ខេត្តកំពង់ចាម ៖ ទីតាំងមាត់ទន្លេតូច ដែលជាកន្លែងអង្គុយកម្សាន្តលេងត្រូវបានមនុស្សមួយចំនួន ខ្វះការយល់ដឹងដោយយកសំរាមមកបោះចោលនៅតាមមាត់ទន្លេ ជាប់នឹងសាលាស្រុកកោះសូទិន ។ ស្របពេលដែលទឹកទន្លេបានឡើងមក ធ្វើឲ្យសំរាមទាំងនោះអណ្ដែតត្រៀបត្រាភាគ ច្រើនជាប្រភេទថង់ប្លាស្ទិក, ចានស្នោដាក់អាហារទទួលទាន ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងមានក្លិនមិនល្អទៀតផង ។

បុរសឈ្មោះពៅ វ័យ៥០ឆ្នាំ ដែលបានអង្គុយលេងនៅលើកៅអីថ្មត្រង់ទីតាំងនេះ បានប្រាប់កោះសន្តិភាពនារសៀលថ្ងៃទី២២ កញ្ញា ថា ពេលដែលគាត់ឈានជើងដើរមកអង្គុយលេងស្រូបយកខ្យល់អាកាស នៅមាត់ទន្លេក្រោមដើមពរឃើញមានអារម្មណ៍ស្រស់ថ្លា ដោយលើកឡើងសរសើរពីអាជ្ញាធរស្រុក ដែលបានយកចិត្តទុកដាក់កែច្នៃទីតាំងមួយនេះសម្រាប់ឱ្យភ្ញៀវឬក៏អ្នកស្រុកមិនថាព្រឹកឬល្ងាចនាំគ្នាមកអង្គុយលេង។ តែអ្វីដែលចប់អារម្មណ៍នោះ គាត់ឃើញសំរាមនៅមាត់ច្រាំងត្រូវបានគេយកមកបោះចោល ស្របពេលដែលទឹកទន្លេមេគង្គហក់ឡើងធ្វើឲ្យសំរាមទាំងនោះអណ្ដែតត្រៀមត្រាតែម្ដង ។

ពូពៅបានប្រាប់បន្តឱ្យដឹងទៀតថា ក្នុងនាមគាត់ជាប្រជាពលរដ្ឋម្នាក់គឺគោរពនិងការណែនាំរបស់អាជ្ញាធរសូម្បីតែដបទឹកបរិសុទ្ធមួយដបដែលដាក់តាមម៉ូតូមិនហ៊ានយកបោះចោលនៅទីនេះផង ព្រោះអាចបង្កទៅជាសំរាមពេលដែលមនុស្សនាំគ្នាបោះកាន់តែច្រើនឡើង ។ គាត់បញ្ជាក់បន្ថែមថា ប្រសិនបើតំបន់ទីនេះមានភាពស្រស់ស្អាតសម្រាមក៏គ្មាននោះបានលើកសោភណ្ឌភាពនៅទីធ្លាក្រោមដើមពោធិ៍ជាប់សាលាស្រុកកោះសូទិនកាន់តែល្អប្រសើរ។ តែគាត់មិនពេញចិត្តចំពោះទង្វើអ្នកបោះចោលសំរាមបែបនេះ គឺខ្មាស់ជនបរទេសគូរណាស់តែប្រមូលសំរាមទុកដាក់ឲ្យបានត្រឹមត្រូវ។

ចំណែកលោកយី វណ្ណៈ អភិបាលស្រុកកោះសូទិនវិញប្រាប់ឲ្យដឹងដែរថា តាមពិតទៅប្រជាពលរដ្ឋរស់នៅក្បែរតំបន់នេះឬក៏អ្នកលក់ដូរមួយចំនួនដែលខ្វះការយល់ដឹងបានយកសំរាមមុខបោះចោលនៅមាត់ទន្លេជាប់នឹងទីធ្លាក្រោមដើមពោធិ៍ ។ រូបលោកទទួលស្គាល់ថា មានពេលខ្លះអ្នកដែលមកអង្គុយលេងនៅទីនេះ ពេលទទួលទានអាហាររួចដោយមានសំរាមនៅក្នុងដៃមិនបានទុកដាក់ឲ្យបានត្រឹមត្រូវបែរជាមុខរបស់ចោលនៅមាត់ទន្លេទៅវិញ។ អាជ្ញាធរតែងតែក្រើនរំលឹកប្រាប់ពលរដ្ឋកុំឲ្យយកសំរាមមកបោះចោលនៅទីនេះតែមនុស្សមួយចំនួនតូចមិនស្ដាប់ការណែនាំនោះទេ។

ចែករំលែកព័តមាននេះ