ច្បាស់ហើយ! អ្នកបន្តវេនកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ២០២៣ បន្ទាប់ពីលោក អ៊ិន សុភិន គឺស្រីស្រស់២រូប
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីលោក អ៊ិន សុភិន ដែលជាចាងហ្វាងផលិតកម្មមហាហង្ស បានប្រកាសលាឈប់ធ្វើកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ចាប់ពីឆ្នាំ២០២៣នេះតទៅ ពេលនេះក៏លេចលឺដំណឹងជាថ្មី សម្រាប់អ្នកដែលបន្តវេនចំពោះកម្មវិធីមួយនេះពីលោក អ៊ិន សុភិន ហើយ ។
ជាការពិតណាស់ នាពេលថ្មីៗនេះ មហាជនអ្នកគាំទ្រវិស័យបវកញ្ញាប្រាកដជាបានទទួលជ្រាបរួចមកហើយថា ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានប្រកាសឈប់ធ្វើកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ចាប់ពីឆ្នាំ២០២៣នេះតទៅ បន្ទាប់ពីកម្មវិធីមួយនេះ ហាក់មានភាពចម្រូងចម្រាស់ និងមានការរិះគន់ពីមហាជនទៅលើចំណុចមួយចំនួនកាលពីពេលកន្លងទៅ។

ទន្ទឹមនឹងការប្រកាសចាកចេញពីសំណាក់លោក អ៊ិន សុភិន ស្រាប់តែនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ បើយោងតាមផេកផ្លូវការ miss Grand Cambodia official បានប្រកាសជាផ្លូវការនៅលើបណ្ដាញសង្គមអំពីអ្នកគ្រប់គ្រង់ថ្មី កម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២៣ ដោយក្នុងនោះមានចំនួន២រូបដែលនឹងបន្តវេន គឺសុទ្ធតែជានារីៗ ដោយក្នុងនោះមាននាយិកា និងនាយិការងផងដែរ។
ផេកផ្លូវការ Miss Grand Cambodia Official បានបញ្ជាក់ច្បាស់ៗនៅលើបណ្ដាញសង្គម ដោយអ្នកស្រី អ៊ឹម សុគន្ធា បានក្លាយជានាយិកាគ្រប់គ្រងថ្មីរបស់កម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២៣ និងកញ្ញា សោម សារ៉ាពេជ្រ គឺជានាយិការងគ្រប់គ្រងថ្មី របស់កម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២៣ ។ នេះជាការបញ្ជាក់ផ្លូវការរបស់ផេក Miss Grand Cambodia Official ។

យ៉ាងណាមិញ ការប្រកាសរបស់ Miss Grand Cambodia បានបង្ហាញយ៉ាងច្បាស់ៗថា អ្នកស្រី អ៊ឹម សុគន្ធា និង កញ្ញា សោម សារ៉ាពេជ្រ គឺជាអ្នកបន្តវេនកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២៣ បន្ទាប់ពីលោក អ៊ិន សុភិន បានប្រកាសឈប់ធ្វើកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ចាប់ពីឆ្នាំ២០២៣នេះតទៅ។
ដោយឡែក ក្រោយទទួលដំណឹងច្បាស់ការណ៍ហើយនោះ ងាកមកចាប់អារម្មណ៍នៅលើបណ្ដាញសង្គមអ្នកស្រី អ៊ឹម សុគន្ធា ឯណោះវិញ អ្នកស្រីក៏បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនយ៉ាងដូច្នេះថា «នាងខ្ញុំពិតជាមានកិត្តិយស និងមោទនភាពបំផុត ដែលបាននាំមកជូននូវកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២។ នាងខ្ញុំពិតជាមានសេចក្ដីរំភើបក្រៃលែងឥតឧបមា»។

ក្នុងនោះអ្នកនាងក៏បានប្ដេជ្ញាចិត្តថា នឹងធ្វើអោយកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជានឹងប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ កិត្តិយស សិល្បៈ វប្បធម៌ ផងដែរ។ ហើយជាពិសេសអ្នកនាង នឹងនាំយកទំនៀមទម្លាប់ដ៏ស្រស់ផូផង់របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកបានស្គាល់។
អ្នកនាងបានបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់ អ្នកនាងនឹងព្យាយាម កែប្រែរាល់ចន្លោះខ្វះខាតអោយអស់ពីលទ្ធភាព ហើយយល់ស្របតាមមតិអ្នកគាំទ្រជាផ្នែកមួយដ៏សំខាននៃកម្មវិធីផងដែរ ។

ចំណែកឯកញ្ញា សោម សារ៉ាពេជ្រ វិញ មិនបានរៀបរាប់អ្វីច្រើននោះទេ ដោយកញ្ញាគ្រាន់តែអរគុណទៅដល់កម្មវិធី និងអ្នកគាំទ្រ និងអរគុណទៅដលអ្នកនាង អ៊ឹម សុគន្ធា ដែលជា CEO របស់កញ្ញាផ្ទាល់ ក្នុងការជឿទុកចិត្តលើសមត្ថភាពកញ្ញា។
សូមរំលឹកផងដែរថា ការសម្រេចចិត្តឈប់ធ្វើកម្មវិធីខាងលើនេះ លោក អ៊ិន សុភិន បានលើកឡើងពីមូលហេតុខ្លីមួយ គឺដោយសារលោកចង់សម្រាកពីការងារផ្នែកមួយនេះ ប៉ុន្តែមានការសន្និដ្ឋានក្រៅផ្លូវការថា ការសម្រេចរបស់លោកនាពេលនេះ គឺមិនស្ថិតនៅក្រោមហេតុផលតែមួយមុខនេះឡើយ ពោលក៏មានរឿងរ៉ាវមួយចំនួនទៀតដែលស្ថិតនៅពីក្រោយរឿងនេះផងដែរ។

លោក អ៊ិន សុភិន បានប្រកាសរឿងនេះ ជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះថា «ខ្ញុំសុំឈប់ធ្វើ Miss Grand Cambodia ចាប់ពីឆ្នាំ២០២៣ តទៅ ដោយមូលហេតុចង់សម្រាកពីការងារផ្នែកមួយនេះ អរគុណសម្រាប់ការគាំទ្រកន្លងមក»។
ក្រោយពីការបង្ហោះនូវសំណេរខាងលើនេះ លោកក៏បានធ្វើការឆ្លើយតបតាមរយៈខំមិនពីក្រោមថា លោកនឹងឈប់ពីការងារនេះ ហើយនឹងវិលទៅរកថតភាពយន្តឡើងវិញ បន្ទាប់ពីផលិតកម្មរបស់លោកបានអាក់ខានការងារមួយនេះមួយរយៈ។

ដោយឡែកបើក្រឡេកទៅមើលលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ កែវ ធីតារ័ត្ន បានចូលទៅសរសេរជាខំមិននៅពីក្រោមអ្វីដែលលោក អ៊ិន សុភិន បានបង្ហោះនាពេលនេះថា គាត់ (លោក អ៊ិន សុភិន) ឈប់ធ្វើតែ miss grand មួយទេ តែគាត់នៅធ្វើ miss ផ្សេងទៀត ក្រៅពី miss grand ដូចជា miss supranational, miss earth, miss Global, miss teen universe, mister grand, mister supranational។
ម្ចាស់គណនីខាងលើក៏បានបញ្ជាក់ពីមូលហេតុសំខាន់មួយចំនួនដែលនាំឲ្យលោក អ៊ិន សុភិន សម្រេចឈប់ធ្វើកម្មវិធី miss grand នាពេលនេះ គឺបញ្ហាធំខាងម្ចាស់ Grand (ណាវ៉ាត់) ដំឡើងថ្លៃទិញសិទ្ធិបូកផ្សំនឹងបវរកញ្ញាមិនមានទំនួលខុសត្រូវលើគាត់ ពេលដែលគាត់ត្រូវការបវរកញ្ញាចូលរួមកម្មវិធីផ្សេងៗ បែរជាបវរកញ្ញាមិនទៅថារវល់នេះរវល់នោះរហូត និងមានរឿងរ៉ាវតូចៗជាច្រើនទៀត។
គួររំលឹកថា ៖ លោកអ៊ិន សុភិន ប្រហែលលែងមានវត្តមានជាអ្នកគ្រប់គ្រង Miss Grand កម្ពុជា២០២៣ហេីយ ៕







ចែករំលែកព័តមាននេះ