រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងគិតគូរដល់បរិស្ថានសាលារៀនដោយមិនចង់ឱ្យ មានការប្រើប្រាស់គ្រឿងញៀននៅសាលារៀននោះ អង្គការមូស្ល៉ីមអេដកម្ពុជា បានរៀបចំធ្វើសិក្ខាសាលាមួយកាលពីថ្ងៃទី១៦ មិថុនា នៅសណ្ឋាគារហូលីដេវីឡា ស្ដីអំពីការជួយពង្រឹងបរិស្ថានសាលារៀនឱ្យកាន់តែល្អប្រសើរឡើង តាមរយៈការអប់រំអំពីភាពគ្មានការប្រើប្រាស់គ្រឿងញៀននៅក្នុងសាលារៀន ក្រោមអធិបតីភាពលោកម៉ឹក ដារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ សិក្ខាសាលានេះមានសិក្ខាកាម ចូលរួមចំនួនជិត៤០នាក់ ជាប្រធានមន្ទីរអប់រំ នាយកសាលា សាលាគរុកោសល្យមក ពីបណ្ដាខេត្ដ-រាជធានីមួយចំនួន ដែលបាន អនុវត្ដគំរោង គឺរាជធានីភ្នំពេញ ខេត្ដកំពង់ចាម និងខេត្ដកណ្ដាល ។
លោកខៃរ៉ូល ហាហ្វ៊ីស តំណាងអង្គការ មូស្ល៉ីមអេដ ប្រចាំនៅកម្ពុជា បាននិយាយឱ្យដឹងថា អង្គការមូស្ល៉ីមអេដកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានបង្កើតឡើងនៅចក្រភពអង់គ្លេសកាលពីឆ្នាំ១៩៨៥ ដើម្បីឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះដោយ ទុរ្ហិក្ស ហើយបច្ចុប្បន្នកំពុងធ្វើការនៅតាមបណ្ដាប្រទេសចំនួន៧០ និងបង្កើតការិយាល័យនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០០៧ កន្លងមកហើយកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ ដោយបានអនុវត្ដនូវកម្មវិធីមួយចំនួនរួមមានផ្នែកឥណទាន អនាម័យទឹកស្អាត កាត់បន្ថយគ្រោះមហន្ដរាយ ការពង្រឹងជីវភាពរស់នៅការថែទាំកុមារកំព្រា និងជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់ផងដែរ ។
លោកបញ្ជាក់ថា ការអប់រំជាឆ្អឹងខ្នងដ៏រឹង មាំសំរាប់មនុស្សគ្រប់ជាតិសាសន៍ ហើយសុខភាពជាឫសគល់នៃជីវិត តែការសេពគ្រឿងញៀនវានឹងនាំឱ្យមានការបំផ្លាញដល់សុខភាព ដូច្នេះហើយទើបអង្គការមូស្ល៉ីមអេដ សាកល្បងអនុវត្ដគំរោងការជួយពង្រឹងបរិស្ថានសាលារៀនឱ្យកាន់តែប្រសើរឡើង ក្នុងគោលបំណងត្រៀមបង្ការក្មេងៗដែលទៅសាលារៀនកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន តាមរយៈការផ្សព្វផ្សាយអប់រំ ការអភិវឌ្ឍសហគមន៍ ការអប់រំជាក្រុម ដើម្បីទប់ស្កាត់កុំឱ្យមានការប្រើប្រាស់គ្រឿងញៀន ។
លោកម៉ឹក ដារ៉ា បាននិយាយឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយ ច្បាស់លាស់ណាស់ក្នុងការទប់ស្កាត់ការប្រើ ប្រាស់គ្រឿងញៀនតាមរយៈអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានសមា ជិក២២ក្រសួងចូលរួម ហើយបានដាក់ចេញ នូវយុទ្ធសាស្ដ្រចំនួន៥ចំណុចសំរាប់អនុវត្ដ គឺ ១-កាត់បន្ថយតំរូវការ ២-កាត់បន្ថយការផ្គត់ ផ្គង់ ៣-កាត់បន្ថយការគ្រោះថ្នាក់ ៤-ពង្រឹង ការអនុវត្ដច្បាប់ និង៥-ពង្រឹងពង្រីកកិច្ច សហប្រតិបត្ដិការអន្ដរជាតិ ៕
ចែករំលែកព័តមាននេះ