ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​ឆាក​ភាពយន្ត​ដង្ហែ​សព​រៀបចំ​ដូច​ពិត​ៗ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភាពយន្ត​រឿង​«១៥​រោច​»​បាន​រៀបចំ​ឈុត​ឆាក​ដង្ហែ​សព​គួរ​ឱ្យ​ចាប់អារម្មណ៍ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ឈុត​ឆាក​សម្តែង​នេះ​រៀបចំ​ដោយ​ក្រុមការងារ​របស់​ផលិតកម្ម​កេសា​រា ដោយ​

រាជធានី​ភ្នំពេញ ៖ ភាពយន្ត​រឿង​«១៥​រោច​»​បាន​រៀបចំ​ឈុត​ឆាក​ដង្ហែ​សព​គួរ​ឱ្យ​ចាប់អារម្មណ៍ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ឈុត​ឆាក​សម្តែង​នេះ​រៀបចំ​ដោយ​ក្រុមការងារ​របស់​ផលិតកម្ម​កេសា​រា ដោយ​មានការ​ចូលរួម​សម្តែង​ពី​លោក​ទេព រិ​ន​ដា​រ៉ូ​,​នាង​កុ​ល ដា​វី ព្រមទាំង​អ្នក​ភូមិ​មួយ​ចំនួន កាលពី​រសៀល​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០១៧ នៅ​តំបន់​វត្ត​ប្រាសាទ ផ្លូវ​ទៅ​ភ្នំ​ប្រសិទ្ធិ ។

អ្នកដឹកនាំ​រឿង​លោក​ជ័យ រិ​ទ្ឋា ឱ្យ​ដឹង​ថា​ភាពយន្ត​រឿង​«១៥​រោច​»​មាន​តួ​សម្តែង ល្អ​ៗ​ជា​ច្រើន​ដូច​ជា​លោក​ទេព រិ​ន​ដា​រ៉ូ​,​អ្នក​នាង​ស្វែង សុជាតា និង​នាង​កុ​ល ដា​វី​ជាដើម ។ លោក​រិ​ទ្ធា​ថ្លែង​ថា​«​វា​ជា​ស្នាដៃ​ទី​២​របស់​ផលិតកម្ម​កេសា​រា ។

ក្នុង​សាច់​រឿង គឺ​តួអង្គ​អ្នក​នាង​ស្វែង សុជាតា ស្លាប់ ដែល​ជា​តួ​ម្តាយ​លោក​ទេព រិ​ន​ដា​រ៉ូ បាន​ស្លាប់ ហើយ​តម្រូវ​ឱ្យ​តួ​សម្តែង​យំសោក​ដង្ហែ​សព​ទៅ​កប់​មើលទៅ​ដូច​ជា ពិត​ៗ​បើ​មិនដឹង​ច្បាស់​ជា​ភ្ញាក់​ជាក់​ជា​មិន​ខាន​ឡើយ ។

ខ្ញុំ​សូម​អរគុណ​ដល់​តារា​ទាំងអស់ ដែល​ស្ម័គ្រចិត្ត​ចូលរួម​សម្តែង​រឿង​នេះ​ត្រង់​ប្លង់​ដង្ហែ​សព ព្រមទាំង​សុជាតា​ដែល​ហ៊ាន​ឱ្យ​គេ​យក​រូបថត ពិត​ៗ​ដាក់​ដង្ហែ​សព​មិន​ប្រកាន់ នេះ​ជា​ការ​លះបង់​ខ្លាំង​ណាស់ ។

រឿង​«១៥​រោច​»​ចេញ​ថត​បាន​ជាង​៣០% ហើយ ដោយ​ក្រុមការងារ​កំពុង​តែ​ខំប្រឹង ។ ស្នាដៃ​នេះ​សម្រុក​ថត​ឱ្យ​ចប់​ក្នុង​អំឡុង​ខែឧសភា ។

ចំពោះ​ពេល​ចាក់​បញ្ចាំង​នឹង​ពិភាក្សា​ជា​បន្ត​ទៀត ។

រឿង​«១៥​រោច​»​បង្ហាញ​គ្រប់​រសជាតិ​ដែល​មាន​លក្ខណៈ​កម្សត់​សើច​លាយឡំ​គ្នា ។ ភាពយន្ត​នេះ​ផ្តោត​លើ​ការ​អប់រំ​កូន​ឱ្យ​ដឹង​ពី​តម្លៃ​មាតាបិតា​ឬ​អ្នក​មានគុណ ។ បើ​ចេះ​តែ​សាង​អំពើ​ឱ្យ​ម្តាយ​ឪពុក​ពិបាកចិត្ត នោះ​យូរ​ទៅ​ចេះ​តែ​ខ្លាច​ខ្លួនឯង​រហូត​ទាល់តែ​ធ្លាក់ខ្លួន​ឈឺ ហើយ​ពេល​ស្លាប់​ទៅ​ភ័យ​ខ្លាច​ទៅ​ឋាននរក​» ។

ផលិតកម្ម​កេសា​រា គ្រោង​ថត​ស្នាដៃ​ជា​បន្តបន្ទាប់​ទៀត ដោយ​ថត​បន្ត​គ្នា​ពី​រឿង​មួយ​ទៅ​រឿង​មួយទៀត ដើម្បី​វាយលុក​ទីផ្សារ ។

តារា​សម្តែង​ជើង​ចាស់​លោក​ទេព រិ​ន​ដា​រ៉ូ និយាយ​ថា​«​ទោះជា​មាន​ភាព​ហត់នឿយ ក្តៅ​ស្ទើរ​ស្ងួត​ហែង​បែប​ណា វា​ជា​ទម្លាប់​ទៅ​ហើយ​ដែល​ខ្ញុំ​ធ្លាប់​ជួប​ប្រទះ​មិន​ធុញ​ទេ ព្រោះ​ជា​អាជីព​របស់​យើង បើ​មិន​ធ្លាប់​ច្បាស់​ជា​រត់​ចោល​មិន​ខាន ។ ខ្ញុំ​រំពឹង​ថា បងប្អូន​យើង​នឹង​ចូលរួម​លើកទឹកចិត្ត​ស្នាដៃ​រឿង​«១៥​រោច​»​ដែល​សម្រិតសម្រាំង​យ៉ាង​ល្អ យក​មក​ចែក​អ្នក​ទស្សនា ។ សូម​បន្ត​ការ​លើកទឹកចិត្ត​អ្នក​ផលិត​គ្មាន​អ្វី​ក្រៅពី​ខ្មែរ​ជួយ​ខ្មែរ​នោះ​ទេ​» ៕