ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ពិសេស​ជូនជនរួមជាតិ៖ ថ្ងៃទី២នេះ សុខភាពសម្តេចល្អធម្មតា ទទួលទាន- សម្រាកបានធម្មតា តែសម្តេច បកស្រាយឱ្យច្បាស់​ពីការមិនបញ្ជូន​តំណាងចូលរួម​កិច្ចប្រជុំ​G20 និង​APEC

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ជាថ្ងៃទី២ ដែល​សម្តេចតេជោ ហ៊ុន សែន បាន​ឆ្លងកូវីដ១៩​។…

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ជាថ្ងៃទី២ ដែល​សម្តេចតេជោ ហ៊ុន សែន បាន​ឆ្លងកូវីដ១៩​។ សម្តេចតេជោ ក៏បានចេញសារ​ជាសំឡេង​លើកទី២ ជូនជនរួមជាតិ ដែលមានរយៈពេលជាង ៦នាទី។ សម្តេចតេជោ ជម្រាបជូនជនរួមជាតិថា សុខភាពរបស់សម្តេច នៅបន្តល្អជាធម្មតា សម្តេចទទួលទានក៏បាន ហើយសម្រាកក៏បានធម្មតា​។ ប៉ុន្តែ​សម្តេចតេជោ បានបកស្រាយ​ឱ្យច្បាស់ជូនជនរួមជាតិ ពីមូលហេតុ​ ដែល​កម្ពុជា មិនបញ្ជូន​តំណាង ដើម្បី​ចូលរួម​កិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅ​ប្រទេសថៃ​។

ជាដំបូង សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ពីស្ថានភាព​​សុខភាពរបស់សម្តេច នាពេលនេះ គឺ​សម្តេច​មានសុខភាព​ល្អធម្មតា មិនមានអ្វីគួរឱ្យ​កត់សម្គាល់​ទេ។ សម្តេចទទួលទាន​ និងសម្រាកបានធម្មតា។ អ្វីដែលធ្វើ​ឱ្យសម្តេច កាន់តែសប្បាយរីករាយទៀតនោះ គឺមេដឹកនាំ​នានា ដែល​ចាកចេញពី​កម្ពុជា ទៅចូលរួមកិច្ចប្រជុំ G20 ក៏ដូចជា វិលត្រឡប់ទៅប្រទេសវិញ ពុំមាននរណាម្នាក់ ឆ្លងកូវីដពីកម្ពុជា​នោះទេ​។

ដូច្នេះសម្តេចតេជោ ហ៊ុន សែន លើកឡើងថា នេះអាចបញ្ជាក់បាន​ថា កម្ពុជាបានទទួលភ្ញៀវ​ដោយសុវត្ថិភាព ទាំងសន្តិសុខ ទាំង​បញ្ហាទាក់ទងជំងឺឆ្លង ក៏​ដូចជាបរិយាកាសដទៃទៀត ដែលផ្តល់​ជាអំណោយផល សម្រាប់​កម្ពុជាទទួលបានជោគជ័យ​ នៅក្នុងការរៀបចំកិច្ចប្រជុំ​កំពូល​អាស៊ាន និងកិច្ចប្រជុំ​ពាក់ព័ន្ធ។

ជាមួយនឹងការលើកឡើងខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបកស្រាយជូន​ជនរួមជាតិ​ឱ្យបានយល់ច្បាស់ អំពី​ការលើកឡើងថា ហេតុអ្វីបាន​ជាសម្តេច ឆ្លងកូវីដតែឯង តែមិន​ទុកសមាជិក​ដទៃទៀត ឱ្យចូលរួម​កិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ី?

ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូន​ថា កម្ពុជាមិនមែនជាប្រទេស​សមាជិក G20 នោះទេ។ បើយើងជាសមាជិក G20 យើងមានសិទ្ធិតែងតាំងថ្នាក់រដ្ឋមន្ត្រី ឬឧបនាយករដ្ឋមន្ត្រី ណា ជាតំណាង​របស់យើង។ តែនៅឥណ្ឌូនេស៊ី ក៏ដូចជានៅបាងកក ដែលរៀបចំកិច្ចប្រជុំ APEC ប្រទេសយើង គឺត្រូវបានអញ្ជើញ​ចំឈ្មោះប្រធានអាស៊ានតែម្តង គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដូច្នេះ​ដើម្បីធានាការប្រព្រឹត្តទៅ​បានល្អនៃកិច្ចប្រជុំ​នៅឥណ្ឌូនេស៊ី កម្ពុជា​បាន​ធ្វើកាសម្របសម្រួល ជាមួយឥណ្ឌូនេស៊ី ដែលបានទទួលញញួរ​ជាប្រធានស៊ានរួចហើយនោះ គឺប្រគល់​ជូនឥណ្ឌូនេស៊ី គ្រប់គ្រងការងារជាប្រធាន​អាស៊ានតែម្តង ពីព្រោះយើង​មិនមានសិទ្ធិ​ចាត់​តាំង​នរណា ជំនួសឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេ​។ ម្យ៉ាងទៀត ដោយសារតែការធ្វើដំណើរតាមយន្តហោះតែមួយ​ជាមួយគ្នា ជាង ៤០នាក់ ទោះគ្មាន​នរណា កើតកូវីដក៏ដោយ ក៏ប៉ុន្តែ​បើសិន​ជាមានបុគ្គលណាមួយ ឧបនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីណាម្នាក់ ដែល​ត្រូវបានអនុញ្ញាត​ឱ្យចូលរួម​ប្រជុំ​ វាពិតជា​ផ្តល់កង្វល់​សម្រាប់​ម្ចាស់ផ្ទះ គឺឥណ្ឌូនេស៊ី។ ដូច្នេះហើយ ទើបសម្តេច សម្រេច​ចិត្ត​ដឹកនាំគណៈប្រតិភូ​ទាំងអស់ វិលត្រឡប់​មកកម្ពុជាវិញ ហើយប្រគល់ឋានៈឱ្យឥណ្ឌូនេស៊ី ជាប្រធានអាស៊ានតែម្តង។​

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា យើង​មិនមានសិទ្ធិ​តែងតាំងតំណាងទេ ព្រោះយើង​មិនមែនជាសមាជិក​ G20។ នៅបាងកក ក៏យើងបានសួរទៅម្ចាស់ផ្ទះ ថាចាត់តាំង​តំណាង បានឬទេ? តែម្ចាស់ផ្ទះ តបថា នេះជាការ​អញ្ជើញ​ប្រធានអាស៊ាន ដូច្នេះមិនមានការចាំបាច់ នឹងចាត់តាំង​តំណាង​ ទៅចូលរួមនោះទេ​។ ត្រង់នេះហើយ ដែលសម្តេចតេជោ បានគូសបញ្ជាក់ជូនជនរួមជាតិ​ថា គឺក្នុងឋានៈយើង​ជាប្រធានអាស៊ាន គឺត្រូវបានអញ្ជើញ​ ចំឈ្មោះ គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំ២០២២។ គេមិនមែន​អញ្ជើញព្រះរាជាណាចក្រ​កម្ពុជាទេ​។ ពិតមែនតែកម្ពុជា ជាប្រធានអាស៊ាន តែយើង​ទៅ គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានអាស៊ានតែម្តង។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញ​ទៅដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២​ ដើម្បីចូលរួម​កិច្ចប្រជុំ​កំពូល G20។ ប៉ុន្តែ​លទ្ធផល​តេស្តរហ័សរកកូវីដ១៩ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា បង្ហាញថា សម្តេចវិជ្ជមានកូវីដ១៩​។ ដូច្នេះហើយ បានជាសម្តេច ត្រូវដឹកនាំគណៈប្រតិភូ​កម្ពុជា វិលត្រឡប់​មកកាន់មាតុប្រទេសវិញ ដែល​មកដល់ភ្នំពេញ នៅព្រលប់​ថ្ងៃទី១៥វិច្ឆិកា​។

យ៉ាងណាក៏ដោយ សុខភាពរបស់សម្តេចតេជោ ហ៊ុន សែន នៅល្អធម្មតា ហើយសម្តេច បន្ត​ធ្វើការងារ​ពីផ្ទះរបស់សម្តេច នៅតាខ្មៅ ខេត្តកណ្តាល។ ដោយឡែក ប្រតិភូ​ប្រមាណ ៤០នាក់ ដែលទៅតាមសម្តេចតេជោ ហ៊ុន សែន តាមយន្តហោះតែមួយ ត្រូវបានធ្វើតេស្ត ពេលវិលត្រឡប់​មកដល់ភ្នំពេញ ហើយ​លទ្ធផល មិនមាននរណាម្នាក់ ឆ្លងកូវីដ១៩ ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ