ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup 2022 ៖ ជប៉ុន​បង្កើត​រឿង​ដ៏​អស្ចារ្យ​បំផុត ដែល​ពិភពលោក​ស្មាន​មិន​ដល់

1 ឆ្នាំ មុន

កា​តា ៖ បើ​ទោះជា​ការ​ប្រកួត កាលពី​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២២ មាន​ម្ខាង​ឈ្នះ ម្ខាង​ចាញ់​យ៉ាងណា​ក៏​

កា​តា ៖ បើ​ទោះជា​ការ​ប្រកួត កាលពី​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២២ មាន​ម្ខាង​ឈ្នះ ម្ខាង​ចាញ់​យ៉ាងណា​ក៏​ដោយ ក៏​ជប៉ុន និង​អេ​ស្ប៉ា​ញ បាន​ដឹក​ដៃ​គ្នា​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កា​តា ខណៈ​អា​ល្លឺ​ម៉​ង់ បាន​ត្រឹម​ខកចិត្ត ដែល​ធ្លាក់​ត្រឹម​ការ​ប្រកួត​ជុំ​ទី​៣ វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។

ការ​ប្រកួត​ក្នុង​ពូ​ល E បាន​បញ្ចប់​ទៅ ជាមួយ​ភាព​ភ្ញាក់ផ្អើល​ជាទី​បំផុត នៅ​ពេល​ដែល​ក្រុម​សាំ​មូ​រ៉ៃ ជប៉ុន បាន​វាយបក​យកឈ្នះ​លើ​ក្រុម​គោ​ជល់ អេ​ស្ប៉ា​ញ ដោយ​លទ្ធផល ២-១ ដើម្បី​រួម​ដំណើរ​ជាមួយ​គ្នា ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បើ​ទោះជា​ឥន្ទ្រី​ដែក អា​ល្លឺ​ម៉​ង់​យកឈ្នះ​លើ​ទាហាន​មរណៈ កូ​ស្តា​រី​កា ដោយ​លទ្ធផល ៤-២ យ៉ាងណា​ក៏​ដោយ ក៏​អា​ល្លឺ​ម៉​ង់​ត្រូវ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​ឆ្នាំ​នេះ ដោយ​ចាញ់​គ្រាប់​បាល់​ចំណេញ​ជាមួយ​អេ​ស្ប៉ា​ញ​។ នៅ​ក្នុង​ពូ​ល​នេះ បញ្ចប់​ទៅ​ដោយ​ជប៉ុន​ឈរ​កំពូល​តារាង​មាន​៦​ពិន្ទុ ចំណែក​អេ​ស្ប៉ា​ញ​មាន​៤​ពិន្ទុ ស្មើ​ជាមួយ​អា​ល្លឺ​ម៉​ង់ ខណៈ​ដែល​កូ​ស្តា​រី​កា​នៅ​បាត​តារាង​មាន​៣​ពិន្ទុ​។

ជប៉ុន បាន​បង្កើត​រឿង​ដ៏​អស្ចារ្យ​បំផុត​នៅ World Cup 2022 ដែល​ពិភពលោក​នឹក​ស្មាន​មិន​ដល់ ដោយ​បាន​វាយបក​យកឈ្នះ​អា​ល្លឺ​ម៉​ង់ ដោយ​លទ្ធផល ២-១ នៅ​ការ​ប្រកួត​ជុំ​ទី​១ នៃ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល និង​បន្ត​វាយបក​យកឈ្នះ​អេ​ស្ប៉ា​ញ ដោយ​លទ្ធផល ២-១ ថែម​ទៀត ដើម្បី​ដណ្តើម​ឱកាស​មាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជា​លើក​ទី​៤ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។

អា​ល្លឺ​ម៉​ង់ ក្នុង​នាម​ជា​ក្រុម​ឈ្នះ​ជើងឯក World Cup ច្រើន​លំដាប់​ទី​២​ពិភពលោក ពោល​គឺ​៤​ដង បែរជា​ជាន់​ដាន​ចាស់ ខកចិត្ត​សារ​ជា​ថ្មី​ម្តងទៀត ដោយ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ២​ព្រឹត្តិការណ៍​ជាប់​ៗ​គ្នា ពោល​គឺ​នៅ​ឆ្នាំ​២០១៨ នៅ​រុ​ស្ស៊ី និង​ឆ្នាំ​នេះ នៅ​កា​តា​។

ដោយឡែក ក្រឡេក​ទៅ​កាន់ការ​ប្រកួត​ក្នុង​ពូ​ល F បាន​បញ្ចប់​ទៅ​ដោយ​ម៉ា​រ៉ុ​ក ដឹក​ដៃ​ក្រូ​អាត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ខណៈ​ដែល​បែ​ល​ហ្ស៊ិ​ក និង​កា​ណា​ដា ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។

ក្រុម​តោ​ឈ្មោល​ដែនដី​អា​ត្លា​ស់ ម៉ា​រ៉ុ​ក បាន​យកឈ្នះ​លើ​ក្រុម​ទ័ព​ក្រហម កា​ណា​ដា ដោយ​លទ្ធផល ២-១ ដើម្បី​បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជា​លើក​ទី​២ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ ស្រប​ពេល​ដែល​ការ​ប្រកួត​រវាង​ក្រុម​អណ្តាតភ្លើង ក្រូ​អាត នឹង​ក្រុម​បិសាច​ក្រហម បែ​ល​ហ្ស៊ិ​ក បញ្ចប់​ទៅ​ដោយ​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា​។

នៅ​ក្នុង​ពូ​ល​នេះ បញ្ចប់​ទៅ​ដោយ​ម៉ា​រ៉ុ​ក កាន់កាប់​កំពូល​តារាង​មាន​៧​ពិន្ទុ ក្រួ​អាតមាន​៥​ពិន្ទុ បែ​ល​ហ្ស៊ិ​ក​មាន​៤​ពិន្ទុ ចំណែក​ឯកា​ណា​ដា នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​។ សម្រាប់​ព្រឹត្តិការណ៍ World Cup 2022 មាន​តែ​ម្ចាស់ផ្ទះ​កា​តា និង​កា​ណា​ដា ប៉ុណ្ណោះ ដែល​បញ្ចប់​ភារកិច្ច​របស់​ខ្លួន ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ដោយ​គ្មាន​ពិន្ទុ​រាប់​។

គិត​ត្រឹម​បញ្ចប់​ការ​ប្រកួត កាលពី​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២២ ក្រុម​ចំនួន​១៤​ហើយ បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ រួម​មាន ៖ បារាំង ប្រេ​ស៊ី​ល ព័រ​ទុ​យ​ហ្គា​ល់ ហូ​ឡង់ អង់គ្លេស អា​ហ្ស​ង់​ទី​ន ជប៉ុន ម៉ា​រ៉ុ​ក សេ​ណេ​ហ្គា​ល់ សហរដ្ឋអាមេរិក ប៉ូ​ឡូញ អូស្ត្រាលី អេ​ស្ប៉ា​ញ និង ក្រូ​អាត ។

ខាងក្រោម​នេះ ជា​ក្រុម​ដែល​នឹង​ត្រូវ​ប៉ះ​គ្នា នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ រួម​មាន ៖
-​នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ៖ ហូ​ឡង់ ក្រុម​កំពូល​តារាង​ពូ​ល A ត្រូវ​ប៉ះ សហរដ្ឋអាមេរិក ក្រុម​ចំណាត់ថ្នាក់​លេខ​២ ពូ​ល B វេលា​ម៉ោង ១០:០០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​)
-​នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ៖ អា​ហ្ស​ង់​ទី​ន ក្រុម​កំពូល​តារាង​ពូ​ល C ត្រូវ​ប៉ះ អូស្ត្រាលី ក្រុម​ចំណាត់ថ្នាក់​លេខ​២

ពូ​ល D វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែធ្នូ
-​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ៖ ក្រុម​ការពារ​តំណែង​ជើងឯក បារាំង ក្រុម​កំពូល​តារាង​ពូ​ល D ត្រូវ​ប៉ះ ប៉ូ​ឡូញ ក្រុម​ចំណាត់ថ្នាក់​លេខ​២ ពូ​ល C វេលា​ម៉ោង ១០:០០​នាទី​យប់
-​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ៖ អង់គ្លេស ក្រុម​កំពូល​តារាង​ពូ​ល B ត្រូវ​ប៉ះ សេ​ណេ​ហ្គា​ល់ ក្រុម​ចំណាត់ថ្នាក់​លេខ​២

ពូ​ល A វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែធ្នូ
-​នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ៖ ជប៉ុន ក្រុម​កំពូល​តារាង​ពូ​ល E ត្រូវ​ប៉ះ ក្រូ​អាត ក្រុម​ចំណាត់ថ្នាក់​លេខ​២ ពូ​ល F វេលា​ម៉ោង ១០:០០​នាទី​យប់
-​នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ៖ ម៉ា​រ៉ុ​ក ក្រុម​កំពូល​តារាង​ពូ​ល F ត្រូវ​ប៉ះ អេ​ស្ប៉ា​ញ ក្រុម​ចំណាត់ថ្នាក់​លេខ​២ ពូ​ល E វេលា​ម៉ោង ១០:០០​នាទី​យប់​។

ដោយឡែក ខាងក្រោម​នេះ គឺជា​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២២ ដែល​ជា​ការ​ប្រកួត​ជុំ​ទី​៣ ការ​ប្រកួត​បិទ​បញ្ចប់​វគ្គ​ជម្រុះ​ក្នុង​ពូ​ល នៃ​ព្រឹត្តិការណ៍ World Cup 2022 រួម​មាន ៖

ពូ​ល H លេង​នៅ​វេលា​ម៉ោង ១០:០០​នាទី​យប់ ៖
-​កូរ៉េ​ខាងត្បូង ត្រូវ​ប៉ះ ព័រ​ទុ​យ​ហ្គា​ល់
-​ហ្គា​ណា ត្រូវ​ប៉ះ អ៊ុយ​រ៉ូ​ហ្គា​យ
ពូ​ល G នៅ​វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែធ្នូ ៖
-​ស៊ែ​ប ត្រូវ​ប៉ះ ស្វី​ស
-​កា​មេ​រូ​ន ត្រូវ​ប៉ះ ប្រេ​ស៊ី​ល​៕ (​ដកស្រង់​ចេញពី FIFA)

https://www.youtube.com/watch?v=2Rum7xqMSDQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ