ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​រថយន្ត​ពី​ក្រុង​កំពង់ចាម ទៅ​ប្លុង​ចោល​នៅ​ស្រុក​កំពង់សៀម

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1Q-5304 ត្រូវបាន​គេ​ប្រទះ​ឃើញ​បើក​មក​ចត​ត្រង់​មុខ​ផ្ទះ របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្តេច​ន​ន

ខេត្តកំពង់ចាម ៖ រថយន្ត​១​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1Q-5304  ត្រូវបាន​គេ​ប្រទះ​ឃើញ​បើក​មក​ចត​ត្រង់​មុខ​ផ្ទះ របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្តេច​ន​ន ឃុំ​ក្រឡា ស្រុក​កំពង់សៀម តាំងពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ មិថុនា ២០១៧​។ រហូត​ដល់​ពេល​ព្រឹក​ឡើង​ភ្លឺ​ច្បាស់​មិនឃើញ​មនុស្ស​នៅ​លើ​រថយន្ត ទើប​សង្ស័យ​អាច​ចោរលួច​បើក​មក​ពី​កន្លែង​ណាមួយ​។ លោក​វរសេនីយ៍ទោ ឯក ប៉ាន់​ដ​ន អធិការ​នគរបាល​ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​គ្មាន​អ្នកណា​ម្នាក់​ចាប់អារម្មណ៍​នោះ​ទេ ព្រោះតែ​នឹក​ស្មាន​តែ​តៃកុង​រថយន្ត​បើក​មក​ពី​ស្រុក​ឆ្ងាយ​អស់កម្លាំង​ហើយមក​ចត​អែប​ខាង​ដើម្បី​ដេក​យក​កម្លាំង​រួច​នឹង​បន្តដំណើរ​ទៅ​មុខ​ទៀត​។

លុះ​មក​ដល់​ភ្លឺ​ច្បាស់​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដើរទៅ​មើល​មិនឃើញ​មាន​មនុស្ស​ម្នាក់​នៅ​លើ​រថយន្ត​សោះ ក៏​ប្រញាប់​រាយការណ៍​មក​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រឡា ដើម្បី​ឲ្យ​ទៅ​ពិនិត្យ​មើល​។ លោក​វរសេនីយ៍ទោ ឯក ប៉ាន់​ដ​ន អធិការ​នគរបាល​ស្រុក​កំពង់សៀម ប្រាប់​បន្ត​ថា ពេល​ដែល​ពិនិត្យ​រួចរាល់​នោះ​រូប​លោក​បាន​រាយការណ៍​មក​ក​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​កណ្តាល​យុត្តិធម៌ ឲ្យ​បានដឹង​ហើយ​ក៏​ផ្សព្វផ្សាយ​ទៅ​តាម​បណ្តា​ស្រុក​-​ក្រុង​ផ្សេង​ៗ​ទៀត​ទើប​ដឹង​ថា រថយន្ត​ខាងលើ​នេះ​ត្រូវ​បាន​ចោ​លួច​ពី​ត្រង់​ចំណុច​ភូមី​ទី​៥ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដោយ​មាន​ម្ចាស់​ឈ្មោះ ថន អៀ​ច ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ បាន​ទុក​ចត​នៅ​មុខ​ផ្ទះ​។

ហើយ​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៦ មិថុនា ដដែល​នេះ រថយន្ត​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ ធ្វើ​ឲ្យ​គាត់​មាន​សេចក្តី​ត្រេ​តក​អរ​ដែល​មិន​នឹក​ស្មានថា របស់​បាត់​ទៅ​ហើយ​នោះ បាន​រក​ឃើញ​មក​វិញ​។ រថយន្ត​នេះ​សំណាងល្អ​នៅ​ពេល​ដែល​ចោរលួច​បើក​តាម​ផ្លូវជាតិ​លេខ​៧ ក្នុង​គោលបំណង​យក​ទៅ​កន្លែង​ណាមួយ ស្រប​ពេល​មក​ដល់​ត្រង់​ភូមិ​ស្តេច​ន​ន ឃុំ​ក្រឡា ស្រុក​កំពង់សៀម រថយន្ត​បាន​ខូច​ចំណែក​ចោរ​បាន​រត់គេច​ខ្លួន​បាត់​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

លោក​អនុសេនីយ៍ទោ ម៉ៅ ឡុ​ក នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វាលវង់ ឲ្យ​ដឹង​ដែរ​ថា រថយន្ត​ខាងលើ​នេះ​ត្រូវបាន​ម្ចាស់​ឈ្មោះ អៀ​ច ទុក​នៅ​មុខ​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិ​ទី​៥ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម នៅ​យប់​ថ្ងៃ​ទី​១៥ មិថុនា ២០១៧ លុះ​មក​ដល់​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៦​មិថុនា ទើប​ដឹង​ថា​បាត់​រថយន្ត​របស់​ខ្លួន​បន្ទាប់​ពី​ក្រោក​ពី​ដេក​ចេញ​មក​ក្រៅ​មិនឃើញ​រថយន្ត ហើយ​ប្រញាប់​មក​ប្តឹង​ប៉ុស្តិ៍​សង្កាត់​វាល់វង់ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តាម​រក​រថយន្ត​នោះ​។ ពេល​ដែល​មានការ​ស្រាវជ្រាវ​ទើប​ដឹង​ថា​រថយន្ត​ដែល​បាត់​នោះ​ត្រូវ​ចោរលួច​បើក​យក​ទៅ​ផ្លុ​ង​ចោល​នៅ​ស្រុក​កំពង់សៀម​ឯណោះ​៕