ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹង​ប្រែ​ក្លាយទៅជា​ថ្លា​បន្តិច​ម្តង​ៗ​អាច​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧​នេះ ទឹកស្ទឹង​ប​យ៉ា​ខា ក្រុងប៉ៃលិន បាន​ចាប់ផ្តើម​ថ្លា​ឡើង​វិញ​ជា​បណ្តើរ​ៗ

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧​នេះ ទឹកស្ទឹង​ប​យ៉ា​ខា ក្រុងប៉ៃលិន បាន​ចាប់ផ្តើម​ថ្លា​ឡើង​វិញ​ជា​បណ្តើរ​ៗ ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​នេះ​រាប់រយ​គ្រួសារ អាច​ប្រើប្រាស់​បាន​ខ្លះ​ៗ សម្រាប់​ជីវភាព​រស់នៅ ប្រចាំ​ថ្ងៃ ខណៈ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​បែរជា​ឡើង​ពណ៌​ក្រហម​ល្អក់កករ​មិន​អាច​ឱ្យ​ពួក​គាត់​ប្រើប្រាស់​កើត​នោះ​ឡើយ ។ 

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ ដឹង​ថា បញ្ហា​ទឹកល្អក់​កករ​នៅ​ក្នុង​ស្ទឹង​ប​យ៉ា​ខា​នេះ​គឺ​បណ្តាល​មក​ពី​កងកម្លាំង​វិស្វកម្ម​កំពុង ឈូស​ឆាយ​ធ្វើ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​ដែល​នៅ​តំបន់​នោះ នៅ​ជាប់​នឹង​ប្រភព​ទឹកស្ទឹង​ប​យ៉ា​ខា ខណៈ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ គ្នា​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ទើប​បណ្តាល​ឱ្យ​ហូរ​អាចម៍​ដីក្រហម​ចូល​ទៅ​ក្នុង​ទឹកស្ទឹង ទើប​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​ល្អក់កករ​បែប​នេះ​តែ​ម្តង ។

លើស​ពី​នេះ​អាជ្ញាធរ​បានឱ្យ​ខាង​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​យក​គ្រឿងចក្រ​ទៅ​ជីករណ្តៅ ឬ​ស្រះ​នៅ​ក្បែរ​មាត់​ស្ទឹង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​តាម​តំបន់​ដែល​ត្រូវការ​ទឹក​ប្រើប្រាស់​ជា​ចាំបាច់ ។ គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៧ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​ទឹកស្ទឹង​ប៉ៃលិន​ឡើង​ល្អក់កករ​ពណ៌​ក្រហម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ជា​ច្រើន​ភូមិ ព្រមទាំង​ភូមិ​នានា​ជា​ច្រើន​ទៀត នៅ​តាម​បណ្តោយ​ដងស្ទឹង​នេះ​ផង​ដែរ ៕