ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​ថ្ងៃ​បុណ្យអុំទូក ពលរដ្ឋ​និង​មន្ត្រីរាជការ​ចូលរួម​ដាល់អំបុក​ក្នុង​វត្ត​ពោធិ៍​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី​យ៉ាងច្រើន​កុះករ

1 ឆ្នាំ មុន
  • ប៉ៃលិន

ចាប់តាំងពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២២ រហូត​ដល់​ម៉ោង​ប្រមាណ​១២​យប់​ថ្ងៃ​ដដែល គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​​ភូមិ​-​ឃុំ​-​ស្រុក និង​មន្ត្រីរាជការ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ចូលរួម​

ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២២ រហូត​ដល់​ម៉ោង​ប្រមាណ​១២​យប់​ថ្ងៃ​ដដែល គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​ភូមិ​-​ឃុំ​-​ស្រុក និង​មន្ត្រីរាជការ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ចូលរួម​កម្មវិធី​ដាល់អំបុក អកអំបុក ដោយ​មុន​ដំបូង ពួក​គេ​ចាត់​ឱ្យ​អ្នកខ្លះ​លីង​ស្រូវ រហូត​ដល់​ផ្ទុះ​ក្លាយទៅជា​គ្រាប់​លាជ ទើប​អ្នកខ្លះ​ទៀត​យក​ទៅ​ដាល់​ជា​អំបុក​យ៉ាង​ស្ទាត់ជំនាញ រហូត​ដល់​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ដដែល ទើប​គេ​នាំ​គ្នា​ចាប់ផ្តើម ពុះ​ដូងខ្ចី មាន​ចេកទុំ លាយ​គ្នា​ជាមួយ​អំបុក ចូលរួម​ធ្វើ​កម្មវិធី​អកអំបុក​យ៉ាង​សប្បាយ​រីករាយ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ព្រះ​តេជគុណ អៀ ផ​ន ព្រះ​មេគណ​ខេត្ត និង​ជា​ព្រះ​ចៅអធិការ​វត្ត​ពោធិ៍​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី បាន​មាន​សង្ឃដីកា​ថា ៖ មិន​ខុស​ពី​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា​នោះ​ទេ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​មានការ​រៀបចំ​ធ្វើ​កម្មវិធី​អកអំបុក សំពះ​ព្រះ​ខែ​ផង​ដែរ ដោយ​មាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ មក​ពី​តាម​ភូមិ​ជា​ច្រើន ចូលរួម​ក្នុង​កម្មវិធី​នេះ​យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់​។

ព្រះ​តេជគុណ បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិន អត់​មានកម្ម​វិធី​បុណ្យអុំទូក​នោះ​ទេ ព្រោះ​ជា​តំបន់​ខ្ពង់រាប អត់​មាន​ទឹកស្ទឹង​ជ្រៅ​ដូច​ខេត្ត​នានា​មួយ​ចំនួន ខណៈ​ដែល​ខេត្ត​នេះ នៅ​ពេល​ដល់​ខែ​ត្រូវធ្វើ​កម្ម​វី​ធី​ម្តង​ៗ គ្រាន់តែ​រៀបចំ​ផ្លែ​ឈើ​ផល្លានុផល​ផ្សេង​ៗ ដូច​ជា ផ្លែ​ដូង ផ្លែ​ម្នាស់ ផ្លែ​មៀន​ប៉ៃលិន ល្ហុង និង​ផ្លែ​ឈើ​គ្រប់មុខ មានការ​បង្ហោះគោម កម្មវិធី​ដាល់អំបុក និង​ការ​លេង​ល្បែ​.​ង​រាំ​កម្សាន្ត​សប្បាយ​ជាដើម​។

ព្រះ​តេជគុណ​បញ្ជាក់​ទៀត​ថា ការ​បង្ហោះគោម គឺជា​និមិត្តរូប ដើម្បី​បូជា​ថ្វាយ​ដល់​ព្រះ​ជា​ម្ចាស់ ដែល​គង់នៅ​ឋាន​ត្រៃ​យ៍​ត្រឹង ឋាន​លើ ដោយ​យើង​ជា​មនុស្ស​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់ មាន​តែ​នាំ​គ្នា​បង្ហោះគោម​ផ្សង ជា​ពន្លឺ​ដ៏​ត្រចះត្រចង់​ទៅ​កាន់​ឋាន​លើ​ប៉ុណ្ណោះ រួច​រង់ចាំ​ទទួល​ពរ​ជ័យ​ពី​ព្រះ​ជា​ម្ចាស់ ឱ្យ​ទទួល​បាន​សុខ​សេរី​សួស្តី​ជ័យ​មង្គល​គ្រប់​ប្រការ​។ រីឯ​ការ​ធ្វើ​កម្មវិធី​ដាល់អំបុក អកអំបុក គឺជា​ការ​ធ្វើ​តាម​ទំនៀមទម្លាប់​ដូនតា​ខ្មែរ​យើង​ត​ៗ​គ្នា​ជា​យូរលង់​ណាស់​មក​ហើយ ដោយសារ​យប់​ថ្ងៃនេះ ជា​ចុង​នៃ​វស្សា​រដូវ ហើយ​ថ្ងៃស្អែក គឺជា​ថ្ងៃ​១​រោច ខែកត្តិក ត្រូវជា​ដើមរដូវ​រំហើយ រដូវ​ច្រូតកាត់ ជា​រដូវ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀមខ្លួន​ប្រមូល​ផល​ស្រូវ នាំ​គ្នា​ច្រូតកាត់​នៅ​តាម​វាលស្រែ​ស្រូវ​របស់​ខ្លួន​។

បន្ទាប់​ពី​ច្រូតកាត់​រួច ពួក​គាត់​យក​ស្រូវ​ទាំងនោះ​មក​ដាល់​ជា​អំបុក ដើម្បី​បាន​ធ្វើ​ទាន​ប្រគេន​ដល់​ព្រះសង្ឃ និង​ជូន​ដល់​ចាស់ព្រឹទ្ធាចារ្យ ដែល​គង់នៅ​ក្នុង​វត្ត​អារាម ត្រូវ​ពេល​ចេញ​ព្រះ​វស្សា​។ ម្យ៉ាងវិញទៀត គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី នាំ​គ្នា​លេង​កម្សាន្ត​សប្បាយ​ជួបជុំ​មិត្តភក្តិ​បងប្អូន​នៅ​តាម​ទី​វត្ត​អារាម ថែម​ទាំង​នាំ​គ្នា​លេង​ល្បែ​.​ង​ប្រជាប្រិយ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ