រាជធានីភ្នំពេញ ៖ វណ្ណកម្មថ្មីមួយទៀតត្រូវក្រុមការងារផលិតកម្មមហាហង្សយកចិត្តទុកដាក់ ទៅលើបញ្ចេកទេសផលិត ការសម្តែងរបស់តួអង្គ និងសាច់រឿងភ័យរន្ធត់ ។ ផលិតកម្មមហាហង្សបានធ្វើពិធីក្រុងពលីថតរឿង «កញ្ចក់» នាព្រឹកថ្ងៃទី៧ មីនា ឆ្នាំ២០១៧ ដោយមានការចូលរួមពីតារាប្រចាំផលិតកម្ម ។
រឿង«កញ្ចក់»ផលិតដោយលោកអិុន សុភិន និពន្ឋដោយលោកអិុន សុភិន នាយកប្រតិបត្តិអ្នកនាងភិន សុដាលីស ជំនួយការផលិតកញ្ញាម៉ៅ ចាន់រស្មី គ្រប់គ្រងទូទៅដោយលោកអូន ឧស្សាហ៍ និងអ្នកដឹកនាំរឿងលោកលៀង ខេងហេង ។
លោកអិុន សុភិនចាងហ្វាងផលិតកម្មមហាហង្សឱ្យដឹងថា រឿង«កញ្ចក់» ផ្តោតខ្លាំងទៅលើភាពភ័យរន្ធត់ ព្រឺព្រួចដែលជាការរំពឹងថ្មីរបស់មហាហង្សសម្រាប់ទាក់ទាញអ្នកទស្សនា។ «រឿងនេះយើងរំលេចដោតតារាមានស្នាដៃសម្តែងបានល្អនៅលើទីផ្សារ បូកផ្សំទាំងប្រភេទកាមេរ៉ាថតក៏ល្អមានតម្លៃទាន់សម័យក៏ជាទីសង្ឃឹមថ្មីមួយទៀតដែរ ។
រឿងកញ្ចក់ប្រសិនបើតួមានពេលថតគ្រប់គ្រាន់ សាច់ថតមានប្រមាណជាពីរខែ ហើយយកមករៀបចំ១ខែទៀតអាចសរុបបីខែ នឹងបានបញ្ចាំងតែម្តង។យើងបានប្រើខ្ទង់ចំណាយប្រមាណជាជិត៥ម៉ឺនដុល្លារ ឬលើសតិចតួចដែលជាស្តង់ដាមួយនៅស្រុកខ្មែរយើង។ អ្វីដែលសំខាន់យើងត្រៀមយកស្នាដៃរឿងកញ្ចក់ទៅចាក់បញ្ចាំងនៅក្រៅប្រទេស» ។
តារាសម្តែងក្នុងភាពយន្ត«កញ្ចក់»មានលោកម៉ុង លោកខេ លោកយន់ រិទ្ធីយ៉ាន លោកជា ភារុណ អ្នកនាងនិន សុធារ៉ា លោកថម មី អ្នកនាងភិន សុដាលីស អ្នកនាងសឿន ផាន់ផាភួង កញ្ញាណាតាសា លោកញាន់ សុវណ្ណនីត កញ្ញាឈូ ឈូ និងលោករិទ្ធអង្គរជាដើម ៕
ចែករំលែកព័តមាននេះ