ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​កាស៊ីណូ និង​អាជីវកម្ម​គ្រប់​ប្រភេទ​ត្រូវ​អនុ​វត្ត​​លក្ខខណ្ឌ​៧​ចំណុច សម្រាប់​បើក​ដំណើរការ​រក​ស៊ី​នៅ​ខេត្ត​ព្រះ​សីហ​នុ

1 ឆ្នាំ មុន
  • ព្រះសីហនុ

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​សំខាន់​មួយ​ក្នុង​ចំណោម​វិធានការ​សំខាន់​ជា​ច្រើន ដោយ​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារ​ស្នាក់​នៅ​រួម និង​ម្ចាស់​អាជីវកម្ម​នានា អនុវត្ត​នូវ​លក្ខខណ្ឌ​ចំនួន​៧​ចំណុច​ជា​ដាច់ខាត បើ​មិន​ដូច្នេះ​ទេ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​សំខាន់​មួយ​ក្នុង​ចំណោម​វិធានការ​សំខាន់​ជា​ច្រើន ដោយ​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារ​ស្នាក់​នៅ​រួម និង​ម្ចាស់​អាជីវកម្ម​នានា អនុវត្ត​នូវ​លក្ខខណ្ឌ​ចំនួន​៧​ចំណុច​ជា​ដាច់ខាត បើ​មិន​ដូច្នេះ​ទេ នឹង​ប្រឈម​មុខ​នឹង​ការ​បិទ​អាជីវកម្ម​ជា​ស្ថាពរ​តែ​ម្តង​។

ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ស្តី​ពី​លក្ខខណ្ឌ​តម្រូវ និង​ការ​ណែនាំ​លើ​ការងារ​គ្រប់គ្រង​អាជីវកម្ម​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារ​ស្នាក់​នៅ​រួម និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ចុះ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២២​នេះ បានឱ្យ​ដឹង​ថា ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​គ្រប់គ្រង​ទីតាំង​អាជីវកម្ម​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារ​ស្នាក់​នៅ​រួម និង​ម្ចាស់​អាជីវកម្ម​នានា​ឲ្យ​បាន​ល្អ​ប្រសើរ និង​ស្រប​ទៅ​តាម​ច្បាប់ ឬ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារ​ស្នាក់​នៅ​រួម និង​ម្ចាស់​អាជីវកម្ម​នានា ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ចំនួន​៧​ចំណុច ដូច​ខាងក្រោម ៖

ទី​១- ម្ចាស់​កាស៊ីណូ ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត​បើក​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ពី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ មុន​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ទី​២- ម្ចាស់​អាជីវកម្ម ត្រូវ​ដាក់​តាំង​ស្លាក​ឈ្មោះ​បង្ហាញ​អំពី​អាជីវកម្ម​របស់​ខ្លួន ដែល​មាន​អក្សរ​ខ្មែរ​ធំ ជាង​អក្សរ​បរទេស (​ពាក់កណ្ដាល​អក្សរ​ខ្មែរ​) ហើយ​អក្សរ​ខ្មែរ​ត្រូវ​ស្ថិត​នៅ​ជួរ​លើ​គេ​បំផុត​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ខ្លឹមសារ​នៃ​អាជ្ញាប័ណ្ណ និង​ដាក់​បង្ហាញ​គ្រប់​អាជ្ញាប័ណ្ណ​នៅ​កន្លែង​ទទួលភ្ញៀវ​។

ទី​៣- ម្ចាស់​អាជីវកម្ម កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារ​ស្នាក់​នៅ​រួម ឬ​បុគ្គល​ណាមួយ មិន​ត្រូវ​យក​លិខិតឆ្លងដែន ឬ​ប័ណ្ណ​ការងារ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បុគ្គលិក​របស់​ខ្លួន​មក​រក្សា​ទុកជា​ដាច់ខាត​។ ក្នុង​ករណី​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​រក​ឃើញ​ថា លិខិតឆ្លងដែន ឬ​ប័ណ្ណ​ការងារ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​បុគ្គលិក ត្រូវ​បាន​រក្សា​ទុក នៅ​ម្ចាស់​អាជីវកម្ម ឬ​បុគ្គល​ណាមួយ​នោះ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។

ទី​៤- ទីតាំង​អាជីវកម្ម​ត្រូវ​បើកចំហ​ដោយ​មិន​ត្រូវ​បិទ​បាំង ឬ​ហ៊ុម​ព័ទ្ធ​សំណាញ់ ឬ​របង​បន្លា​លួស និង​មិន​ត្រូវ​បិទ​សិទ្ធិ​សេរីភាព​របស់​កម្មករ និយោជិត ក្នុង​ការ​ចេញចូល​។

ទី​៥- ម្ចាស់​អាជីវកម្ម​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត និង​បញ្ជី​បើក​ប្រាក់ខែ​ឲ្យ​បាន​ច្បាស់លាស់ ត្រឹមត្រូវ​តាម​កិច្ចសន្យាការងារ​។

ទី​៦- ក្នុង​ករណី​ជួល​ទីតាំង​ប្រកប​អាជីវកម្ម ម្ចាស់​អាជីវកម្ម (​សហគ្រិន​) ត្រូវ​ប្រកាស​បញ្ជាក់​នូវ​បញ្ជីរាយនាម​អ្នក​ជួល (​កា​រិ​យ​ភា​រី​) ដែល​ខ្លួន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​។ បញ្ជី​នេះ ដែល​មាន​បញ្ជាក់​នាម អាសយដ្ឋាន និង​ឋានៈ​អ្នក​ជួល (​កា​រិ​យ​ភា​រី​) ព្រមទាំង​ស្ថានភាព នៃ​ទីកន្លែង​ធ្វើការ​នីមួយ​ៗ ក្នុង​រយៈពេល​៧ (​ប្រាំពីរ​) ថ្ងៃ​ពេញ ក្រោយ​ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យាជួល​។ កិច្ចសន្យាជួល​នេះ ត្រូវ​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន (​ខេត្ត ឬ​ក្រុង ឬ​ស្រុក ឬ​ឃុំ ឬ​សង្កាត់​) ឬ​មេធាវី​ដែល​បាន​ចុះបញ្ជី​ក្នុង​គណៈមេធាវី រួច​ផ្ញើ​មក​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ចំនួន​១ (​មួយ​) ច្បាប់ តាម​រយៈ​តេ​ឡេ​ក្រាម​លេខ ៖ ០១១ ៥៤៦ ៦៧៧​។

ទី​៧- ត្រូវ​ប្រកប​អាជីវកម្ម​ដោយ​គោរព​ទៅ​តាម​ច្បាប់​ស្តី​ពី​ការងារ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

ឯកឧត្តម គួ​ច ចំរើន បាន​បញ្ជាក់​ថា «​ការ​ដាក់​ចេញ​នូវ​លក្ខខណ្ឌ ៧ ចំណុច តម្រូវ​ឱ្យ​ម្ចាស់​នេះ​ធ្វើ​ឡើង​ដោយសារ «​ក្នុង​រយៈពេល​កន្លង​មក រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​សង្កេត​ឃើញ​មាន​ទីតាំង​អាជីវកម្ម​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារ​ស្នាក់​នៅ​រួម និង​អាជីវកម្ម​មួយ​ចំនួន ក្រោយ​ពី​បាន​ទទួល​សិទ្ធិ​ប្រកប​អាជីវកម្ម​ពី​រាជរដ្ឋាភិបាល ឬ​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​រួច​ហើយ​មិន​បាន​ជូនដំណឹង​អំពី​ការ​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​មក​រដ្ឋបាល​ខេត្ត ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មិន​បាន​លើក​ស្លាក​សម្គាល់​ឈ្មោះ​ទីតាំង​ប្រកប​អាជីវកម្ម​របស់​ខ្លួន​នៅឡើយ​!​។

អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​បន្ត​ថា «​ហើយ​មាន​ទីតាំង​ខ្លះ​ទៀត បាន​ហ៊ុម​ព័ទ្ធ​របង​បិទ​បាំង ដែល​ធ្វើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ត្រួតពិនិត្យ​ទីតាំង​នីមួយ​ៗ និង​ម្យ៉ាងទៀត​បង្ក​លក្ខណៈ​ដល់​ជន​ឆ្លៀតឱកាស​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​ដូច​ជា ៖ ការ​បង្ខាំង​មនុស្ស​ដើម្បី​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​, ការ​ជួញដូរ​មនុស្ស​, ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​ការ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ឯកឧត្តម គួ​ច ចំរើន បាន​បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​បន្ត​ថា រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សង្ឃឹម​ជឿជាក់​មុតមាំ​ថា ម្ចាស់​អាជីវកម្ម​ទាំងអស់ នឹង​ចូលរួម​សហការ​អនុវត្ត​នូវ​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ «​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​វ​ភេទ ព្រមទាំង​ការ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ឯកឧត្តម គួ​ច ចំរើន បាន​ព្រមាន​ខ្លាំង​ក្នុង​សេចក្តីជូនដំណឹង​ថា ក្នុង​ករណី​ម្ចាស់​អាជីវកម្ម​ទាំងអស់ «​មិន​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នឹង​គោរព​ស្នើ​សុំ​ជា​គោលការណ៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឬ​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​បិទ​អាជីវកម្ម​ជា​ស្ថាពរ​!៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ