ខេត្តត្បូងឃ្មុំ ៖ គ្រោះធម្មជាតិក្នុងរដូវវស្សា រហូតធ្វើឱ្យច្រាំងទន្លេបានបាក់ស្រុតមកកៀកនឹងលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៥ខ្នង ស្ថិតនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ។ អាជ្ញាធរត្រូវបង្ខំចិត្តរុះរើចេញ ចៀសវាងកុំឲ្យបាក់ស្រុតចូលក្នុងទន្លេមេគង្គរងគ្រោះដល់មនុស្ស ។ ប្រតិបត្តិការរុះរើបានប្រើកម្លាំងសរុបចំនួន៦២នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត ។

លោកទួន ឆៃលីម មេឃុំជីរោទ៏ទី១ មានប្រសាសន៍ឲ្យដឹង នារសៀលថ្ងៃទី២៨ កញ្ញាថា លំនៅឋានតូច-ធំរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ កំពុងប្រឈមដោយសារតែច្រាំងបាក់កៀកនោះ ត្រូវបានកម្លាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះអន្តរាគមន៍ជួយរុះរើមានរយៈពេល២ថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃទី២៧ កញ្ញា រុះរើបានចំនួន៣ខ្នង ហើយមកដល់ព្រឹកថ្ងៃទី២៨ កញ្ញា រុះរើបន្ថែមចំនួន២ខ្នងទៀត សរុប៥ខ្នង ។ ដោយឡែក ផ្ទះរបស់អ្នកភូមិចំនួន៣ខ្នងទៀត ស្មើនឹង៣ម្ចាស់ ដែលនៅឆ្ងាយពីច្រាំងទន្លេ គឺមិនទាន់រុះរើទេ ។

កម្លាំងនគរបាលបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ កញ្ញា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលត្បូងឃ្មុំ និងក្រោយពីទទួលបានសេចក្តីរាយការណ៍ របស់លោកអធិការនគរបាលស្រុកត្បូងឃ្មុំ រួចមក លោកឧត្តមសេនីយស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងកម្លាំងនគរបាល អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍ទី១ ដោយសហការជាមួយអាជ្ញាធរស្រុកត្បូងឃ្មុំ ក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប្រជាការពារភូមិ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានរួមគ្នាជួយរុះរើ ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ដែលកំពុងប្រឈម និងការបាក់ស្រុតច្រាំងចូលទៅក្នុងទឹកទន្លេមេគង្គ ។

គួរបញ្ជាក់ថា ហេតុការណ៍ប្រឈមការបាក់ច្រាំងទន្លេនេះ បានកើតឡើងកាលពីវេលាម៉ោង១៨ល្ងាចម្ដង និងម៉ោង១៩លា្ងចថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ ។ ចំពោះច្រាំងទន្លេដែលបានបាក់ស្រុតចូលទៅក្នុងទឹកទន្លេនោះ មានទទឹងប្រវែង១៥ម៉ែត្រ បណ្ដោយប្រវែង៦០ម៉ែត្រ ។ ផ្ទះប្រជាពលរដ្ឋ ដែលប្រឈមខ្លាំងមានចំនួន៥ខ្នងផ្ទះ បានរុះរើរួចមានចំនួន៣ខ្នងមានឈ្មោះដូចខាងក្រោម៖

១- ផ្ទះឈ្មោះ វ៉ែន វាសនា ភេទប្រុស អាយុ ៤៩ឆ្នាំ ផ្ទះទំហំ ៧ម × ១២ម សង់ពីឈើ ប្រក់ក្បឿង ។
២-ផ្ទះឈ្មោះ សាន រស្មី ភេទប្រុស អាយុ ៣២ឆ្នាំ ខ្មែរ ផ្ទះទំហំ ៥ម × ៤ម សង់អំពីឬស្សី ប្រក់ស័ង្កសី ។៣-ផ្ទះឈ្មោះ ចាន់ សុឹម ភេទស្រី អាយុ៧៨ឆ្នាំ ផ្ទះទំហំ ៥ម × ៤ម សង់អំពីឬស្សី ប្រក់ស័ង្កសី ។

លោកមេឃុំជីរោទ៏ទី១បញ្ជាក់ថា កម្លាំងគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន រួមទាំងកម្លាំងនគរបាលសរុប៦២នាក់ បានចុះជួយអន្តរាគមន៍ទាន់ពេលវេលាក្នុងការជួយរុះរើលំនៅឋានបានបន្តបន្ទាប់ចំនួន៣ខ្នង ហើយមកដល់ព្រឹកថ្ងៃទី២៨ កញ្ញា ផ្ទះចំនួនពីរខ្នងបន្ថែមទៀត ត្រូវសកម្មភាពមនុស្សធម៌ជួយដោយឥតគិតថ្លៃ ត្រូវបានប្រជាពលរដ្ឋនាំគ្នាសរសើរដល់អាជ្ញាធរ។

ជាមួយនោះ សូមបងប្អូនត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ប្រសិនណាបើឃើញសភាពមិនស្រួលត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ធ្វើយ៉ាងណា កុំឱ្យលំនៅឋានបាក់ស្រុតចូលក្នុងទន្លេទាន់ ។









ចែករំលែកព័តមាននេះ