ខេត្តកោះកុង ៖ ក្នុងអំឡុងពេលប្រមាណជា៣ខែចុងក្រោយ គេសង្កេតឃើញមានសកម្មភាពបូមខ្សាច់ ចាក់បំពេញទីតាំង ដើម្បីរំលោ.ភយកដីព្រៃលិចទឹក និងដីចំណីព្រែកអស់ជាច្រើនហិកតា នៅចំណុចភូមិដងពែង ក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
![Picture]()
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះ បានអោយដឹងថា ដើមឡើយមានឧកញ៉ាម្នាក់ឈ្មោះ អ៊ឹង ឃាង បានចុះមកទិញដីស្រែពីប្រជាពលរដ្ឋប្រមាណជាពីរបីហិកតាតែប៉ុណ្ណោះបន្ទាប់មក គេសង្កេតឃើញមានឡានដឹកអាចម៍ដីចាក់ចូលទីតាំងនោះអស់រាប់ពាន់ឡាន តែដោយសារទីតាំងដីនោះស្ថិតនៅជាប់ដៃសមុទ្រ ហើយមានព្រៃកោងកាង និងព្រៃស្មាច់លិចទឹក ដុះចំរុះគ្នាជាច្រើនហិកតាគ្មានអ្នកណាហ៊ានកាន់កា.ប់នោះទេ ហើយលោកឧកញ៉ារូបនោះក៏បានផ្លាស់ប្តូរយុទ្ធសាស្ត្រពីការចាក់បំពេញអាចម៍ដី ពីការដឹកដោយឡានបែន មកប្រើម៉ាស៊ីនបូមខ្សាច់ជាច្រើនគ្រឿង ដើម្បីលុបព្រៃកោងកាង និងព្រៃស្មាច់លិចទឹក ទាំងនោះវិញ។
![Picture]()
ហើយការប្តូររូបភាពបែបនេះ លោកឧកញ៉ាខាងលើ មានចេតនា២យ៉ាង គឺទី១- ដើម្បីបិទបាំងទង្វើល្មើសរបស់ខ្លួនកុំអោយមហាជនមើលឃើញ ព្រោះការបូមខ្សាច់ពីក្នុងដៃសមុទ្រវាស្ងប់ស្ងាត់ជាងប្រើមធ្យោបាយឡានដឹក។ ទី២- បានរំលោ.ភយកដីចំណីព្រែក និងដីព្រៃលិចទឹក ជាច្រើនហិកតា មកធ្វើជាកម្មសិទ្ធិ ដោយមិនបាច់ចំណាយលុយទិញ និងគ្មានអ្នកណាដឹង?។
![Picture]()
ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ខាងលើ ប្រជាពលរដ្ឋជាច្រើនបានបញ្ជាក់ទៀតថា ពួកគាត់ធ្លាប់បានរាយការណ៍ពីរឿងរ៉ាវដែលលោកឧកញ៉ា អ៊ឹង ឃាង លួចបូមខ្សាច់រាប់ម៉ឺនម៉ែត្រគូប ដើម្បីលុបរំលោ.ភយកដីចំណីព្រែកខាងលើនេះ ជូនលោកមេឃុំដងពែង អោយបានដឹងដែរ តែលោកមេឃុំបានឆ្លើយមកវិញថា «អញមិនហ៊ានទេ ព្រោះគេជាអ្នកធ្វើការធំ»។
![Picture]()
លុះនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កោះសន្តិភាពបានទំនាក់ទំនងតាមទូរស័ព្ទទៅកាន់លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ដើម្បីសាកសួរអំពីសកម្មភាពបូមខ្សាច់លុបព្រៃលិចទឹក និងដីចំណីព្រែក ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះថា តើវាមានច្បាប់ត្រឹមត្រូវដែរឬទេនោះ? លោកប្រធានមន្ទីរបានឆ្លើយយ៉ាងច្បាស់ថា «លោកគ្មានសិទ្ធិអនុញ្ញាតិអោយបូមខ្សាច់នៅទីតាំងខាងលើនេះទេ ប៉ុន្តែលោកមានសិទ្ធិយកថ្លៃសួយសារលើបរិមាណខ្សាច់ដែលបានបូមខាងលើនេះ»។
![Picture]()
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា «ខាងមន្ត្រីជំនាញក្រសួងរបស់លោក បានចុះមកធ្វើការព្រមានម្ចាស់ទីតាំងនេះមួយលើករួចមកហើយ បន្ទាប់ពីលោកបានធ្វើរបាយការណ៍ទៅក្រសួងថា សាម៉ីខ្លួនជាម្ចាស់ទីតាំងរឹងរូសមិនព្រមចូលខ្លួនមកបង់សួយសារតាមការកោះអញ្ជើញរបស់មន្ទីរ ដែលទឹកប្រាក់ថ្លៃសួយសារ ចូលខ្ទង់ម៉ឺនដុល្លារ»។
![Picture]()
ពាក់ព័ន្ធនឹងសកម្មភាពល្មើសផ្សេងទៀត ដូចជាការចាក់លុបរំលោ.ភយកដីចំណីព្រែក កោះសន្តិភាពបានព្យាយាមទំនាក់ទំនងទៅលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តដែរ តែទូរស័ព្ទមិនអាចទាក់ទងបាន។ ចំពោះការចាក់លុបធ្វើអោយខូចខាតព្រៃលិចទឹក បាត់បង់ប្រភពជីវៈចម្រុះ និងខូចខាតព្រៃកោងកាង កោះសន្តិភាពក៏បានទំនាក់ទំនងទូរស័ព្ទទៅប្រធានការិយាល័យជលផលខេត្ត និងប្រធានមន្ទីរបរិស្ថានខេត្តដែរ តែទូរស័ព្ទមិនអាចទាក់ទងបានឡើយ។
![Picture]()
ទោះជាយ៉ាងណា ទីតាំងដីរបស់លោកឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ ដែលកំពុងធ្វើសកម្មភាពល្មើសច្បាប់ទាំងការបូមខ្សាច់ ទាំងការចាក់លុបរំលោ.ភយកដីចំណីព្រែក និងធ្វើអោយបាត់បង់តំបន់ជីវៈចម្រុះ នៅក្នុងទឹកដីភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងនេះ នៅមិនទាន់មានអាជ្ញាធរមានសមត្ថកិច្ចណាមួយចាត់វិធានការបង្ក្រាបនៅឡើយទេ ហើយសកម្មភាពល្មើសនេះ នៅតែបន្តទៅមុខយ៉ាងគឃ្លើននៅឡើយ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ