រាជធានីភ្នំពេញ ៖ ជារឿងមួយដ៏គួរអោយស្ងើចសរសើរ កាលពីថ្មីៗកន្លងទៅនេះ កំលោះតូច តិចម៉េង បានពោលយ៉ាងចាក់ដោត ដោយលើកឡើងនៅរឿង៣ចំណុច និយាយរៀបរាប់ក្នុងការឡាយ ទម្លាក់ខ្លួនយ៉ាងសាមញ្ញដូចមនុស្សទូទៅ រហូតធ្វើអោយអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង។
ប្រាកដណាស់ ក្រោយក្លាយជាម្ចាស់ពាន CAMBODIA IDOL រដូវកាលទី៤រួចមក យើងសង្កេតឃើញថា តារាចម្រៀងប្រុសវ័យក្មេង លីម តិចម៉េង ដែលត្រូវបានមហាជនហៅថា កំលោះតូចមានមន្តស្នេហ៍នោះ ហាក់កាន់តែទទួលបានការគាំទ្រ ក៏ដូចជា កើនប្រជាប្រិយភាពខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺគ្មានការថមថយប្រជាប្រិយភាពឡើយ។

មួយវិញទៀត អ្វីដែលគួរអោយកត់សម្គាល់នោះ ក្រោយក្លាយជាតារាចម្រៀងពេញសិទ្ធិហើយនោះ តារាចម្រៀងវ័យ២៥ឆ្នាំតូចច្រឡឹងរូបនេះ ហាក់មមាញឹកចំពោះការងារខ្លាំង ស្ទើរតែគ្មានពេលសម្រាកនោះឡើយ ដោយត្រូវចេញទៅថត MV បទថ្មីផ្ទាល់ខ្លួនដល់ទៅ២បទ ហើយនៅមាន ចូលរួមកម្មវិធីប្រគំតន្ត្រីជាច្រើនទាំងក្នុងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តនានា។ តែទោះបីជារវល់ និងមមាញឹកយ៉ាងណាក្ដី តិចម៉េង នៅតែឆ្លៀតពេលទំនេរបន្តិចបន្ទួច បង្ហោះរូបភាពវីដេអូ និងឡាយវីដេអូនិយាយគ្នាលេងជាមួយអ្នកគាំទ្រ ដើម្បីបង្ហាញក្ដីស្រលាញ់របស់ខ្លួនទៅកាន់មហាជនផងដែរ។

ដោយឡែក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ តារាចម្រៀងប្រុសវ័យក្មេង លីម តិចម៉េង ក៏បានធ្វើការឡាយនិយាយគ្នាលេងសារជាថ្មីជាមួយអ្នកគាំទ្រ រួចក៏ឆ្លៀតសម្ដែងការអរគុណដល់អ្នកគាំទ្រទូទាំងប្រទេស ដែលគាំទ្ររូបលោកតាំងពីដើមរហូតមកដល់ឥឡូវ និងផ្ដាំបងប្អូនអ្នកគាំទ្រថា នៅលើឆាកខ្លួនជា Idol របស់មហាជនទូទៅ តែនៅក្រៅឆាកគឺជាបងប្អូនកូនចៅនៃក្រុមគ្រួសារបងប្អូនទាំងអស់គ្នាម្នាក់ផងដែរ។ តិចម៉េង បន្តថា រូបគេគេងលើគ្រែតែមួយ ហូបបាយ៣ពេល ធ្វើការដើម្បីរកចំណូល ដូចប្រជាជនទូទៅគ្មានអ្វីខុសគ្នាឡើយ។
ក្នុងការឡាយនោះ លីម តិចម៉េង បានឆ្លៀតលើកឡើងបន្តថា «រាល់ថ្ងៃនេះ រូបលោកផ្ទាល់គ្មានអ្វីឡើយ គឺមានតែរឿង៣ចំណុចនេះប៉ុណ្ណោះ។ ទី១ រាល់ថ្ងៃនេះគឺលោកមានតែឈ្មោះជាអ្នកចម្រៀងនៅក្នុងប្រទេសកម្ពុជា ទី២ លោកមានត្រឹមតែឈ្មោះជាមនុស្សរបស់មហាជន មនុស្សរបស់បងប្អូនទាំងអស់គ្នា ទី៣ លោកមានតែកិត្តិយស ជូនដល់ក្រុមគ្រួសារ និងសង្គមជាតិតែប៉ុណ្ណោះ។

ការលើកឡើងនេះ លីម តិចម៉េង ទទួលបានការគាំទ្រ និងស្ងើចសរសើរជាខ្លាំងពីសំណាក់មហាជន ដោយខ្លះបានធ្វើការលើកឡើងថា «សាកសមជាម្ចាស់ពាន សាកសមជាអាយដលនិងជាមនុស្សរបស់មហាជនពិតប្រាកដមែន» អ្នកលេងបណ្ដាញសង្គមផ្សេងទៀតបានពោលថា «មិនបាច់ឆ្ងល់ ហេតុអ្វីបានតិចម៉េង អាចឆក់យកបេះដូងអ្នកគាំទ្របានទូទាំងប្រទេសឡើយ? មើលតែពាក្យពេចន៍ក្នុងការនិយាយស្ដី និងការតាំងចិត្តភាពអង្គអាចក្លាហានរបស់គាត់ទៅដឹងហើយ» ។ក្នុងនោះក៏នៅមានមតិជាច្រើនទៀត ដែលយើងមិនអាចរៀបរាប់អស់បានឡើយ។
គួររំលឹកផងដែរថា កាលពីកន្លងទៅនេះ តារាចម្រៀងប្រុសវ័យ២៥ឆ្នាំ ដែលត្រូវបានមហាជនហៅថា កំលោះតូចមានមន្តស្នេហ៍ និងមានដើមកំណើតមកពីភូមិស្វាយមាស ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម និងជាអតីតក្មេងគង្វាលគោ រស់ក្នុងត្រកូលគ្រួសារអ្នកក្រក្សត់ លីម តិចម៉េង ក៏ធ្លាប់បានប្រកាសប្រាប់អ្នកគាំទ្រថា «រូបលោកចេញថត MV ត្រឹម៤ថ្ងៃប៉ុណ្ណោះ តែសន្លប់រហូតដល់ទៅ៤ដង រហូតធ្វើអោយអ្នកគាំទ្រ សម្ដែងការព្រួយបារម្ភជាខ្លាំង ហើយក៏មានការលើកទឹកចិត្តដល់ លីម តិចម៉េង អោយឆាប់ជាពីជំងឺ និងថែរក្សាសុខភាពអោយបានល្អផងដែរ។ ក្នុងការបញ្ចេញមតិល្អៗខាងលើនេះ ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនទៀត ធ្វើការរិះគន់ជាន់ពន្លិចដល់រូបលោកយ៉ាងខ្លាំង។

យ៉ាងណាមិញ ជាការឆ្លើយតបទៅមហាជនទាំងអស់ លីម តិចម៉េង ក៏បានប្រកាសលើបណ្ដាញសង្គមហ្វេសប៊ុកថា «ខ្ញុំបាទសុំចិត្តបងប្អូនដែលស្រលាញ់ចូលចិត្ត និងមិនចូលចិត្តខ្ញុំទាំងអស់អោយបានជ្រាបថា សូមអធ្យាស្រ័យដល់បងប្អូនទាំងអស់គ្នា ទាំងអ្នកគាំទ្រ និងមិនគាំទ្រខ្ញុំបាទ ដែលសុខភាព និងរាងកាយខ្ញុំមិនសូវរឹងមាំល្អ ធ្វើអោយបងប្អូនបារម្ភ គិតច្រើនពីខ្ញុំ នឹងអស់សង្ឃឹម តែខ្ញុំសូមជម្រាបថា ទោះបីជាដើរលែងរួច ហើយត្រូវលូនទៅរកគោលដៅ ឬទៅច្រៀង ក៏ខ្ញុំមិនរាថយឡើយ»៕






ចែករំលែកព័តមាននេះ