ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​ជិត​៣០០​នាក់​នឹង​បង្ហាញ​វត្តមាន​សម្តែង​​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត នា​ខេត្តសៀមរាប

1 ឆ្នាំ មុន
  • ភ្នំពេញ

សិល្បករ​ទាំង​ចាស់ និង​ថ្មី ប្រមាណ​ជិត​៣០០​នាក់ បាន​ត្រៀមខ្លួន​បង្ហាញ​ការ​សម្តែង​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​ធំ​ប្រចាំឆ្នាំ ដែល​មានឈ្មោះ​ថា

រាជធានី​ភ្នំពេញ ៖ សិល្បករ​ទាំង​ចាស់ និង​ថ្មី ប្រមាណ​ជិត​៣០០​នាក់ បាន​ត្រៀមខ្លួន​បង្ហាញ​ការ​សម្តែង​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​ធំ​ប្រចាំឆ្នាំ ដែល​មានឈ្មោះ​ថា «​រាត្រី​ចង​ចាំ​» នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត នា​ខេត្តសៀមរាប​។ ព្រឹត្តិការណ៍​វប្បធម៌​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នេះ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​៣០​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​​តំបន់​ប្រាសាទ​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

ព្រឹ​ត្ត​ការណ៍​ខាងលើ​នេះ រៀបចំ​ឡើង​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២២​នា​ពេល​ខាង​មុខ ដោយ​បើក​អោយ​មហាជន​ចូលរួម​ទស្សនា​ដោយ​សេរី​នៅ​បរិវេណ​ខាងកើត ប្រាសាទអង្គរវត្ត ខេត្តសៀមរាប​។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ និង​ជា​តួអង្គ​សម្តែង​ធំ​មួយ​នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​ខាងលើ បាន​ចែកចាយ​រូបភាព​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៃ​សកម្មភាព​ការ​សម្តែង​សម និង​ថតរូប​ផ្សព្វផ្សាយ​សម្រាប់​អ្នកសិល្បៈ​ដែល​បាន​ចូលរួម​សម្តែង​។

ដោយឡែក​តារា​សម្តែង និង អ៊ុ​ន សុទ្ធា ក៏​បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​ដែល​ជា​តួអង្គ​ដ៏​សំខាន់​ម្នាក់ ដោយ​ភ្ជាប់​ជាមួយនឹង​សារ​ថា «​បេះដូង​សិល្បៈ​ខ្ញុំ​ស្រលាញ់​វប្បធម៌​ខ្មែរ ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២ ការ​ចូលរួម ការ shear ការ​ចែករំលែក បង្ហាញ​ពី​វប្បធម៌​អរិយធម៌​ខ្មែរ ទៅ​ដល់​ពិភពលោក គឺ​មិន​អស់​ថ្លៃ​ទេ​មែន​ទេ? ដូច្នេះ​យើង​ជា​កូន​ខ្មែរ ប្រជាជន​ខ្មែរ ប្រទេស​កម្ពុជា គឺ​មាន​វប្បធម៌ អរិយធម៌ ខ្ពង់ខ្ពស់​ដ៏​អស្ចារ្យ​។ មិន​ត្រឹមតែ​ការ​សម្តែង​ស្តែង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​សម័យ​អង្គរ​នេះ​ប៉ុណ្ណោះ​ទេ ព្រឹត្តិការណ៍​នេះ ក៏​មានការ​សម្តែង​សិល្បៈ​ល្ខោនខោល ក្បាច់គុន​ល្បុក្កតោ ដែល​ទើប​ចុះបញ្ជី​ជា​បេ​តិ​ភណ្ឌ​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ និង​ការ​សម្តែង​សិល្បៈ​ជា​ច្រើន​ទម្រង់​ទៀត​ផង​ដែរ​»​។

ជា​ការ​កត់សម្គាល់ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ នឹង​ធ្វើ​ឡើង​ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២២ ដែល​មានកម្ម​វិធី​សាសនា ស្ដង់​ពិ​ព័រ​ណ៌ និង​ការ​សម្ដែង​សិល្បៈ​បុរាណ​នៅ​ពេល​រាត្រី​។

លោក ឡុ​ង កុសល អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ ក៏​មាននូវ​ទស្សនីយ​ភាព​ជា​ច្រើន​ដូច​ជា កម្មវិធី​បែប​សាសនា​សំខាន់​ៗ ការ​តាំងពិព័រណ៍​បង្ហាញ​សមិទ្ធផល​ការងារ​រយៈពេល​៣០​ឆ្នាំ​កន្លង​មក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ស្នាដៃ​សិល្បៈ​ជា​ច្រើន ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី នៃ​អង្គការ​យូ​ណេ​ស្កូ ការ​សម្តែង​អា​យ៉ៃ​ឆ្លើយឆ្លង ដោយ​លោក ព្រហ្ម ម៉ា​ញ ព្រមទាំង​ការ​ចាក់​បញ្ចាំងភាពយន្ត​អំពី​អង្គរ​ជាដើម​។

សូម​ជម្រាប​ថា នេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀប​ព្រឹ​តិ្ត​ការណ៍​រំលឹក​គុណ​អង្គរ​នេះ​។ ហើយ​ព្រឹត្តិការណ៍​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​រំលឹក​គុណ​អង្គ​ព្រះមហាក្សត្រ​គ្រប់​ព្រះ​អង្គ និង​បុព្វការី​ជន ដែល​លោក​បាន​កសាង និង​ថែរក្សា​ប្រាសាទ​ទាំងអស់ នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ដោយ​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ដល់​ជាតិ​មាតុភូមិ តាំងពី​ដើម​រហូត​ដល់​សព្វថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ