ការបែកញើសគឺជាដំណើរការធម្មតានៃរាងកាយមានតួនាទីជាប្រព័ន្ធត្រជាក់ពីធម្មជាតិសម្រាប់រាងកាយ ។ ក្រៅពីនេះ ការបែកញើសមានសារសំខាន់សម្រាប់ដំណើរការបញ្ចេញជាតិពុលពីរាងកាយ ។ ប៉ុន្តែតើអ្នកដឹងទេថា បញ្ហាអ្វីនឹងកើតមានឡើងប្រសិនបើអ្នកមិនរក្សាខ្លួនអ្នកឱ្យស្អាតដោយការជូតញើសចេញ ?
អត្ថបទខាងក្រោមនឹងប្រាប់អ្នកពីបញ្ហាដែលអាចកើតមានឡើងនៅពេលដែលអ្នកមិនជូតញើសចេញឲ្យបានស្អាត ។
១-ស្បែកឡើងកន្ទួល
ការបែកញើសច្រើននៅលើរាងកាយអាចបណ្តាលឱ្យរលាកដល់ស្បែក ។ វានឹងនាំឱ្យមានកន្ទួលរមាស់ អមដោយការឈឺលើស្បែក។ ប្រសិនបើអ្នកមិនជូតញើសរបស់អ្នកចេញពីរាងកាយ បាក់តេរី និងពពួកផ្សិតនៅក្នុងបរិយាកាសនឹងមកជាប់នឹងញើស វានឹងនាំឱ្យមានបញ្ហាអាលែកស៊ីស្បែក ។
២-កើតមុនលើរាងកាយ
ប្រសិនបើអ្នកស្លៀកសម្លៀកបំពាក់ពោរពេញទៅដោយញើសកខ្វក់របស់អ្នករយៈពេលយូរពេក ភាពកខ្វក់កាន់តែច្រើននឹងកកកុញនៅលើស្បែករបស់អ្នក ។ វានឹងធ្វើឲ្យស្ទះរន្ធញើសលើស្បែក។ ការស្ទះរន្ធញើសគឺជាមូលហេតុទូទៅបំផុតនៃការកើតមុនលើរាងកាយ។
៣-ការឆ្លងមេរោគក្នុងទ្វារមាស
ប្រសិនបើអ្នកតែងតែស្លៀកខោក្នុងដែលតឹងខ្លាំង និងសម្បូរញើស អ្នកនឹងប្រឈមមុខនឹងការឆ្លងមេរោគផ្សិត ។ ជាទូទៅបញ្ហានេះប៉ះពាល់ដល់ក្រលៀន និងភ្លៅ ។ ចំពោះមនុស្សស្រី បញ្ហានេះនឹងបង្កើនឱកាសនៃការឆ្លងមេរោគក្នុងទ្វារមាសផងដែរ ។ អ្នកគួរតែស្លៀកខោរលុង និងអាចធ្វើឲ្យខ្យល់ចេញចូលបាន វានឹងជួយឲ្យអ្នកជៀសវាងបញ្ហានេះ។
៤-ការឆ្លងមេរោគផ្សិតលើស្បែក
ផ្សិតមានវត្តមាននៅលើរាងកាយរបស់អ្នកគ្រប់កន្លែង ។ ប៉ុន្តែនៅពេលដែលវាទទួលបានភាពអំណោយផលច្រើនទៀតដូចជាកន្លែងកក់ក្តៅ និងសម្បូរញើស វានឹងកើនចំនួនច្រើន។ វានេះនឹងនាំឱ្យមានបញ្ហាឈឺចាប់ និងរមាស់ស្បែក ។
៥-ក្លិនខ្លួនអាក្រក់
រាងកាយដែលសម្បូរញើសនឹងផ្តល់នូវបរិស្ថានក្តៅ ហើយសើមសម្រាប់បាក់តេរីក្នុងការរស់នៅ ។ បាក់តេរីដែលស្អុយរលួយនៅក្នុងញើសនឹងធ្វើឲ្យក្លិនខ្លួនរបស់អ្នកមានក្លិនអាក្រក់ខ្លាំងជាងធម្មតា។ កម្រិតនៃក្លិនស្អុយនេះនឹងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ៕
ចែករំលែកព័តមាននេះ