ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​2​នាក់​ប្តី​-​ប្រពន្ធ​ស្ពាយ​មាស​ដើរ​លក់ អាជីវករ​ខ្មែរ​សង្ស័យ​ឆបោក ក៏​ដាក់​អន្ទាក់​ភ្លាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ធៃ កាលពី​រសៀល​ថ្ងៃ​ទី​៤ មេ​សា

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ធៃ កាលពី​រសៀល​ថ្ងៃ​ទី​៤ មេ​សា បាន​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​ជនជាតិ​ចិន​២​នាក់​នៅ​ក្នុង​ផ្សារ​ស៊ី​ធី​មល សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ដែល​មាន​បំណង​យក​មាស​ក្លែងក្លាយ​ប្រមាណ​៣០​ដុំ ទៅ​លក់​ឲ្យ​ក្រុម​អាជីវករ ។ ជន​ទាំង​ពីរ​នាក់​នោះ ប្ដី​ឈ្មោះ ZHANG JAI SHEN អាយុ​៤៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ZHONG XIV LONG អាយុ​៤១​ឆ្នាំ ។

ដើមចម​ដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្តី​ប្រពន្ធ​ពីរ​នាក់​នោះ ត្រូវ​បាន​លោក​វរសេនីយ៍ឯក ជាវ វិបុល ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ មីនា ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​នេះ បាន​ចូល​ទៅ​ក្នុង​ផ្សារ​ស៊ី​ធី​មល ក៏​បាន​ទាក់ទង​ជាមួយ​អាជីវករ​ខ្មែរម្នាក់ ដែល​ចេះ​ភាសា​ចិន​លក់​នៅ​ទីនោះ ។ ចិន​២​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​រៀបរាប់​ថា គេ​ទើប​មក​ពី​ខេត្ត​ខ្វាង​ទុង ប្រទេស​ចិន ដើម្បីបើក​ក្រុមហ៊ុន​មួយ​វិនិយោគ​នៅ​ស្រុក​ខ្មែរ ។ ក្រោយ​ពី​បាន​ជជែក​គ្នា​លេង​រួច​មក ប្តី​ប្រពន្ធ និង​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​ស៊ី​ធី​មល យក​លេខទូរ​សព្ទ័​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ចេញ​បាត់​ទៅ ។

លោក ជាវ វិបុល បន្ត​ថា ពេល​ប្តី​ប្រពន្ធ​២​នាក់​នោះ​ទៅ​បាត់​មួយ​រយៈ ស្រាប់តែ​មានការ​ទាក់ទង​តាម​ទូរស័ព្ទ មក​អា​ជីករ​ខ្មែរ​នៅ​ផ្សារ​ស៊ី​ធី​មល​ថា គេ​២​នាក់​ប្តី​ប្រពន្ធ​បាន​ជីកដី​ធ្វើ​ការដ្ឋាន​ប៉ះ​ចំ​កំណប់មាស ច្រើន​សន្ធឹក​សន្ធប់​ច្រើន​ដុំ និង​រាប់​សិប​គីឡូក្រាម​ទៀត​ផង ដូច្នេះ​ចង់បាន​យោបល់​ថា​ តើ​ធ្វើ​យ៉ាងណា ឬ​រក​វិធី​យ៉ាងម៉េច​បាន​ផ្ញើ​មាស​នោះ​ទៅ​ស្រុក​គាត់ (​ប្រទេស​ចិន​) ។

អាជីវករ​ខ្មែរ​នៅ​ផ្សារ​ស៊ី​ធី​មល មិន​ឆោតល្ងង់​ទេ គ្រាន់តែ​ចិន​២​នាក់​ប្តី​ប្រពន្ធ​ទូរស័ព្ទ​និយាយ​ដូច្នោះ​ភ្លាម​ក៏​ដឹង​ភ្លាម​ថា នេះ​ពិតជា​ល្បិច​កល​ជន​ឆបោក​ទាំងស្រុង ពីព្រោះ​ស្រុក​ខ្មែរ​មិន​ដែល​មាន​កំណប់់មាស​រាប់​សិប​គីឡូ​ដូច​គាត់​និយាយ​នោះ​ទេ ។ ពេល​នោះ​អាជីវករ​ក៏​បាន​ផ្តល់​គំនិត​វិញ​ថា អ្នកឯង​មិន​អាច​ផ្ញើ​មាស​ទាំង​ដុំ​ចេញ​ទៅ​ស្រុក​ចិន​បាន​ទេ ត្រូវ​យក​មាស​នោះ​មក​លក់​យក​ជា​ប្រាក់​ដុល្លារ​សិន ហើយ​ចាំ​យក​ប្រាក់​នោះ​ដាក់​បញ្ចូល​ទៅ​ក្នុង​កុង​ធនាគារ ។

ពេល​នោះ​ប្តី​ប្រពន្ធ​ធ្វើ​ជា​ឆ្ងល់​ប្រាប់​អាជីវករ ថា មិនដឹង​យក​ទៅ​លក់​ឯណា ទើប​អាជីវករ​បន្លុយ​ថា យក​មក​ភ្នំពេញ​គាត់​ជួយ​លក់ ឲ្យ​តែ​ប្រាកដជា​មាស​សុទ្ធ ។ នៅ​ថ្ងៃ​ទី​០៣ មេ​សា ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​ស្ពាយ​មាស​ក្លែងក្លាយ ធ្វើ​ដូច​មាស​ស្នូក (​មាស​ឆេ​ង​ម៉េ​ង​) មក​ដល់​ផ្សារ​ស៊ី​ធី​មល ប៉ុន្តែ​គេ​ប្រើ​ល្បិច​យក​មាស​សុទ្ធ​១​ដុំ​មាន​ទម្ងន់​ប្រហែល​២​ជី មក​ឲ្យ​អាជីវករ​នោះ​ធ្វើតេស្ដ​ដុត​មើល​សុទ្ធ​ឬ​មិន​សុទ្ធ ដើម្បី​ឲ្យ​គេ​ជឿ​ទុកចិត្ត​ថា មាស​នោះ​សុទ្ធ​មែន ។ ទោះជា​យ៉ាងនេះ​ក្តី អាជីវករ​ខ្មែរ​នៅ​តែ​មិន​ជឿ​ទាំងស្រុង​ថា មាស​មួយ​សាក់​កាដូរ​នោះ​ជា​មាស​សុទ្ធ​ទាំងអស់​ទេ ក្រោយ​ពី​ធ្វើតេស្ដ​ហើយ​ចិន​ពីរ​នាក់​ប្តី​ប្រពន្ធ និង​អាជីវករ​បាន​បែក​គ្នា ដោយ​អាជីវករ​បាន​កំណត់​ថ្ងៃ​ទី​៤ មេ​សា និង​យក​ប្រាក់​មក​ទិញ​មាស​ក្លែងក្លាយ​ពី​ចិន​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ ។

លោក​វរសេនីយ៍ឯក ជាវ វិបុល បន្ត​ថា ពេល​ចិន​២​នាក់​ប្តី​ប្រពន្ធ​ចេញ​ផុត​ទៅ អាជីវករ​ម្នាក់​នោះ​បាន​ស្គាល់​លេខ​ទូរស័ព្ទ​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក៏​រៀបរាប់​ប្រាប់​តាម​ដំណើររឿង ។ ពេល​នោះ​លោក​អគ្គស្នងការ​រង បាន​ផ្តល់​ជា​ដំណឹង​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ឲ្យ​ចាត់ការ​តាម​នីតិវិធី ព្រោះ​រឿង​នេះ​ពិតជា​ល្បិច​ជន​ឆបោក​ទាំងស្រុង ។ ដោយ​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ អនុប្រធាន​នាយកដ្ឋាន និង​បាន​ប្រើប្រាស់​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៅ​ល្ងាច​ថ្ងៃ​ទី​០៤ មេ​សា ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន ពីរ​នាក់​ប្តី​ប្រពន្ធ​ពេល​កំពុង​ស្ពាយ​សាក់​កាដូ​រដាក់​មាស​ក្លែង​ក្លែង ប៉ុនប៉ង​យក​មក​លក់ ជាក់ស្តែង​នៅ​មុខ​ផ្សារ​ស៊ី​ធី​មល និង​បាន​នាំ​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​តែ​ម្តង ។

បន្ទាប់​ពី​ចាប់​ឃាត់ខ្លួន​ចិន​ពីរ​នាក់​ប្តី​ប្រពន្ធ សមត្ត​កិច្ច​បាន​ពិនិត្យ និង​ឆែកឆេរ​ក្នុង​សាក់​កាដូ​នោះ ឃើញ​ដុំ​មាស​ក្លែងក្លាយ​ធ្វើ​ប្រហាក់​ប្រហែស​មាស​ស្នូក ដែល​ចិន​យក​ទៅ​សែន​ផ្នូ​ចំនួន​៣០​ដុំ ក្នុង​១​ដុំ​មាន​ទម្ងន់ ប្រហែលជា​១០​ដំឡឹង និង​មាស​ធ្វើ​ជា​រូប​អ្នកតា​ចិន​១ មាន​ទម្ងន់​ប្រហែលជា​៣​ទៅ​៤​គីឡូក្រាម ។ បើ​តាម​ចម្លើយ​ជនជាតិ​ចិន​នោះ​ឆ្លើយ​ថា ក្នុង​១​ដុំ​មាស​គេ​លក់​ឲ្យ​អាជីវករ តម្លៃ​តែ​២​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី ៕