រាជធានីភ្នំពេញ ៖ ផ្ទះមួយកន្លែងត្រូវបានភ្លើងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចទំនប់បឹងទំពុន ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
![Picture]()
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលម្ចាស់ចាក់សោរួចចេញទៅហូបគុយទាវបាត់ ស្រាប់តែភ្លើងឆាបឆេះឡើងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ ភ្លាមៗនោះ អ្នកជិតខាងបានខលមកប្រាប់ម្ចាស់ផ្ទះឲ្យដឹង បន្ទាប់មកក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ទៅបាញ់ពន្លត់រហូតរលត់ទៅវិញទាំងស្រុងទាន់ពេលផងដែរ។
![Picture]()
ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ការឆាបឆេះខាងលើនេះ គឺសង្ស័យបណ្ដាលមកពីកម្ទេចផ្កាភ្លើងដែលផ្ទះនៅក្បែរនោះផ្សាដែក ហើយក៏ធ្លាក់ទៅលើអីវ៉ាន់នៅខាងក្រោម ទើបបង្កឲ្យមានការឆាបឆេះតែម្ដង។ ចំណែករថយន្តពន្លត់អគ្គិភ័យ បានចេញទៅអន្តរាគមន៍ជាច្រើនគ្រឿងផងដែរ ប៉ុន្តែពេលទៅដល់ ភ្លើងបានរលត់អស់ទៅហើយ។
![Picture]()
នគរបាលបាននិយាយថា នៅចំណុចកើតហេតុនោះ មានផ្ទះជាប់គ្នារដឹក ហើយនៅពេលកើតមានគ្រោះអគ្គិភ័យបែបនេះឡើង បានបង្កឲ្យមានការព្រួយបារម្ភខ្លាំងបំផុត ព្រោះខ្លាចមានការឆេះរាលដាលក្លាយជាគ្រោះមហន្តរាយកើតឡើង។ ប៉ុន្តែជាសំណាងហើយ ដែលប្រជាពលរដ្ឋសហការគ្នាបានល្អ ដោយយកបំពង់ពន្លត់អគ្គិភ័យចេញពីផ្ទះទៅបាញ់ពន្លត់ស្រុះគ្នា រហូតរលត់ទៅវិញបែបនេះ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ