មជាដាច់ខាតទីបំផុតគេធ្វើឱ្យសារ៉ាត់ ចាញ់ពិន្ទុយ៉ាងអស់ចិត្ដ ។
ពេជ្រ សម្បត្ដិ មកពីក្លឹបកីឡាប្រដាល់ ក្រសួងការពារជាតិ ប្រកួតឈ្នះពិន្ទុ ម៉ី សុភាព មកពីក្លឹបព្រះខ័នរាជ្យ ។ ស៊ិន សល់ មកពីក្លឹបឥន្ទ្រីកីឡា ប្រកួតឈ្នះពិន្ទុឆោម កុសល មកពីក្លឹបតោមាស។
ចែករំលែកព័តមាននេះ