តើ​ប្រុស​មាន​ស្រី​ក្រៅ​ជា​រឿង​ធម្មតា​ឬ?


មនុស្ស​ភាគច្រើន​ទទួលស្គាល់​ថា បុរស​ៗ​សឹង​ទាំងអស់​លួច​មាន​ស្រី​ញី​ខាងក្រៅ​ផ្ទះ​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ខ្លះ​ទៀត​ថែម​ទាំង​ចិត្តល្អ ដោយ​ពោល​ពាក្យ​ថា «​បើសិន​ត្រឹម​ស៊ី​នំ​ឱ្យ​លុយ​គឺ​មិន​អី​ទេ កុំឱ្យ​តែ​ព្រហើន​យក​ជា​ប្រពន្ធចុង​»​។

បុរស​ៗ​ខ្មែរ​មានសំណាង​ច្រើន​ជាង​នារី បើ​គិត​អំពី​បញ្ហា​ផ្លូវភេទ​នេះ​។ មនុស្ស​ប្រុស​មានឱកាស​ដើរ​ក្រៅ​ផ្ទះ ហើយ​ផឹកស៊ី​ស្រី​ញី​អូន​បង​តាម​ចិត្ត ដោយ​គ្មាន​ការ​រិះគន់​ខ្លាំងក្លា​ឡើយ​។ ដោយ​បុរស​ខ្មែរ​ភាគច្រើន​ជា​អ្នករក​លុយ​ផ្គត់ផ្គង់​គ្រួសារ ពួក​គេ​ក៏​មាន​លទ្ធភាព​នឹង​កឹ​ប​កេង​លុយ​ទុក​ចាយ​នៅ​ខាងក្រៅ​ផ្ទះ​។ ជាមួយ​គ្នា​នោះ​បុរស​ៗ​ក៏​មាន​សេរីភាព​ច្រើន​ជាង​ស្ត្រី​នៅ​ក្នុង​ការ​ដើរហើរ​នៅ​ក្នុង​សង្គម​ខ្មែរ ដែល​មនុស្ស​ភាគច្រើន​គិត​ថា វា​នឹង​មិន​សម​ទំនង​ឡើយ បើសិនជា​មនុស្ស​ស្រី​ដើរហើរ​យប់ និង​ផឹកស៊ី​ដូច​បុរស​ៗ​នោះ​។ ស្តង់ដា​សីលធម៌​ពីរ​ផ្ទុយ​គ្នា​បាន​កើត​មាននៅ​ក្នុង​សង្គម​ខ្មែរ​ដោយ​លម្អៀង​ទៅ​រក​ខាង​បុរស​។

សូ​ម្បី​តែ​បុរស​ៗ​ផឹកស៊ី និង​លួច​មាន​ស្រី​ញី​នៅ​ខាងក្រៅ​ផ្ទះ ក៏​គេ​នៅ​តែ​គិត​ថា ជា​រឿង​ធម្មតា​របស់​បុរស​។ ការ​មាន​និន្នាការ​គិត​ថា ការ​លួច​មាន​ស្រី​ញី​ខាងក្រៅ​ផ្ទះ​ជា​រឿង​ធម្មតា​​នឹង​ជំរុញ​ឱ្យ​បុរស​ៗ​កាន់តែ​ខិលខូច​និង​ក្បត់​ប្រពន្ធ​។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ពួក​គេ​អាច​នឹង​ជ្រុលជ្រួស​រហូត​ដល់​មាន​ប្រពន្ធចុង បើសិនជា​ស្រី​កំណាន់​នោះ​ដៃ​ស្អិត ហើយ​​មិន​លែងដៃ​ឱ្យ​បុរស​នោះ​រួចខ្លួន​។ ពេល​នោះ​ជម្លោះ​គ្រួសារ​នឹង​កើត​មាន​ឡើង ហើយ​អាច​ឈាន​ដល់​ការ​បែកបាក់​។ អ្នក​ដែល​រង​គ្រោះ​ជាងគេ គឺ​ភរិយា​ដ៏​ល្អ និង​កូន​គួរ​ឱ្យ​ស្រឡាញ់​ដែល​នឹង​ខ្វះ​ភាព​កក់ក្តៅ​នៅ​ពេល​ដែល​ឪពុក​ម្តាយ​លែងលះ​គ្នា​។

ការ​ផិតក្បត់​នៅ​ខាងក្រៅ​ផ្ទះ គឺជា​រឿង​អ​សីលធម៌ ហើយ​មិន​ត្រូវ​ចាត់​ទុក​ថា ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ប្រុស ប៉ុន្តែ​ជា​រឿង​គួរ​ផ្តន្ទាទោស​សម្រាប់​មនុស្ស​ស្រី​នោះ​ឡើយ​។ សាក​ស្រមៃ​មើល​ថា តើ​នឹង​មាន​ព្យុះ​ភ្លៀង​ខ្លាំង​យ៉ាងណា បើសិនជា​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​លួច​មាន​ប្រុស​ឈ្មោល​នៅ​ខាងក្រៅ​នោះ​។

មនុស្ស​ស្រី​ជា​ភរិយា​ខ្លះ​គិត​ថា បើសិនជា​ប្តី​មាន​ស្រី​ក្រៅ​ផ្ទះ​តាម​របៀប​ស៊ី​នុំ​ឱ្យ​លុយ​នោះ ខ្លួន​មិន​រករឿង​ឡើយ​។ ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ​មិន​ត្រូវ​មានចិត្ត​ទន់ ដោយ​ទទួលស្គាល់​ការ​ផិតក្បត់​ក្រៅ​ផ្ទះ​ជា​រឿង​ធម្មតា​ឡើយ​។ ការ​ទទួលស្គាល់​បែប​នេះ​នឹង​ធ្វើ​ឱ្យ​បុរស​ៗ​កាន់តែ​ខិលខូច ហើយ​អ្នក​រង​គ្រោះ​នឹង​នៅ​តែ​ជា​ស្ត្រី​ជា​ប្រពន្ធ និង​កូន​ៗ​យ៉ាង​ពិតប្រាកដ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ