រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាញឹម ចាន់ថន បានរៀបចំពិធីខួបកំណើត កាលពីរាត្រីថ្ងៃទី១៣ ខែមីនា ២០១៧ នៅភោជនីយដ្ឋានMango Mango ក្រោមវត្តមានអ្នកសិល្បៈប្រមាណជាង១០០នាក់ ។ ក្នុងសម្លៀកបំពាក់បែបឆើតឆាយសិចស៊ី ញឹម ចាន់ថន រីករាយយ៉ាងខ្លាំងក្នុងរាត្រីនោះ ។
ញឹម ចាន់ថន ខកខានរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយធំច្រើនឆ្នាំមកហើយ ។ រៀបចំ កម្មវិធីនេះឡើងដើម្បីជួបជុំមិត្តរួមអាជីពជិតដិតមួយចំនួនសប្បាយរីករាយ ។
ក្នុងរាត្រីនោះកញ្ញាញឹម ចាន់ថន និយាយថា «វ័យ៣៦ឆ្នាំហើយនាងខ្ញុំមិនចង់រំខានអ្នកសិល្បៈច្រើនទេ ប៉ុន្តែដើម្បីជួបជុំគ្នាកម្សាន្តម្តងនាងខ្ញុំសម្រេចចិត្តរៀបចំកម្មវិធីខួបកំណើតនាពេលនេះ ។ កាលពីព្រឹកនាងខ្ញុំបានរៀបចំពិធីសូត្រមន្តលើករាសីនៅផ្ទះផ្ទាល់ ហើយអ្វីដែលនាងខ្ញុំប៉ងប្រាថ្នាក្នុងថ្ងៃនេះគឺមិនមែនជារឿងស្នេហាទេ តែជាសេចក្តីសុខសម្រាប់ជីវិត គឺសុភមង្គលក្នុងក្រុមគ្រួសារ និងការងារសិល្បៈកាន់តែរីកចម្រើន» ។
ញឹម ចាន់ថន លែងនឹកនារឿងស្នេហាក្រោយពីបែកបាក់ពីសង្សារអស់រយៈពេលជិត១០ឆ្នាំមកហើយ ។ បើទោះបីជារៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំក្តី តែមិនចំណាយប្រាក់រាប់ពាន់រាប់ម៉ឺនដុល្លារអាមេរិកដូចតារាដទៃទេ ដោយញឹម ចាន់ថន ឱ្យដឹងថា កម្មវិធីនេះថៅកែហាងជាមិត្តភក្តិជួយ សម្រួលការចំណាយដោយរៀបចំជាអាហារបែបប៊ូហ្វេ ។
«អ្វីដែលនាងខ្ញុំរំពឹងថានឹងទទួលបានឆ្នាំថ្មីសម្រាប់ជីវិតនាងខ្ញុំ គឺសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត ពិសេសការងារសិល្បៈកាន់តែរីកចម្រើនជាងនេះ» ញឹម ចាន់ថន និយាយបែបនេះ ៕
ចែករំលែកព័តមាននេះ