ខេត្តបន្ទាយមានជ័យ ៖ បើតាមអ្នករាយការណ៍ព័ត៌មានបានឱ្យដឹងថា ករណីបា.ញ់ស.ម្លា.ប់គ្នាក្នុងក្រុងបាត់ដំបង ព្រោះតែទំនាស់រឿងស្នេហាត្រីកោណនោះ គឺបានបែកធ្លាយសារសម្លេងរវាងជនសង្ស័យនិងជនរងគ្រោះមុនពេលណាត់បា.ញ់គ្នា ។ សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងចាប់បាន២នាក់នៅយប់ថ្ងៃទី០៨ ធ្នូ ឆ្នាំ២០២២ នៅក្រុងប៉ោយប៉ែត ខណៈពួកគេប្រុងរត់គេចខ្លួនមកខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ទៀតថា ករណីបា.ញ់ស.ម្លា.ប់ គឺបណ្តាលឱ្យជនរងគ្រោះស្លា.ប់ម្នាក់ និងរបួស២នាក់កាលពីយប់ថ្ងៃទី០៨ ធ្នូ ឆ្នាំ២០២២ ស្ថិតនៅមុខធនាគារមួយ មុខសួនច្បារមាត់ស្ទឹង ក្នុងក្រុងបាត់ដំបង ។

ប្រភពពីសមត្ថកិច្ចថា នៅក្នុងសារសំឡេងដែលបែកធ្លាយនោះថា «ជនសង្ស័យបានចោទប្រកាន់ជនរងគ្រោះថា មានទំនាក់ទំនងស្នេហាជាមួយសង្សារបស់ខ្លួនដែលកំពុងស្រលាញ់ តែភាគីជនរងគ្រោះថា ខ្លួនមិនបានស្រលាញ់នាងទេ គ្រាន់តែរាប់អាន ។ ហើយបញ្ជាក់ថា អោបនិងថើបក៏មិនដែលបានដែរ តែជនសង្ស័យថា គេនឹងណាត់ទៅជួបគ្នានៅខេត្តបាត់ដំបង ដោយណាត់បា.ញ់គ្នាមួយទល់មួយ ហើយគេរាប់រកកាំភ្លើង២ដើមទៅអោយ (១ដើមទៅជនរងគ្រោះ និង១ដើមទុកសម្រាប់ខ្លួន) ហើយបា.ញ់មួយទល់មួយ ។ ជនសង្ស័យបញ្ជាក់ទៀតថា បើគេស្លា.ប់គេមិនប្តឹងទេ» ។

ក្រោយជនសង្ស័យឆាតសំឡេងទៅជនរងគ្រោះណាត់ឡើងទៅបា.ញ់គ្នានៅខេត្តបាត់ដំបងហើយ លុះដល់យប់រំលងអធ្រាត្រចូលថ្ងៃទី០៨ ធ្នូ ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ស្ទឹង ក៏មានផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលរបួសធ្ងន់ជនរងគ្រោះ៣នាក់ ហើយបញ្ជូនទៅមន្ទីពេទ្យបណ្តាលស្លា.ប់ម្នាក់ ហើយជនជនដៃដល់បើករថយន្តម៉ាកឡិចស៊ីមីនីRX.300គេចខ្លួនទៅទិសដៅមកខេត្តបន្ទាយមានជ័យ ។
ក្រោយទទួលព័ត៌មាននិងមុខសញ្ញាជនសង្ស័យគេចមកខេត្តបន្ទាយមានជ័យទាំងកណ្តាលយប់នោះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមសហការជាមួយលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានធ្វើការអង្កេតនិងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន២នាក់ មានឈ្មោះ ហូ គឹមហៀង ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ដែលរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យក្រោយឃាត់ហើយនាំយកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ហើយប្រគល់ជូនកម្លាំងជំនាញខេត្តបាត់ដំបង ដើម្បីអនុវត្តបន្ត ។

សូមរំលឹកថា ក្រុមជនដៃដល់យ៉ាងតិចចំនួន០៣នាក់ ដែលបានប្រើប្រាស់អាវុធខ្លីបា.ញ់ប្រហារទៅលើគូភាគីម្ខាងទៀត បណ្ដាលឲ្យស្លា.ប់ម្នាក់និងរងរបួសចំនួន០២នាក់ ព្រោះតែរឿងដណ្ដើមស្រីញី ពេលនេះសមត្ថកិច្ចកំណត់បានអត្តសញ្ញាណជាក់លាក់ចំនួន០២នាក់ហើយ ថែមទាំងកំពុងតាមចាប់ខ្លួនទៀតផង ។ នេះបើតាមការផ្ដល់ព័ត៌មានបន្ថែមពីលោក លឹម ពុទ្ធីឡា ស្នងការរងផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទ។
លោក លឹម ពុទ្ធីឡា បានឲ្យដឹងថា បើតាមការស្រាវជ្រាវពេញមួយកំណាត់ថ្ងៃនេះ អំពើបា.ញ់ប្រហារគ្នាយ៉ាងឃោរឃៅនេះ គឺផ្ដើមចេញពីគំនុំរឿងស្រីញី ។ ពួកគេជាមនុស្សធ្លាប់ស្គាល់គ្នា។ ប៉ុន្តែយ៉ាងណាយើងបានដឹង និង កំណត់បាននូវមុខសញ្ញាជនដៃដល់ចំនួន០២នាក់ហើយ ក្នុងចំណោមបក្សពួកគេចំនួន០៣នាក់។ ដោយឡែកចំពោះរថយន្តដែលក្រុមជនដៃដល់ជិះធ្វើសកម្មភាពវិញ បើតាមលោកស្នងការរងរូបនេះបានប្រាប់ថា «យើងមិនទាន់ប្រាកដថា មានចំនួនប៉ុន្មានគ្រឿង ហើយរថយន្តម៉ាក់អ្វីនោះទេ ព្រោះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ និង ត្រូតពិនិត្យកាមរ៉ាសុវត្ថិភាពនានា ដែលគេបំពាក់នៅទីនោះ» ។

សូមបញ្ជាក់ថា ក្រុមជនដៃដល់ជិះរថយន្តស៊េរីទើប បានដកកាំភ្លើងខ្លីដែលគេសង្ស័យជាប្រភេទ«ឡុក» បាញ់រះទៅលើភាគីម្ខាងទៀត ដែលគេអះអាងថា ជាក្រុមជនរងគ្រោះ កំពុងអង្គុយលើបង់ថ្មនៅលើសួនច្បារមាត់ស្ទឹង កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី០៨ ធ្នូ នៅផ្លូវលេខ១ ត្រង់ចំណុចខាងមុខធនាគារ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ រីឯបក្សពួក០២នាក់ទៀតរបួសស្រាល។
ជនរងគ្រោះទាំង០៣នាក់នោះមាន ១-ឈ្មោះ រឿន សំរ៉ង ប្រុសអាយុ៣២ឆ្នាំ នៅភូមិកន្ទូត សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង (ស្លាប់) ២-ឈ្មោះ ស ដារ៉ូ ប្រុសអាយុ៣២ឆ្នាំ នៅភូមិព្រែកឆ្ដោ ឃុំពាមឯក ស្រុកឯកភ្នំ (របួស្រាល) និង៣-ឈ្មោះ តឹប បញ្ញា ប្រុសអាយុ២៧ឆ្នាំ នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (របួស្រាល)។

ប្រភពព័ត៏មានដែលកោះសន្តិភាពទទូលបានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើង និងភាគីរងគ្រោះជាមនុស្សស្គាល់គ្នាច្បាស់លាស់ ធ្លាប់ដើរផឹកស៊ីជាមួយគ្នា ហើយថែមទាំងធ្លាប់ប្រើប្រាសថ្នាំញៀនជាមួយគ្នាទៀតផង។ ប៉ុន្តែចុងក្រោយពួកគេបែរជាចងគំនុំស៊ីសាច់ហុតឈាមគ្នា រហូតឈានដល់ការប្រើប្រាសកាំភ្លើងបាញ់សម្លាប់គ្នាយ៉ាងឃោឃៅ ព្រោះតែរឿង«ស្នេហាត្រីកោណ»។ បើតាមអ្នកដឹងហេតុការណ៏បាននិយាយថា តួអង្គសំខាន់នៅក្នុងសំណុំរឿងបាញ់សម្លាប់គ្នានេះគឺ«ឈ្មោះ តុង និង ឈ្មោះ រ៉ង»។
ពួកគេបានប្រើប្រាសកាំភ្លើងខ្លីបាញ់ប្រហារគ្នា ព្រោះតែរឿង«ដណ្ដើមស្រីគ្នា»។ ប្រភពដដែលបានបន្តថា ដំបូងពួកគេណាត់គ្នាចូលផឹកស៊ីក្នុងក្លឹបរាត្រីមួយកន្លែង នៅក្នុងក្រុងបាត់ដំបង។ នៅក្នុងក្លឹបរាត្រីនាយប់នោះ ខណៈកំពុងសប្បាយ ស្រាប់តែឈ្មោះ រ៉ង (ស្លាប់) និង តុង (ភាគីដៃដល់) បានឈ្លោះប្រកែកគ្នារឿងស្រីញី ដែលគេដឹងថា ឈ្មោះ តុង បានព្យាយាមដណ្ដើមនារីម្នាក់ ដែលជាសង្សារបស់ឈ្មោះ រ៉ង ។

សាក្សីម្នាក់នេះបានបន្តថា ពេលនោះភាគីទាំង០២ ហាក់តម្លើងសរសៃកដាក់គ្នាយ៉ាងខ្លាំង ឌឺទៅឌឺមក ខ្លាំងរៀងខ្លួន មិនចុះចាញ់គ្នាទេ។ ប៉ុន្តែបន្ទាប់មកហាក់សម្របសម្រូលគ្នាត្រូវវិញ តែក្រោយចេញពីក្នុងក្លិបក៏ស្រាប់តែមានរឿងតាមបាញ់ប្រហារគ្នាតែម្ដង។ ប៉ុន្តែសាក្សីខ្លះទៀតបាននិយាយថា ពួកគេបានបែកគ្នាហើយ ពេលចេញពីក្នុងក្លឹបរាត្រី។ ពេលនោះភាគីជនរងគ្រោះបាននាំគ្នាជិះម៉ូតូទៅឈប់អង្គុយលើបង់ថ្មកន្លែងកើតហេតុ។ ប៉ុន្តែគេមិនដឹងថា ពួកគេណាត់គ្នាឬបែបណា ស្រាប់តែបន្តិចក្រោយមក គេឃើញក្រុមខ្មាន់កាំភ្លើងបានជិះរថយន្តទៅឆាបទីនោះ រួចក៏បត់ត្រឡប់មកវិញ ឈប់រថយន្តហើយចុះដកកាំភ្លើងបាញ់រះទៅលើក្រុមជនរងគ្រោះគ្មានសំចៃដៃឡើយ។
បើតាមសាក្សីចុងក្រោយនេះបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏មានគ្នាច្រើនដែរ ហើយគេឃើញចុះពីរថយន្តនាំគ្នាដកកាំភ្លើងខ្លីចំនួន០៣ដើមបាញ់ប្រណាំងគ្នាដូចរឿងកុន សំដៅទៅលើក្រុមជនរងគ្រោះកំពុងអង្គុយលើបង់ថ្ម។ ក្រោយពីឃើញជនរងគ្រោះត្រូវរបួសក្រុមជនដៃដល់ក៏បើករថយន្តចាកចេញយ៉ាងលឿនបាត់ស្រម៉ោលតែម្ដង។

ពាក់ព័ន្ធនឹងរឿងអាវុធខ្លី០៣ដើមបាញ់ប្រណាំងគ្នាដូចព្យុះផ្អើលក្រុងបាត់ដំបងនេះ បើតាមលោក លឹម ពុទ្ធីឡា ស្នងការរងផែនព្រហ្មទណ្ឌ បានថ្លែងថា ក្រុមប្រដាប់អាវុធនោះ ទំនងបានប្រើប្រាសអាវុធខ្លីតែ០១ដើមទេបាញ់ទៅលើក្រុមជនរងគ្រោះ ព្រោះនៅកន្លែងកើកហេតុ មន្ត្រីជំនាញរកឃើញសំបកគ្រាប់តែមួយប្រភេទប៉ុណ្ណោះចំនួនជាង១០គ្រាប់ ដែលគេសន្និដ្ឋានថា សុទ្ធតែជាសំបកគ្រាប់កាំភ្លើងខ្លីម៉ាក«ឡុក»។ ប៉ុន្តែយ៉ាងណាក្ដី លោកស្នងការរងមិនបានផ្ដល់ព័ត៏មានលំអិតទេ ពាក់ព័ន្ធនឹងអត្តសញ្ញាណក្រុមជនដៃដល់ ព្រោះលោកបានបញ្ជាក់ថា «ពេលនេះកម្លាំងជំនាញ បាននិងកំពុងតាមចាប់ខ្លួនក្រុមជនដៃដល់ប៉ុន្មាននាក់នោះហើយ» ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ