ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ចរចា ការ​ប្រឈម​មុខ​គ្នា​រវាង​កម្ពុជា​-​ឡាវ​រឿង​សង់​ប៉ុស្តិ៍​ព្រំដែន​បាន​ធូរស្រាល

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ភាគី​កម្ពុជា​-​ឡាវ បាន​ឯកភាព​គ្នា​ដោយ​ផ្អាក​ការ​សង់​ប៉ុស្តិ៍​ព្រំដែន​ទាំង​សងខាង ហើយ​អាជ្ញាធរ​នៃ​ខេត្ត​ទាំង​ពីរ (​ស្ទឹង​ត្រែង​-​ចំប៉ា​សាក់​)

ខេត្តស្ទឹងត្រែង ៖ ភាគី​កម្ពុជា​-​ឡាវ បាន​ឯកភាព​គ្នា​ដោយ​ផ្អាក​ការ​សង់​ប៉ុស្តិ៍​ព្រំដែន​ទាំង​សងខាង ហើយ​អាជ្ញាធរ​នៃ​ខេត្ត​ទាំង​ពីរ (​ស្ទឹង​ត្រែង​-​ចំប៉ា​សាក់​) និង​គ្រោង​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី នា​ពេល​ខាង​មុខ ។ នេះ​បើ​តាម​ការ​អះអាង​ពី​មេបញ្ជាការ​យោធា​ខេត្តស្ទឹងត្រែង​បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ មេ​សា នៅ​ចំណុច​ប៉ុស្តិ៍​ដើម​ល្វា​វ៉ើនខា​វ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

ការ​តានតឹង​បាន​កើតឡើង​ចាប់ពី​ថ្ងៃ​ទី​២ មេ​សា បន្ទាប់​ពី​កម្លាំងយោធា​ឡាវ​រួម​ទាំង​សេនាជន​ជា​ច្រើន​នាក់​បាន​ដាក់​កម្លាំង​ការពារ​និង​បិទ​ច្រកព្រំដែន មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​នាំ​កសិផល​និង​ទំនិញ​ចេញចូល​ដូច​ធម្មតា ដោយ​មាន​កម្លាំងយោធា និង​សេនា​ជន​១២​នាក់ ឈរជើង​នៅ​ចំណុច​លូ​១​ក្បែរ​ប៉ុស្តិ៍​ដើម​ល្វា ច្រក​វ៉ើនខា​វ លើ​ដី​កម្ពុជា និង​៣​នាក់​ទៀត​ឈរជើង​នៅ​ច្រក​ប៉ុស្តិ៍​វើ​ុ​នខា​ម​លើ​ដី​របស់​ខ្លួន ហើយ​នៅ​រសៀល​ម៉ោង​២ ភាគី​ឡាវ​បាន​បន្ថែម​កម្លាំង​របស់​ខ្លួន​៣​រថយន្ត​ទៀត​មក​ឈរជើង ។ សកម្មភាព​នេះ ហាក់ដូច​ត្រៀម​ជើងការ នៅ​លើ​ទឹកដី​ខ្លួន​ក្នុង​បំណង​រារាំង​មិន​ឱ្យ​កម្ពុជា​សង់​ប៉ុស្តិ៍​ដើម​ល្វា​នៅ​ដី​កម្ពុជា ដែល​មាន​គ្រឹះ​ទីតាំង​បន្សល់​ទុក​តាំងពី​សម័យ​បារាំង  ។

ការ​ព្យាយាម​សង់​ប៉ុស្តិ៍​ដើម​ល្វា​ពី​សំណើ​ភាគី​កម្ពុជា​នោះ ត្រូវ​បាន​មន្ត្រី​ខ្មែរ​និយាយ​ថា គឺ​បន្ទាប់​ពី​ការ​ហាមឃាត់​បញ្ចប់​ការ​សាងសង់​ប៉ុស្តិ៍​ព្រំដែន​របស់​ខ្លួន លើ​ចំណុច​ដែល​ប្រទាក់ប្រទាញ​គ្នា​នៅឡើយ តែ​ភាគី​ឡាវ​បាន​ជម្នះ​ឈូស​ឆាយ​ផ្លូវ​ចូល​ដើម្បី​ដឹក​សម្ភារ​សំណង់​បន្ត​ធ្វើ​ប៉ុស្តិ៍​របស់​ខ្លួន ដោយ​មិន​អើពើ​ពី​ការ​ហាមឃាត់​ពី​ភាគី​កម្ពុជា​។ ដោយសារ​មានការ​ជម្នះ​ធ្វើ​ប៉ុស្តិ៍​រៀងខ្លួន ទីបំផុត​ទើប​មានការ​ចរចា ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​ច្រករបៀង​ដែល​ឡាវ​បិទ ត្រូវ​បាន​បើក​ឱ្យ​ចេញចូល​ជា​ធម្មតា តែ​មានការ​ត្រួតពិនិត្យ​និង​ឆែកឆេរ​យ៉ាង​តឹង​រឹង​ពី​ភាគី​ឡាវ ។

ប្រភព​ពី​កម្លាំង​ការពារ​ព្រំដែន​កម្ពុជា​បន្ត​ថា នៅ​ថ្ងៃ​បន្តបន្ទាប់​អាជ្ញាធរ​ខេត្ត​បាន​ចាត់​បេសកជន​ពិសេស​រួម​កងកម្លាំង និង​អង្គភាព​ពាក់ព័ន្ធ​ចុះ​ជួប​រក​ដំណោះស្រាយ​បន្តបន្ទាប់ តែ​ពុំ​មាន​លទ្ធផល​ផ្លែផ្កា​ទេ ដោយ​ភាគី​ឡាវ​ស្នើ​ឱ្យ​កម្ពុជា​ផ្អាក​ការ​សង់​ប៉ុស្តិ៍​ដើម​ល្វា ។ ដោយឡែក​កម្ពុជា​ក៏​បាន​ឆ្លើយ​តប​វិញ​ថា ប្រ​សិន​ឱ្យ​កម្ពុជា​ផ្អាក​លុះត្រា​មិត្ត​ឡាវ ផ្អាក​សកម្មភាព​សង់​ប៉ុស្តិ៍​ដុ​ង​ក្រឡ​ចាស់​ដែរ ។

ការ​ជួប​ចរចា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នោះ ភាគី​ឡាវ នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​ដដែល ដោយ​លើក​ហេតុផល យោង​តាម​ឯកសារ​កំណត់ហេតុ​ការ​ចុះ​ត្រួតពិនិត្យ បរិវេណ​តំបន់​ព្រំដែន​រួម ឡាវ​-​កម្ពុជា កម្ពុជា​-​ឡាវ ។ គណៈកម្មការ កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​រក្សា​សន្តិសុខ របៀបរៀបរយ​តាម​បណ្តោយ​ព្រំដែន​ទូទៅ ឡាវ​-​កម្ពុជា កម្ពុជា​-​ឡាវ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​នៅ​ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​។ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក សៀ​ក សុ​ជាតិ នាយ​រង​សេនាធិការ​ចម្រុះ​នាយក​ទីចាត់ការ​ការងារ​ព្រំដែន អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ ជា​ប្រធានគណៈកម្មការ​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិសុខ​របៀបរៀបរយ​តាម​ព្រំដែន​ទូទៅ​កម្ពុជា​-​ឡាវ ។ ចំណែក​ភាគី​ឡាវ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី សី​ុ​ផា​ន់ តុ​ត​ថា​ក់​វង្ស នាយក នាយកដ្ឋាន​យោធា​ព្រំដែន អគ្គសេនាធិការ កងទ័ព​ប្រជាជន​ឡាវ ជា​ប្រធាន​គណៈកម្មការ កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិសុខ របៀបរៀបរយ តាម​បណ្តោយ​ព្រំដែន​ទូទៅ​ឡាវ​-​កម្ពុជា ។ រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​៥ មេ​សា ភាគី​នៃ​ប្រទេស​ទាំង​ពីរ​បាន​បញ្ចេញ​ស្នាមញញឹម​ដាក់​គ្នា ដោយសារ​ស្ថាន​ការ​ទាំងឡាយ​ក្លាយជា​សន្តិភាព ។

ក្រុម​អ្នកកាសែត​បាន​ជួប​ជាមួយ​លោក​ឧត្តមសេនីយ៍ត្រី ស្វាយ ញ៉​ន មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តស្ទឹងត្រែង ខណៈ​ចុះ​ទៅ​តំបន់​ស ចំណុច​ដែល​មិន​ទាន់​ឯកភាព​នោះ​លោក​បាន​បញ្ជាក់​ថា ការ​បិទ​ច្រកព្រំដែន នៅ​ចំណុច​ប៉ុស្តិ៍​ទឹក ហៅ​ថា​ដើម​ល្វា កាលពី​ថ្ងៃ​ទី​២ ខែមេសា ត្រឹមតែ​២​ទៅ​៣​ម៉ោង ក្រោយមក ក៏​បាន​បើក​ឱ្យ​ឆ្លងកាត់​ជា​ធម្មតា​វិញ ។

លោក​ថា ពេល​នោះ​គឺជា​ការ​យល់​ច្រឡំ​គ្នា​តែ​ប៉ុណ្ណោះ ។ ចំពោះ​បញ្ហា​រឿង​សាងសង់​ប៉ុស្តិ៍​នៅ​ចំណុចដើម​ល្វា និង​ដុ​ង​ក្រឡ​ចាស់​ទុក​កិច្ចការ​ទាំងនេះ ឱ្យ​លោក​អភិបាលខេត្ត​ប្រទេស​ទាំង​ពីរ ដោះស្រាយ​គ្នា នៅ​ក្រោយ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។ ឯ​ករណី​សាងសង់​ប៉ុស្តិ៍​នៅ​កន្លែង​ពីរ​ផ្សេង​គ្នា​ត្រូវ​ផ្អាក មិន​ឱ្យធ្វើ​សកម្មភាព​អ្វី​ទាំងអស់ រង់ចាំ​ថ្នាក់ដឹកនាំ​ខេត្ត​ដោះស្រាយ​បន្ត ។ ដោយឡែក​លោក​ឧត្តមសេនីយ៍ត្រី ស៊ូ កៃ​ភី​ម​ម៉ា​សាន មេ​យោធា​ខេត្ត​ចំប៉ា​សាក់​របស់​ឡាវ បាន​ប្រាប់​ដែរ​ថា ការ​ជួប​គ្នា​រវាង​យោធា​ខេត្តស្ទឹងត្រែង​និង​ចំប៉ា​សាក់ គឺជា​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ។ ការ​ប្រើ​កងកម្លាំង​សមត្ថកិច្ច​ដាក់​គ្នា​នៅ​ចំណុចដើម​ល្វា គឺជា​ការ​យល់​ច្រឡំ​គ្នា ។ ការ​ជួប​គ្នា​រវាង​យោធា នៃ​ខេត្ត​ទាំង​ពីរ​ជា​ការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ។ ចំពោះ​បញ្ហា​ដែល​យល់​ច្រឡំ​ដាក់​គ្នា កាលពី​កន្លង​មក ត្រូវ​បាន​បញ្ចប់​ទុក​ឱ្យ​រដ្ឋអំណាច​ខេត្ត​ដោះស្រាយ​បន្ត ៕